ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

រុស្ស៊ី​មិន​បាន​​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​តុលាការ​អន្តរជាតិ​ ​ពាក់​ព័ន្ធ​នឹង​ជម្លោះ​​អ៊ុយក្រែន


ទៀន​ត្រូវ​គេ​ដាក់​នៅ​លើ​ស្មៅ​ដោយ​មាន​សរសេរ​ថា «លោក Putin ចេញ​មក» នៅ​មុខ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​ទី​ក្រុង​ឡាអេ​ប្រទេស​ហូឡង់ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២។

រុស្ស៊ី​ បាន​ខកខាន​មិន​បង្ហាញ​វត្តមាន​នៅ​ក្នុង​សវនាការ​ដ៏​សំខាន់​មួយ​នៅ​ឯ​តុលាការ​អន្តរជាតិ ដែល​មាន​គោល​បំណង​បញ្ឈប់ការ​ប្រយុទ្ធ​គ្នា​តាមរយៈ​ផ្លូវ​ច្បាប់ ដែល​ការ​ប្រយុទ្ធ​នេះ​បង្កើត​ឲ្យ​មាន​វិបត្តិ​ជនភៀស​ខ្លួនដ៏​ធំ​បំផុត​ក្នុង​ទ្វីប​អឺរ៉ុប​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំកន្លង​ទៅ។ បញ្ហា​ដែល​ស្ថិត​ក្នុងសំណុំ​រឿង​នេះ ​គឺការ​អះអាង​របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin អំពី​អំពើ​ប្រល័យ​ពូជសាសន៍ ដែល​លោក​បាន​យក​មក​ធ្វើ​ជា​ហេតុ​ផល​សំអាង​ដើម្បី​ឈ្លានពាន​ប្រទេសអ៊ុយក្រែន។

កៅអីដែល​ត្រូវ​បាន​ត្រៀម​ទុក​សម្រាប់​ក្រុម​អ្នក​ច្បាប់​រុស្ស៊ី​នៅ​ទំនេរ​ នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ អវត្តមាន​របស់ភាគី​រុស្ស៊ី នៅ​ក្នុង​សវនាការ​នេះ​ ​ បានផ្ដល់​ប្រៀប​យ៉ាង​ខ្លាំងទៅ​ឲ្យ​ប្រេសិត​មក​ពី​ភាគី​អ៊ុយក្រែន គឺ​លោក Anton Korynevych ដែល​បាន​លើក​ឡើង​សំអាង​ហេតុ​ជា​ច្រើន​ដើម្បីការពារ​ប្រទេស​របស់​លោក​ ប្រឆាំង​នឹង​ទីក្រុង​មូស្គូ នៅ​ឯ​ស្ថាប័នតុលាការដែល​មាន​មូលដ្ឋាន​នៅ​ក្នុងទីក្រង​ឡាអេ​មួយ​នេះ។

លោក ​បាន​ថ្លែង​ដូច្នេះ​ថា៖ «ការ​ដែល​ភាគីរុស្ស៊ី​អវត្តមាន​នៅ​ពេល​នេះ វា​ជា​ការ​បញ្ចាក់យ៉ាង​ច្បាស់​មួយ។ ពួក​គេ​មិន​ចូលរួម​ក្នុងតុលាការ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ មាន​ន័យ​ថា​ ពួកគេ​កំពុង​ជាប់​ដៃ​ធ្វើ​សង្គ្រាម​នៅ​ឯ​សមរភូមិ​ ប្រឆាំង​នឹង​ប្រទេស​របស់​ខ្ញុំ»។

លោក Anton Korynevych តំណាង​ប្រធានាធិបតី​អ៊ុយក្រែន និង​លោកស្រី Oksana Zolotaryova ប្រធាន​ផ្នែកច្បាប់​អន្តរជាតិ​នៃ​ក្រសួង​ការ​បរទេស​អ៊ុយក្រែន ថ្លែង​នៅ​ខាង​ក្រៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ទី​ក្រុង​ឡាអេ​ប្រទេស​ហូឡង់ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២។
លោក Anton Korynevych តំណាង​ប្រធានាធិបតី​អ៊ុយក្រែន និង​លោកស្រី Oksana Zolotaryova ប្រធាន​ផ្នែកច្បាប់​អន្តរជាតិ​នៃ​ក្រសួង​ការ​បរទេស​អ៊ុយក្រែន ថ្លែង​នៅ​ខាង​ក្រៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ទី​ក្រុង​ឡាអេ​ប្រទេស​ហូឡង់ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២។

តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​ជា​តុលាការ​ជាន់​ខ្ពស់​បំផុត​សម្រាប់​ដោះស្រាយ​ជម្លោះ​តាម​ផ្លូវ​ច្បាប់ រវាង​រដ្ឋ​និង​រដ្ឋ។ ប្រទេស​រុស្ស៊ី ត្រូវ​គេ​រំពឹង​ថា​នឹង​ដាក់​បង្ហាញនូវអំណះ​អំណាងរបស់​ខ្លួន​កាលថ្ងៃ​អង្គារ ប៉ុន្តែ​ពួក​គេ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ប្រទេស​រុស្ស៊ី​មិន​បាន​ចូលរួម​ក្នុងសវនាការ​នេះ​ទេ​ ​កាល​ពី​ថ្ងៃ​ចន្ទ។

ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin បាន​អះអាង​ថា លោក​បាន​ឈ្លានពាន​អ៊ុយក្រែន​ដើម្បី​ការពារ​ពលរដ្ឋ​ដែល​ទទួល​រង​ការ​រំលោភបំពាន និង​អំពើ​ប្រល័យ​ពូជសាសន៍ នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។ ទាំង​រុស្ស៊ី និង​អ៊ុយក្រែន​ គឺ​ជា​ប្រទេស​ដែល​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ស្ដីពី​អំពើ​ប្រល័យ​ពូជសាសន៍​អន្តរជាតិ។ អ្នក​ឯកទេស​ខាង​អំពើ​ប្រល័យ​ពូជសាសន៍​បាន​ថ្លែង​ថា ការ​អះអាង​របស់​លោក​ Putin គឺជា​ការ​អះអាង​ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ហើយ​ស្មាក្ដី​ជនជាតិ​បារាំង​ដែល​ការពារ​ក្ដី​ឲ្យ​ភាគី​រុស្ស៊ី បាន​លាឈប់​ និង​បាន​ចោទ​ប្រកាន់​ទីក្រុង​មូស្គូ​ថា បាន​រំលោភ​ច្បាប់។

ប្រទេស​អ៊ុយក្រែន ចង់​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ប្រើ​ប្រាស់​ «វិធានការ​បណ្ដោះ​អាសន្ន» តាម​ការ​ស្នើ​សុំ​របស់​ខ្លួន ជា​វិធី​ដើម្បី​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា។ វិធានការ​ទាំង​នោះ មាន​គោលដៅ​រារាំង​មិន​ឲ្យ​ស្ថានភាព​បច្ចុប្បន្ន ​វិវត្ត​ទៅ​ដល់​កម្រិត​មួយ​ដែល​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត។​

លោក Korynevych បាន​ថ្លែង​បន្តទៀត​ថា៖ «រុស្ស៊ី​ ត្រូវ​តែ​បញ្ឈប់​ ហើយ​តុលាការ​នេះ​មាន​តួនាទីក្នុង​ការ​បញ្ឈប់​ការ​ឈ្លានពាន​នេះ។ នេះ​ជា​មូលហេតុ​ដែល​ពលរដ្ឋ​នៅ​អ៊ុយក្រែន​ រដ្ឋាភិបាល​អ៊ុយក្រែន និង​ប្រធានាធិបតី អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ស្នើ​ដោយ​ការ​គោរព ​ទៅដល់​តុលាការ​នេះ​ ដើម្បី​ផ្តល់​តាម​ការ​ស្នើ​សុំ​របស់​យើងខ្ញុំ​ជាបន្ទាន់​ ក្នុង​ការ​ដាក់​ចេញនូវ​វិធានការ​បណ្ដោះអាសន្ន​មួយ​ចំនួន»។

ស្ត្រី​ម្នាក់​រុំ​ខ្លួននឹង​ទង់ជាតិ​អ៊ុយក្រែននិង​ស្រែក​តាម​ឧគ្ឃោសនស័ព្ទក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​មុខ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២។
ស្ត្រី​ម្នាក់​រុំ​ខ្លួននឹង​ទង់ជាតិ​អ៊ុយក្រែននិង​ស្រែក​តាម​ឧគ្ឃោសនស័ព្ទក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​មុខ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២។

ក្រុម​អ្នកច្បាប់​អ៊ុយក្រែន ក៏​បាន​ព្រមាន​ផងដែរ​ថា ការ​សម្រេច​របស់​តុលាករ​នឹង​មាន​ផល​ជះ​ត្រឡប់​មក​វិញ​យ៉ាង​ទូលំ​ទូលាយ​ ដោយ​ពួក​គេ​ព្យាករណ៍​ថា ជម្លោះ​នេះ​នឹង​បន្សល់​ទុក​នូវ​ផលប៉ះ​ពាល់​លើ​មនុស្សជាតិ​ និង​បរិស្ថានក្នុង​រយៈ​ពេល​យូរ​ទៅ​មុខ​ទៀត។

មេធាវី​ការពារ​ក្តី​ប្រទេសអ៊ុយក្រែន​បាន​ថ្លែង​ថា៖ «យើង​ខ្ញុំ​សូម​ជម្រាប​ដល់​តុលាការ​ថា នៅ​មិន​ដល់ ២​សប្ដាហ៍​ទៀត​ទេ ករណី​នេះ​នឹង​កាន់​តែ​រីក​ធំ​ជាង​បញ្ហា​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​ទៅ​ទៀត។ វា​នឹង​ក្លាយ​ជា​ការ​សាក​ល្បង​មួយ​ ថា​តើ​នរណា​ជា​អ្នក​ឈ្នះ​ ប្រទេសរុស្ស៊ី ឬ​ក៏​សណ្ដាប់​ធ្នាប់​ផ្លូវ​ច្បាប់​អន្តជាតិ​នៅ​ក្រោយ​សង្គ្រាម​ជា​អ្នក​ឈ្នះ»។

ក្រៅ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ ស្ថានប័ន​អន្តរជាតិ​ផ្សេងៗ​ទៀត​ ក៏​កំពុង​បន្ថែម​ទម្ងន់​ទៅ​លើ​ជម្លោះ​នេះ​ដែរ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC ​កំពុង​ស៊ើប​អង្កេត​លើ​លោក​ Putin ដែល​អាចជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ក្រុមប្រឹក្សាអឺរ៉ុប ដែល​ជា​ស្ថានប័ន​សិទ្ធិ​មនុស្ស​ធំជាង​គេ​នៅ​ក្នុង​តំបន់​មាន​មូលដ្ឋាន​នៅ​ទីក្រុង Strasbourg ប្រទេស​បារាំង ក៏​បាន​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ី​នៅ​ក្នុង​ក្រុមប្រឹក្សា​នេះ​ផងដែរ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​ ​រំពឹង​ថា​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​ប្រទេសអ៊ុយក្រែន​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ៕

ប្រែ​សម្រួល​ដោយ​ នៀម​ ឆេង​

XS
SM
MD
LG