ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន​ ប្រាប់​មន្ត្រី​CNRP​ថា​ចង់​ធ្វើ​នយោបាយ​វិញ​ត្រូវ​សុំទោស


រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក​ ​ហ៊ុន សែន​ ​​​ចូលរួមមហា​សន្និបាត​បក្ស​​ដែល​មាន​រយៈពេល​បីថ្ងៃ​ ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។⁣ (រូបដកស្រង់ពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក​ ​ហ៊ុន សែន​ ​​​ចូលរួមមហា​សន្និបាត​បក្ស​​ដែល​មាន​រយៈពេល​បីថ្ងៃ​ ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។⁣ (រូបដកស្រង់ពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

ស្រប​ពេល​ដែល​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដែល​បើក​ផ្លូវ​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង​ចំនួន​១១៨​រូប​ចូល​ធ្វើ​នយោបាយ​វិញ​បាន ​នឹង​ត្រូវ​ដាក់​ឲ្យប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ នៅ​ថ្ងៃពុធ​នេះ​ ​បាន​បង្ហាញវិធី​បី​យ៉ាង​ដល់មន្រ្តី​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការ​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​ទាំង​១១៨​រូប​ ​ក្នុង​ការ​ស្នើ​ឲ្យ​មាន​ការ​លើក​លែង​បម្រាម​នោះ​។

លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជាដ៏​មាន​អំណាច​ ក៏​បាន​ឌឺដង ​និងព្រមាន​វាយ​ខ្នោះ​លោក​ ​សម រង្ស៊ី​ ​ប្រសិន​បើ​មេដឹកនាំ​ក្រុម​ជំទាស់​រូបនេះ​ហ៊ាន​ជាន់​ដី​ខ្មែរ។​

ថ្លែងក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី​ ​មកពី​ខេត្ត​កំពង់​ស្ពឺ​ ​និង​ខេត្ត​កណ្តាល​ ​នា​ព្រឹក​ថ្ងៃ​ទី​ ២៦ ខែ ​ធ្នូ ឆ្នាំ ​២០១៨ ​នេះ ​លោក​នាយក​រដ្ឋមន្រ្តីលើក​ឡើង​ថា​ ​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណ​បក្ស​នយោបាយ​ ​ដែល​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណបក្ស​សង្គ្រោះជាតិ​ទាំង​១១៨​នាក់​ ​អាច​ចូល​ធ្វើ​នយោបាយ​វិញ​នោះ​ ​បាន​ឆ្លងផុត​ព្រឹទ្ធសភា​នៅ​សប្តាហ៍​នេះ​ ​ដែល​លោក​ថា​វិសោធ​ន​កម្ម​ច្បាប់​នេះ​ធ្វើ​ឡើង​សម្រាប់គណបក្ស​នយោបាយ​ទាំងអស់​នៅ​កម្ពុជា។​ ​លោក​បន្ត​ថា ​វិសោធនកម្ម​ច្បាប់​នេះ​ មិន​អាច​ឲ្យ​អ្នក​នយោបាយ​ដែល​មាន​ទោស​អាច​រួច​ទោស​ ​ឬ​អ្នក​នយោបាយ​ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ​អាច​រួច​ផុត​ពី​បម្រាម​ដោយ​ស្វ័យ​ប្រវត្តិ​បាន​នោះ​ទេ។​

លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​កាន់អំណាច​ជាង​បី​ទសវត្សរ៍មក​ហើយ​នោះ​បន្ថែម​ថា ​អ្នក​ជាប់​បម្រាម​នយោបាយ​ទាំងនោះ​ ​ត្រូវ​ស្នើ​សុំ​ឲ្យ​មាន​ការលើកលែង​ម្តង​ម្នាក់​ ​ដោយ​ការ​ស្នើ​អាច​ធ្វើ​ឡើង​តាម​រយៈ​ការ​ស្នើ​ទៅ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​ដើម្បី​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ស្នើ​ទៅ​នាយករដ្ឋមន្រ្តី​ ដើម្បី​បន្ត​ស្នើ​ទៅ​ព្រះ​មហា​ក្សត្រ។​ ​ជម្រើស​ទី២​ ​ត្រូវ​ស្នើ​ទៅ​នាយករដ្ឋមន្រ្តី​ផ្ទាល់​ ​និង​ជម្រើស​ទីបី​ ​គឺ​ស្នើ​ទៅព្រះ​មហា​ក្សត្រ​ដើម្បី​សុំ​ឲ្យ​មានការ​លើក​លែង។​

លោក​នាយករដ្ឋមន្រ្តី​ក៏​បាន​ព្រមាន​មន្រ្តី​បក្ស​ប្រឆាំង​ដែល​ជាប់​បម្រាម​ ​តែ​បាន​ប្រកាស​ថា​មិន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​យ៉ាង​ដូច្នេះ​ថា៖​

«អ្នក​ដែល​មិន​សុំ​ ​អ្នក​ក៏​នឹងមិន​បាន​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​ដែរ។​ ​អ្នក​ជ្រើស​រើស​ទៅ​រវាង​ម្ខាង​អ្នក​សុំ​ ​អ្នក​នឹង​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ឥឡូវ​ ​រៀបចំ​កម្លាំង​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២។​ ​ប៉ុន្តែ​បើ​សិន​ជា​អ្នក​នៅ​ជាប់​បម្រាម ​អ្នក​ហ៊ាន​ធ្វើ​នយោបាយ​ ​អ្នក​នឹង​ទទួល​ទោសបន្ថែម​ទៀត។​ ​អ្នក​គិត​មើល​ទៅ​ចំណេញ​ខាត​នៅ​កន្លែង​ណា​អ្នក​គិត​មើល​ទៅ»។​

លោក​ ​អ៊ូ ច័ន្ទរ័ត្ន​ ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​និង​ជា​ជន​ម្នាក់​ដែល​ត្រូវ​បាន​ព្យួរ​សិទ្ធិ​នយោបាយ​ដែរ​នោះ​ ​ប្រាប់​ ​VOA ​នា​ រសៀល​ថ្ងៃ​ពុធ​នេះ​ថា​លោក​ ​រួម​នឹង​មន្រ្តី​ជាន់​ខ្ពស់​ផ្សេង​ទៀត​ ​នឹង​មិន​ស្នើ​ឲ្យ​មានការ​លើកលែង​ណាមួយ​ឡើយ។​ ​លោក​បន្ថែម​ថា ​ការ​ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្រ្តី​ទាំង​១១៨​រូប​ ​គឺ​ធ្វើ​ឡើង​ជា​កញ្ចប់​ ​ដូច្នេះ​លោក​ថា​ការ​លើកលែង​បម្រាម​នោះ​ ​ក៏​ត្រូវ​តែ​ធ្វើ​ឡើង​ជា​កញ្ចប់​ដោយ​ឥត​លក្ខខណ្ឌ​ផង​ដែរ។

លោក​បញ្ជាក់​ថា៖​

«បើសិនជា​ច្បាប់​ហ្នឹង​ចេញ​ហើយ​ ហើយ​តម្រូវ​ឲ្យ​ដាក់​ម្នាក់ៗ​អញ្ចឹង​ជា​បុគ្គល​ឯកជន​មួយៗ​នេះ​ ​ខ្ញុំ​បារម្ភ​ក្រែង​លោ​អត់​មាន​អ្នក​ដាក់​ស្នើ​សិទ្ធិ​នយោបាយ​មក​វិញ។​ ​ហើយ​បើសិនជា​អត់​មាន​អ្នក​ដាក់​ស្នើ​ទេ​ ​ច្បាប់​នឹង​ធ្វើ​ហើយ​មិន​បាន​ជា​ប្រយោជន៍​ដោះស្រាយ​នយោបាយ​ទេ»។​

នៅ​ព្រឹក​នេះ​ដែរ លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​ ក៏​បាន​ប្រកាស​ត្រៀម​ខ្នោះ​និង​ពន្ធនាគារ​ដើម្បី​ដាក់​លោក​ ​សម រង្ស៊ី​ ​មេដឹកនាំ​ចលនា​សង្រ្គោះ​ជាតិ​ ​និង​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ពេល​ដែល​លោក សម រង្ស៊ី​ ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ។

