លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានថ្លែងថាលោកនឹងរៀបចំជំនួបកំពូលជាលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្នុងពេលឆាប់ៗនេះ។
លោក Trump បានថ្លែងដូច្នេះនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទម្សិលមិញ។ លោកក៏បានថ្លែងផងដែរថារដ្ឋបាលរបស់លោកបានធ្វើឲ្យមានការវិវត្តន៍យ៉ាងខ្លាំងអំពីបញ្ហាកូរ៉េខាងជើង។
លោក Trump បានថ្លែងថា «យើងមានទំនាក់ទំនងយ៉ាងល្អជាមួយកូរ៉េខាងជើង។ យើងបានឯកភាពគ្នាលើបញ្ហាជាច្រើន។ យើងប្រហែលជានឹងមានជំនួបកំពូលលើកទីពីរក្នុងពេលឆាប់ៗខាងមុខនេះ»។
លោក Trump ក៏បានលើកឡើងអំពីលិខិតដែលលោក Kim បានផ្ញើឲ្យលោកនាពេលថ្មីៗនេះ ដែលក្នុងនោះកូរ៉េខាងជើងបានស្នើឲ្យមានការជួបគ្នាជាលើកទីពីរ។
លោក Trump បានថ្លែងបន្តថា «យើងនឹងរៀបចំតាមការស្នើនេះ។ លោករដ្ឋមន្ត្រីការបរទេស Mike Pompeo នឹងរៀបចំជំនួបនេះក្នុងពេលឆាប់ៗនេះ។ វាហាក់ដូចជាមានការវិវត្តន៍ទៅយ៉ាងល្អ»។
អត្ថាធិប្បាយរបស់លោក Trump បានធ្វើឡើងបន្ទាប់ពីលោកធ្លាប់បាននិយាយនៅឯមហាសន្និបាតអង្គការសហប្រជាតិកាលពីឆ្នាំមុនថានឹងបំផ្លាញកូរ៉េខាងជើងទាំងស្រុង និងបានហៅលោក Kim ថាជាបុរសរ៉ុក្កែត។
ចាប់តាំងពីពេលនោះមកលោក Trump បាននិយាយសម្រាលអំពីកូរ៉េខាងជើងវិញ។ បន្ទាប់ពីជំនួបកំពូលជាមួយលោក Kim កាលពីខែមិថុនាមក លោក Trump បានទទូចឲ្យមានកិច្ចព្រមព្រៀងពីកូរ៉ខាងជើង ដើម្បីឲ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ក៏ប៉ុន្តែបើទោះបីជាចំណងទាក់ទងរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកមានភាពប្រសើរឡើងក៏ដោយ ក៏គ្មានការជឿជាក់ថាកូរ៉េខាងជើងនឹងចាត់វិធានការរុះរើមជ្ឈមណ្ឌលនុយក្លេអ៊ែររបស់ខ្លួននោះដែរ៕