ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Lukashenko ថា​មេដឹកនាំ​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner ​មិន​ស្ថិត​នៅ​ក្នុង​បេឡារុស​ទេ


ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko ថ្លែង​នៅគេហដ្ឋាន​របស់​លោក​ក្នុង​រដ្ឋធានី Minsk កាលពីថ្ងៃទី​០៦ កក្កដា​​ ឆ្នាំ២០២៣។
ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko ថ្លែង​នៅគេហដ្ឋាន​របស់​លោក​ក្នុង​រដ្ឋធានី Minsk កាលពីថ្ងៃទី​០៦ កក្កដា​​ ឆ្នាំ២០២៣។

ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មេដឹកនាំ​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​លោក Yevgeny Prigozhin មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​បេឡារុស​ទៀត​ទេ ហើយ​ថា​លោក​បាន​ត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ​ហើយ។

លោក Prigozhin បាន​ទៅ​ប្រទេស​បេឡារុស​ដោយ​សារ​តែ​វា​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់​ការ​បះបោរ​ប្រដាប់​អាវុធ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ទាហាន​ស៊ីឈ្នួល​របស់​លោក​កាលពី​ខែ​មុន។

លោក​ប្រធានាធិបតី Lukashenko បាន​ជួយ​ធ្វើ​ឱ្យ​សម្រេច​បាន​កិច្ចព្រមព្រៀង​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ធានា​សន្ដិសុខ​សម្រាប់​លោក Prigozhin និង​ក្រុម​ទាហាន​របស់​លោក​ផង​ដែរ។ ​

លោក Lukashenko បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការណ៍​ដែល​លោក​អនុញ្ញាត​ឱ្យ​យុទ្ធជន​ Wagner មួយ​ចំនួន​ឈរ​ជើង​នៅ​ក្នុង​ប្រទេស​បេឡារុស​គឺ​នៅ​ដដែល។

លោក Lukashenko បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ឥឡូវ​នេះ គេ​នៅ​មិន​ទាន់​សម្រេច​អំពី​ការ​បញ្ជូន​ពួកគេ​និង​ការ​រៀបចំ​ថ្មីនៅ​ឡើយ​ទេ»។

លោក​បាន​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​ពិតជា​មិន​មាន​ការ​ព្រួយបារម្ភ​ទេ​អំពី​ការណ៍​ដែល​យើង​នឹង​ទទួល​យក​យុទ្ធជន​មួយ​ចំនួន»។

លោក Prigozhin និង​យុទ្ធជន​របស់​លោក​បាន​ធ្វើ​ការ​បះបោរ​ប្រដាប់​អាវុធ​កាល​ពី​ថ្ងៃទី ២៣ ខែមិថុនា ដើម្បី​ប្រឆាំង​នឹង​មេដឹកនាំ​យោធា​របស់​រុស្ស៊ី។

ពួកគេ​ដណ្ដើម​យក​បាន​ទីបញ្ជាការ​យោធា​នៅ​ក្រុង Roston-on-Don ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​រុស្ស៊ី មុនពេល​ដែល​ពួកគេ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​មូស្គូ។

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press​ ទីភ្នាក់ងារ​សារព័ត៌មាន Agence France-Presse និងទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG