ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​កូរ៉េខាងជើង​និង​អ៊ីរ៉ង់​ទំនង​ជា​នឹង​ត្រូវ​លើក​យក​មក​និយាយ​ដោយ​លោក​ត្រាំ​ក្នុង​មហា​សន្និបាត​អ.ស.ប


រូបឯកសារ៖ លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក្នុង​ជំនួប​នៅប្រទេស​សិង្ហបុរី កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៨។
រូបឯកសារ៖ លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក្នុង​ជំនួប​នៅប្រទេស​សិង្ហបុរី កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៨។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ នឹង​ចូល​រួម​មហា​សន្និបាត​នៅ​ឯ​ង្គការ​សហ​ប្រជា​ជាតិ​នៅ​ថ្ងៃ​ចន្ទ​ ខាង​មុខ​នេះ​ ដែល​ជា​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​រវាង​មេដឹកនាំ​នានា​នៅ​ជុំវិញ​ពិភព​លោក។

​បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួន​ជា​អន្តរជាតិ​កាល​ពី​ឆ្នាំ​មុន​ដែល​ពេល​នោះ​លោក​បាន​គំរាម​ថា​នឹង​«បំផ្លាញ​ប្រទេស​កូរ៉េ​ខាង​ជើង​ទាំង​ស្រុង»​នោះ​ នៅ​ក្នុង​ឆ្នាំ​នេះ​មនុស្ស​ជា​ច្រើន​កំពុង​ចង់​ដឹង​ថា​តើ​ប្រធានបទ​អ្វី​ដែល​លោក ត្រាំ​ នឹង​លើក​យក​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ឆ្នាំ​នេះ​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ។

​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ លោក ត្រាំ​ បាន​ផ្ទុះ​សង្គ្រាម​ពាក្យ​សម្តី​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម ជុងអ៊ុន​ ដែល​ពេល​នោះ​លោក ត្រាំ​ បាន​ហៅ​លោក គីម ថា​ជា​បុរស​រ៉ូកែត​ ហើយ​លោក គីម​ បាន​ឆ្លើយ​តប​មក​វិញ​ដោយ​ហៅ​លោក ត្រាំ​ ថា​ជា​មនុស្ស​ចាស់​ល្ងីល្ងើ។ បន្ទាប់​មក​ទៀត​ភាពតាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ថយ​ចុះ​ហើយ​មេដឹក​នាំ​ទាំង​ពីរ​បាន​ជួប​ចរចា​ទល់​មុខគ្នា​អំពី​ការបំបាត់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

ទោះ​ជា​យ៉ាង​ណា​ក្តី​ បញ្ហា​ប្រទេស​អ៊ីរ៉ង់​ទំនង​ក្លាយ​ជា​ប្រធានបទ​មួយ​របស់​លោក ត្រាំ ដែល​នឹង​ត្រូវ​លើក​យក​មក​និយាយ​នៅក្នុង​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក​រដ្ឋមន្រ្តី​ការបរទេស Pompeo បាន​ប្រាប់​សារព័ត៌មាន ​Fox News​ កាល​ពី​ថ្ងៃពុធ ថា​ រដ្ឋបាល​លោក ត្រាំ កំពុង​ធ្វើ​ការងារ​ដើម្បី​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ក្លាយ​ជា​ប្រទេស​គោរព​ច្បាប់ ​និង​ឈប់​ធ្វើ​ជា​ប្រទេស​ដែល​គាំទ្រ​ពួកភេរវកម្ម​តទៅ​ទៀត។
លោក​ស្រី​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ Nikki Haley តែង​តែ​ថ្កោល​ទោស​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ថា​បាន​ដើរ​តួនាទី​បង្ក​អស្ថិរភាព​នៅ

ប្រទេស​ស៊ីរី​ យេម៉ែន​ និង​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​ Hamas​ និង​ក្រុម Hezbollah។ លោក​ស្រី​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា «អ៊ីរ៉ង់​នៅ​តែ​ជា​បញ្ហា។ ​រាល់​គ្រោះ​ថ្នាក់​ដែល​បាន​កើតឡើង​នៅ​ជុំវិញ​ពិភពលោក ហាក់​បង្ហាញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់»៕

XS
SM
MD
LG