មេដឹកនាំប្រទេសបេឡារុសលោក Alexander Lukashenko បាននិយាយកាលពីថ្ងៃអង្គារថាលោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner នៃប្រទេសរុស្ស៊ីបានទៅដល់ប្រទេសបេឡារុសហើយក្រោយបានធ្វើការបះបោររយៈពេលខ្លីនិងគ្មានជោគជ័យកាលពីដំណាច់សប្តាហ៍មុនប្រឆាំងនឹងការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន។
គេមិនបានដឹងជាភ្លាមៗអំពីថាតើលោក Prigozhin ឋិតនៅទីណាក្នុងប្រទេសបេឡារុសទេ ថាតើមានយុទ្ធជនប៉ុន្មាននាក់បានទៅជាមួយលោកឬថាតើលោកគ្រោងឋិតនៅទីនោះរយៈពេលប៉ុន្មានទេ។ កាលពីថ្ងៃសៅរ៍មុន លោក Lukashenko ដែលជាសម្ព័ន្ធមិត្តរបស់លោក Putin បានធ្វើការចរចាឱ្យមានការការចាកចេញរបស់លោក Prigozhin ទៅប្រទេសបេឡារុសក្រោយពីលោក Prigozhin បានដឹកនាំយុទ្ធជនលោករាប់ពាន់នាក់ចេញពីប្រទេសអ៊ុយក្រែនតាមក្បួនកុងវ័រឡានទាហានទៅកាន់ក្រុងមូស្គូនៅមុនលោកបញ្ឈប់ការជម្រុលទៅមុខនេះនៅមុនពេលប្រឈមនឹងក្រុមទាហានរដ្ឋាភិបាលរុស្ស៊ីនៅជាយរដ្ឋធានីប្រទេសរុស្ស៊ី។
លោក Putin បានសន្យាអំពីសុវត្ថិភាពរបស់លោក Prigozhin នៅក្នុងប្រទេស
បេឡារុស ហើយបើតាមបណ្តាញព័ត៌មានរដ្ឋបេឡារុសថា លោក Lukashenko បានសុំកុំឱ្យលោក Putin សម្លាប់លោក Prigozhin៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។