រុស្ស៊ីនិងចិនបានអំពាវនាវដល់សហគមន៍អន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ឲ្យបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងជាការលើកទឹកចិត្តចំពោះប្រទេសនេះដែលធ្វើមិនឲ្យគ្មានអាវុធនុយក្លេអែរ។
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិនបានប្រាប់កិច្ចប្រជុំជាន់ខ្ពស់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសកូរ៉េខាងជើងថា «ចិនជឿជាក់យ៉ាងមុតមាំថា ការគាបសង្កត់មិនមែនជាការបញ្ចប់ទេ។ ទាំងការអនុវត្តការដាក់ទណ្ឌកម្មនិងការស្វែងរកដំណោះស្រាយខាងនយោបាយមានសារៈសំខាន់ស្មើគ្នានៅក្រោមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ»។
លោករដ្ឋមន្រ្តីការបរទេសចិនបានជំរុញឲ្យក្រុមប្រឹក្សាដែលមានប្រទេស១៥ជាសមាជិកពិចារណាប្រើមាត្រានៅក្នុងសេចក្តីសម្រេចដែលអនុញ្ញាតិឲ្យកែប្រែការដាក់ទណ្ឌកម្មនេះ។
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានគាំទ្រសំណើររបស់ចិន។
លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «វិធានការរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឆ្ពោះទៅកាន់ការរុះរើអាវុធបន្តិចម្តងៗត្រូវតែកើតមានឡើងបន្ទាប់ពីការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម។ លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ីបាននិយាយទៀតថា ការអំពាវនាវរបស់ប្រទេសលោកខាងលិចឲ្យរក្សាការដាក់ការគាបសង្កត់លើកូរ៉េខាងជើងហាក់ដូចជាមិនសាកសមនិងមិនចំពេលវេលាដោយសារតែឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងចាត់វិធានការដ៏សំខាន់ឆ្ពោះទៅកាន់ការធ្វើមិនឲ្យមានអាវុធនុយក្លេអែរនោះទេ។
លោក Lavrov បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខត្រូវតែបញ្ជូនសញ្ញាវិជ្ជមានមួយទៅកាន់កូរ៉េខាងជើងហើយលោកបានសួរថាតើហេតុអ្វីបានជាសមាជិកក្រុមប្រឹក្សាសន្តិសុខខ្លះបដិសេធពុំព្រមធ្វើដូច្នេះ៕