ប្រទេសអង់គ្លេសបានបង្ហើបឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនមានការព្រួយកង្វល់កាន់តែខ្លាំងឡើងថា ការធ្លាក់យន្តហោះដឹកអ្នកដំណើររុស្ស៊ីកាលពីថ្ងៃសៅរ៍សប្តាហ៍មុនដែលបានសម្លាប់មនុស្សទាំងអស់២២៤នាក់នៅលើយន្តហោះនោះ គឺកើតឡើងដោយសារការដាក់គ្រាប់បែក។
ពួកអាជ្ញាធរអង់គ្លេសបានបញ្ជូនក្រុមជំនាញខាងអាកាសចរណ៍ទៅកាន់ចំណតអាកាសយានដ្ឋាននៅឯទីក្រុង Sharm El-Sheikh ដែលជាទីក្រុងលំហែរកាយនៃប្រទេសអាហ្ស៊ីប ជាទីដែលជើងហោះហើរទៅកាន់ទីក្រុង St. Petersburg បានចេញដំណើរ។ ពួកគេនឹងវាយតម្លៃពីសន្តិសុខនៅទីនោះ មុនពេលជើងហោះហើរណាមួយរបស់អង់គ្លេសនឹងត្រូវអនុញ្ញាតឲ្យចាកចេញពីតំបន់នោះ។
ការិយាល័យនាយករដ្ឋមន្រ្តី David Cameron បានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍ថា៖ «ខណៈដែលការស៊ើបអង្កេតនៅកំពុងបន្តធ្វើឡើងនៅឡើយ យើងមិនអាចដឹងពីមូលហេតុដែលបានធ្វើឲ្យយន្តហោះរុស្ស៊ីធ្លាក់នោះទេ។ ក៏ប៉ុន្តែ នៅពេលដែលព័ត៌មានជាច្រើនបានលេចឡើង យើងមានការព្រួយបារម្ភថា យន្តហោះនោះ អាចត្រូវបានទម្លាក់ដោយគ្រឿងផ្ទុះ»។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Josh Earnest អ្នកនាំពាក្យសេតវិមាន បានមានប្រសាសន៍ថា គ្មានយន្តហោះអាកាសចរណ៍សហរដ្ឋអាមេរិកណា បានហោះចេញពីឧបទ្វីបស៊ីណៃទេ។ ក៏ប៉ុន្តែ លោកបានកត់សម្គាល់ថា ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍របស់អាមេរិក បានព្រមានអស់រយៈពេលជាច្រើនខែហើយថា «អាកាសចរណ៍ទាំងនោះមានភាពគ្រោះថ្នាក់យ៉ាងខ្លាំងដោយសារសកម្មភាពជ្រុលនិយម ប្រសិនបើអាកាសចរណ៍ទាំងនោះហោះលើឧបទ្វីបស៊ីណៃនោះ»។
នៅខណៈនេះដែរ ក្រុមរដ្ឋឥស្លាមបានបន្តការអះអាងរបស់ខ្លួនថា ខ្លួនបានបាញ់ទម្លាក់យន្តហោះ Metrojet A321 នោះ៕