ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា លោកនឹងមិន«សុំទោស»ចំពោះការថ្លែងជាសាធារណៈនាពេលថ្មីៗនេះដែលថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «មិនអាចកាន់អំណាច»បានទៀតនោះទេដោយលោកបញ្ជាក់ថា នេះជាការ«បង្ហាញនូវកំហឹងរបស់លោក» និងមិនមែនជាការអំពាវនាវឲ្យមានការផ្លាស់ប្តូររបបដឹកនាំនៅក្នុងទីក្រុងមូស្គូនោះឡើយ។
លោកបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមាននៅថ្ងៃចន្ទម្សិលមិញថា៖ «មនុស្សដូចនេះ មិនគួរដឹកនាំប្រទេសនោះឡើយ ប៉ុន្តែគេនៅតែដឹកនាំ។ ក៏ប៉ុន្តែ ពាក្យទាំងនេះ មិនមែនមានន័យថា ខ្ញុំមិនអាចបញ្ចេញកំហឹងលើរឿងនឹងនោះបានទេ»។
លោក បានបន្តទៀតថា៖ «ខ្ញុំមិនបានជំរុញឲ្យមានការផ្លាស់ប្តូរគោលនយោបាយនោះឡើយ»។
លោក Biden បានថ្លែងអំពីលោក Putin នៅពេលជួបជាមួយក្រុមជនភៀសខ្លួនអ៊ុយក្រែននិងអ្នកស្ម័គ្រចិត្តអន្តរជាតិនៅក្នុងប្រទេសប៉ូឡូញកាលពីថ្ងៃសៅរ៍កន្លងទៅដែលការលើកឡើងរបស់លោកនេះធ្វើឲ្យមានភាពចម្រួងចម្រាសនៅក្នុងសហរដ្ឋអាមេរិកនិងធ្វើឲ្យសម្ព័ន្ធមិត្តរបស់អាមេរិកនៅអឺរ៉ុបខាងលិចមួយចំនួនមានការភ្ញាក់ផ្អើលពីរឿងនេះ។
លោក Biden បានថ្លែងខណៈដែលបដិសេធអំពីទស្សនៈដែលថា ការថ្លែងរបស់លោកអាចបង្កើនភាពតានតឹងជុំវិញសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននោះថា «ខ្ញុំមិនមានបំណងទាល់តែសោះ ក្នុងការចូលរួមធ្វើសង្គ្រាមលើដីឬសង្គ្រាមនុយក្លេអ៊ែរមួយនឹងរុស្ស៊ី»។
សុន្ទរកថាកាលពីថ្ងៃសៅរ៍៖
ទន្ទឹមនឹងនេះដែរ កងទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បានបញ្ឈប់ការរុលទៅមុខទៅកាន់រដ្ឋធានីកៀវរបស់អ៊ុយក្រែនដោយទំនងដូចជាផ្តោតទៅលើតំបន់នៅភាគខាងកើតអ៊ុយក្រែនវិញ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកមួយរូប។
មន្រ្តីអាមេរិករូបនេះដែលបានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «ច្បាស់ណាស់ កងទ័ពរុស៊្សី មិនព្យាយាមរុលទៅមុខឆ្ពោះទៅកាន់ទីក្រុងកៀវនោះទៀតឡើយ។ អ្វីដែលយើងកំពុងឃើញនោះគឺថា ពួកគេបន្តផ្តល់អាទិភាពឡើងវិញនៅក្នុងតំបន់ Donbas»។
ដោយឡែកក្រសួងការពារជាតិអង់គ្លេសវិញនិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ក្រុមហ៊ុនទាហានស៊ីឈ្នួលឯកជនរបស់រុស្ស៊ីមួយឈ្មោះ Wagner Group បានដាក់ពង្រាយកម្លាំងនៅតំបន់ភាគខាងកើតអ៊ុយក្រែន៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters