ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស៊ើបអង្កេត​រុស្ស៊ី​ថា លោក Prigozhin ពិតជា​បាន​ស្លាប់​នៅ​ក្នុង​ការធ្លាក់​យន្តហោះ​មែន


រូប​ថត​របស់​ម្ចាស់​ក្រុមហ៊ុន​យោធា​ឯកជន Wagner Group លោក Yevgeny Prigozhin ត្រូវបាន​ដាក់​នៅ​កន្លែង​រំឭក​វិញ្ញាណក្ខន្ធ​ក្រៅផ្លូវ​ក្រៅ​នៅក្បែរ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។
រូប​ថត​របស់​ម្ចាស់​ក្រុមហ៊ុន​យោធា​ឯកជន Wagner Group លោក Yevgeny Prigozhin ត្រូវបាន​ដាក់​នៅ​កន្លែង​រំឭក​វិញ្ញាណក្ខន្ធ​ក្រៅផ្លូវ​ក្រៅ​នៅក្បែរ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

អ្នក​ស៊ើប​អង្កេត​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ការ​ធ្វើ​តេស្ត​ហ្សេន​និង​កោសលវិច័យ​បាន​បង្ហាញ​ថា លោក Yevgeny Prigozhin ដែល​ជា​មេដឹកនាំ​ក្រុម​ទាហាន​ស៊ី​ឈ្នួល Wagner របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន គឺ​ស្ថិត​ក្នុង​ចំណោម​មនុស្ស ១០ នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​កាលពី​សប្ដាហ៍​មុន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

ទីភ្នាក់ងារ​អាកាសចរណ៍​រុស្ស៊ី​បាន​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​ពិតជា​បាន​បញ្ជាក់​ថា ​បញ្ជី​ឈ្មោះ​ដែល​ផ្សព្វផ្សាយ​ពី​មុន​អំពី​អ្នក​ដែល​ជិះ​នៅ​លើ​យន្តហោះ​នោះ​គឺ​ពិតជា​ត្រឹមត្រូវ និង​ថា ​លោក Prigozhin និង​អនុសេនីយ៍​ទោ​ជាន់​ខ្ពស់​ពីរ​នាក់​របស់​លោក​ គឺ​លោក Dmitry Utkin និង​លោក Valery Chekalov ដែល​ជា​អ្នក​រៀបចំ​ផែនការ​ភស្តុភារ​របស់​ក្រុម​ទាហាន Wagner គឺ​ស្ថិត​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង ១០ នាក់​នោះ។

កន្លង​មក​គេ​ឃើញ​មាន​ចម្ងល់​ខ្លះ ជាពិសេស​ពាក់ព័ន្ធ​នឹង​បណ្ដាញ Telegram ដែល​មាន​ទំនោរ​ទៅ​រក​ក្រុម​ទាហាន Wagner អំពី​ថា​ តើ​លោក Prigozhin ដែល​គេ​ដឹង​ថា​ មាន​ការ​ប្រយ័ត្នប្រយែង​ក្រែង​មាន​ការ​ប៉ុនប៉ង​សម្លាប់​ណា​មួយ​លើ​រូប​លោក ពិតជា​បាន​ជិះ​នៅ​លើ​យន្តហោះ​ដែល​ធ្លាក់​នោះ ​ឬ​ក៏​អត់។

មនុស្ស​លើក​សាកសព​ចេញ​ពី​បំណែក​យន្តហោះ​ឯកជន​ដែល​ធ្លាក់​នៅ​ក្បែរ​ភូមិ Kuzhenkino ក្នុង​តំបន់ Tver ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
មនុស្ស​លើក​សាកសព​ចេញ​ពី​បំណែក​យន្តហោះ​ឯកជន​ដែល​ធ្លាក់​នៅ​ក្បែរ​ភូមិ Kuzhenkino ក្នុង​តំបន់ Tver ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

យន្តហោះ​ឯកជន​ដែល​ជន​រងគ្រោះ​ទាំង​នោះ​ជិះ​ពី​ទីក្រុង​មូស្គូ​ទៅ​កាន់​ទីក្រុង St. Petersburg នេះ​បាន​ធ្លាក់​លើ​ទីវាល​មួយ​កន្លែង​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​នៅ​ក្នុង​តំបន់ Tyer នៅ​ភាគ​ពាយ័ព្យ​ទីក្រុង​មូស្គូ ដោយ​រូបភាព​វីដេអូ​បាន​បង្ហាញ​ថា​ មាន​ភ្លើង​ឆេះ​ខ្លាំងក្លា​នៅ​បំណែក​បាក់បែក​របស់​យន្តហោះ។

អាជ្ញាធរ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ​ថា ​តើ​ការ​ធ្លាក់​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី។ រដ្ឋាភិបាល​រុស្ស៊ី​បាន​លើកឡើង​ថា វា​គឺ​ជា «ការ​កុហក​ទាំងស្រុង» ដែល​ថា​ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​ឱ្យ​មាន​ការ​សម្លាប់​លោក Prigozhin ដើម្បី​ជា​ការ​ដាក់​ទោស​ចំពោះ​ករណី​ដែល​លោក Prigozhn ដឹកនាំ​ការ​បះបោរ​ពី​ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី ២៤ ខែ​មិថុនា​កន្លង​ទៅ​នេះ និង​ដឹកនាំ​ប្រតិបត្តិការ​ធ្វើ​ដំណើរ​រយៈពេល​ខ្លី​របស់​ក្រុម​ទាហាន Wagner ចេញ​ពី​អ៊ុយក្រែន​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​មូស្គូ មុន​ពេល​លោក Prigozhin បញ្ជា​ឱ្យ​បញ្ឈប់​ប្រតិបត្តិការ​នោះ។

អ្នក​នយោបាយ​និង​អ្នក​វិភាគ​បស្ចិម​ប្រទេស​នានា​បាន​បញ្ជាក់​ដោយ​មិន​បាន​បង្ហាញ​ភ័ស្តុតាង​ថា លោក Putin ដែល​បាន​ហៅ​ការ​បះបោរ​រយៈពេល​ខ្លី​របស់​លោក Prigozhin នោះ​ថា​ ជា«ការ​លួច​ចាក់​ពី​ក្រោយ​ខ្នង» បាន​រៀបចំ​ផែនការ​សម្ងាត់​ដើម្បី​សម្លាប់​លោក Prigozhin។

មុន​ពេល​ធ្វើ​ការ​បះបោរ​នេះ លោក Prigozhin បាន​រិះគន់​កាន់តែ​ខ្លាំង​ឡើង​ដោយ​បើក​ចំហ​លើ​អ្វី​ដែល​លោក​អះអាង​ថា ​ជា​ការ​ខ្វះខាត​ការ​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ​យោធា​រុស្ស៊ី​សម្រាប់​យុទ្ធជន​ក្រុម​ទាហាន Wagner និង​ការ​ខ្វះខាត​ការ​ផ្គត់ផ្គង់​សព្វាវុធ។ ក្រុម​ទាហាន Wagner បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​រុស្ស៊ី៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AP។

អត្ថបទ​ទាក់ទង

XS
SM
MD
LG