លោក​បញ្ជាក់ដោយ​មិន​ចំ​ឈ្មោះ​ ​តែ​សំដៅ​លើ​លោក​ ​សម រង្ស៊ី​ ​ថា៖​

«ខ្ញុំ​បាន​ប្រាប់​អាកាសចរណ៍​ស៊ីវិល កុំ​ហាមឃាត់​ក្នុង​ការ​ដឹក​អា​ចង្រៃ​នេះ​ចូល​ស្រុក ព្រោះ​យើង​ត្រូវ​ដាក់​ខ្នោះ​វា​ ​ព្រោះ​យើង​តាម​ចាប់​វា​យូរ​ហើយ​ចាប់​មិន​បាន​ ​ឥឡូវ​វា​មក​ឲ្យ​យើង​ចាប់​ហើយ រឿង​អី​វា​មិន​ស្រួល។​ ​សូម​អញ្ជើញ​ចូល​មក​ ​ខ្ញុំ​ក៏​បាន​ត្រៀម​ខ្លួន​ហើយ​ដែរ​ ​ប៉ុន្តែ​បើ​សិន​អ្នក​ឯង​មិន​មក​ក្រោយ​ថ្ងៃ ០១ ខែ ​មីនា​ ​ដែល​ជា​ឱសានវាទ​នៃ​ការភ្នាល់​ ​គឺ​អ្នក​ឯង​ជា​សត្វ​ឆ្កែ​សុទ្ធ»។​

លោក​ សម រង្ស៊ី ជា​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រង​បណ្តឹង និង​ការ​កាត់ទោសជាច្រើន​ករណី ​ពាក់ព័ន្ធ​នឹង​បទ​បរិហារ​កេរ្តិ៍​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​កំពូលៗ​នៃ​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ទៀត។

កាលពី​ថ្ងៃ​ទី ៩ ខែ វិច្ឆិកា លោក សម រង្ស៊ី បាន​បបួល​លោក ហ៊ុន សែន ភ្នាល់​ថា បើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ចន្លោះ​ថ្ងៃ​ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់​ថ្ងៃ​ទី ​៣ ខែ មីនា ​ឆ្នាំ ២០១៩ ក្រោម​សម្ពាធ​សហគមន៍​អន្តរជាតិ​ទេ​នោះ លោក​នឹង​ចូលខ្លួន​ឲ្យ​រដ្ឋាភិបាល​ចាប់​ឃុំ​។ ចំណែក​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន​ឆ្លើយ​តប​ទៅ​លោក សម រង្ស៊ី ដោយ​យក​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក​ជា​ថ្នូរ​នឹង​ការភ្នាល់​គ្នា។

VOA​ ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ​សម រង្ស៊ី​ ​តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយតប​នៅ​ឡើយ។​

កាល​ពី​ឆ្នាំ​២០១៧​ ​តុលាការ​កំពូល​របស់​កម្ពុជា​បាន​សម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចោល​ ដោយ​ចោទ​ថា​គណ​បក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​។​ ​តុលាការ​នេះ​ក៏បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ ​ម្នាក់ៗ​រយៈពេល​៥ឆ្នាំ។

នៅ​មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ ​ក៏​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​និង​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ដូចគ្នា។ បច្ចុប្បន្ន​លោក កឹម សុខា កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ក្រោយ​ពី​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ការ​ឃុំ​ខ្លួន​ក្នុងពន្ធនាគារ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ដកហូត​សិទ្ធិ​នយោបាយ​មន្រ្តី​ទាំង​១១៨​នាក់​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន​ ​បាន​ឈ្នះ​ការបោះឆ្នោត​ជាតិ​កាល​ខែ កក្កដា​ ​ឆ្នាំ​ ២០១៨​ ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី និង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស។

ការណ៍​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ​ ​ថា​កំពុង​ធ្វើ​ឲ្យ​ខ្ទេចខ្ទី​លទ្ធិ​ប្រជាធិបតេយ្យ។​ខណៈ​បស្ចិម​ប្រទេស​ធំៗ​មួយ​ចំនួន​ ​ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​ ​និង​នយោបាយ​ឡើងវិញ​ ​ជា​ថ្នូរ​នឹង​ការ​មិន​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ ​និង​ការទូត​លើ​កម្ពុជា។

យ៉ាង​ណា​ក្តី មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ ​រួម​ទាំង​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ផង​ ​បាន​ប្រកាស​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ ​ការ​ព្យួរ​សិទ្ធិ​នយោបាយ​មន្រ្តី​គណបក្ស​នេះ​ទាំង​១១៨​រូប​ ​ព្រមទាំង​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ជា​ដើម​ ​គឺ​ធ្វើឡើង​ទៅ​តាម​ច្បាប់​ ​ស្រប​តាម​ប្រទេស​នីតិរដ្ឋ​ប៉ុណ្ណោះ៕

XS
SM
MD
LG