កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីអេហ្ស៊ីប Fattah al-Sisi បានបដិសេធថា «ការឃោសនា» អះអាងដោយក្រុមបះបោររដ្ឋឥស្លាមថា ក្រុមនេះបានបាញ់ទម្លាក់យន្តហោះប្រតិកម្មរុស្ស៊ីមួយគ្រឿងឲ្យធ្លាក់នៅក្នុងឧបទ្វីប Sinai បណ្តាលឱ្យអ្នកជិះនៅក្នុងនោះចំនួន២២៤នាក់ស្លាប់ទាំងអស់គ្នា។
លោក Sisi បានមានប្រសាសន៍ប្រាប់វិទ្យុនិងទូរទស្សន៍អង់គ្លេស BBC ដោយប្រើអក្សរកាត់សម្គាល់ក្រុមរដ្ឋឥស្លាមថា «នៅពេលណាដែលមានការឃោសនាថាយន្តហោះនេះបានធ្លាក់ដោយសារក្រុម ISIS នេះជាវីធីមួយដើម្បីធ្វើឱ្យខូចខាតដល់ស្ថិរភាព សន្តិសុខ និងមុខមាត់នៃប្រទេសអេហ្ស៊ីប។»
លោកបាននិយាយថា «សូមជឿខ្ញុំចុះ ស្ថានការណ៍នៅក្នុង Sinai ជាពិសេសនៅក្នុងតំបន់មានកម្រិតនេះ ស្ថិតនៅក្នុងការត្រួតត្រាទាំងស្រុងរបស់យើង។»
នៅពេលជាមួយគ្នានេះ ក្រុមអ្នកស៊ើបអង្កេតនៅក្នុងប្រទេសអេហ្ស៊ីប បានចាប់ផ្តើមការពិនិត្យមើលប្រដាប់ថតទិន្នន័យនៃការហោះហើរ ដែលត្រូវបានរកឃើញពីកម្ទេចកម្ទីរនៃយន្តហោះធុន A-321 របស់ក្រុមហ៊ុនអាកាសចរណ៍ Metrojet ហើយក្រុមគ្រួសាររុស្ស៊ីក៏បានចាប់ផ្តើមដំណើរការដ៏សោកសៅក្នុងការកំណត់អត្តសញ្ញាណនៃសាកសពមនុស្ស១៤០នាក់ ដែលត្រូវបានដឹកទៅកាន់ក្រុង St. Petersburg។
មន្ត្រីរុស្ស៊ីនៃផ្នែកគ្រាមានអាសន្នម្នាក់បាននិយាយថា ជនរងគ្រោះ១០នាក់ក្នុងបណ្តាជនរងគ្រោះដោយសារការធ្លាក់យន្តហោះនេះ ត្រូវបានដឹងអត្តសញ្ញាណហើយ។
បន្ថែមពីលើនេះទៀតបំណែករាងកាយសាកសពជាង១០០នាក់ វត្ថុផ្ទាល់ខ្លួន និងឯកសារត្រូវបានរកឃើញនៅក្នុងកន្លែងរហោឋានធ្លាក់យន្តហោះនេះដែរ៕