លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាជនជាតិកម្ពុជាទីមួយដែលស្ថិតក្នុងចង្កោមអ្នករំលោភសិទ្ធិមនុស្សនានានៅលើពិភពលោកដែលទទួលទណ្ឌកម្មក្រោមច្បាប់ម៉ានិតស្គី (Magnitsky Act)។
នេះគឺជាការដាក់ទណ្ឌកម្មដោយផ្ទាល់ចំពោះបុគ្គលដែលសហរដ្ឋអាមេរិកមានភស្តុតាងបញ្ជាក់ថា រំលោភសិទ្ធិមនុស្ស ហើយវាជាឧបករណ៍មួយដែលអាចប្រើប្រាស់បានដោយមិនឱ្យខូចផលប្រយោជន៍និងប៉ះពាល់ដល់ពលរដ្ឋទូទៅនៅក្នុងប្រទេស ដូចការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើយ។
ច្បាប់ម៉ានិតស្គីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីរុស្ស៊ីមួយចំនួនដែលរំលោភសិទ្ធិគណនេយ្យករជំនាញខាងពន្ធដារឈ្មោះ សេហ្កេ ម៉ានិតស្គី ដែលបានស្លាប់នៅក្នុងពន្ធនាគាររបស់រុស្ស៊ីក្នុងឆ្នាំ២០០៩ ដោយសារលោកបានបើកកកាយអំពើពុករលួយនៅក្នុងប្រព័ន្ធរដ្ឋាភិបាល។ នៅឆ្នាំ២០១៧ ច្បាប់នេះបានបន្តពង្រីកដល់កម្រិតពិភពលោក។
លោក បេន ខាដឹន (Ben Cardin) សមាជិកព្រឹទ្ធសភាជាន់ខ្ពស់និងជាអ្នកតាក់តែងច្បាប់នេះជាមួយនឹងលោកអតីតសមាជិកព្រឹទ្ធសភា ចន ម៉ាក់ខេន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំមួយនៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ (CSIS) ក្នុងរដ្ឋធានី វ៉ាស៊ីនតោន កាលពីពាក់កណ្តាលខែ ធ្នូ ថា រហូតមកដល់ពេលនេះ មានមន្ត្រីរដ្ឋាភិបាល ពាណិជ្ជករ និងស្ថាប័ននៅក្នុងប្រទេសនានាចំនួន១០១ត្រូវបានដាក់ទណ្ឌកម្មក្រោមច្បាប់នេះ។
លោក បេន ខាដឹន បានបន្ថែមថា៖
«ច្បាប់នេះបានក្លាយជាឧបករណ៍មួយដ៏សំខាន់ដែលយើងមានសម្រាប់ប្រយុទ្ធនឹងការរំលោភសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ វាបង្ហាញពីការដឹកនាំរបស់សហរដ្ឋអាមេរិក»។
ការដាក់ទណ្ឌកម្មក្រោមច្បាប់ម៉ានិតស្គី រួមមានការហាមឃាត់ទិដ្ឋាការមិនឱ្យចូលក្នុងសហរដ្ឋអាមេរិក ផ្អឹបទុកទ្រព្យសម្បត្តិដែលមាននៅសហរដ្ឋអាមេរិក និងមិនឱ្យប្រើប្រាស់ប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិកជាដើម។
លោក បេន ខាដឹន បន្ថែមថា៖
«ទណ្ឌកម្មដាក់ចំលើបុគ្គលម្នាក់ៗមានសារៈសំខាន់ដោយសារបុគ្គលម្នាក់ៗនោះហើយដែលជាអ្នកធ្វើការសម្រេចចិត្តហើយប្រសិនបើពួកគេមិនអាចមកមើលទ្រព្យសម្បត្តិរបស់គេនៅសហរដ្ឋអាមេរិក ឬរក្សាទុកទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិកទេ ខ្ញុំជឿជាក់ថានឹងមានការខុសប្លែកគ្នា»។
លោក បេន ខាដឹន បន្ថែមថា មានការលើកឡើងក្នុងពេលកន្លងមកថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកត្រូវបកអាក្រាតមុខមាត់ពលរដ្ឋនៃប្រទេសដទៃហើយមិនឱ្យចូលក្នុងសហរដ្ឋអាមេរិកដែលជាការជំរុញឱ្យប្រទេសនោះទៅធ្វើការទំនាក់ទំនងជាមួយនឹងប្រទេសដទៃវិញ។ ប៉ុន្តែលោកថា វាជាផ្នែកមួយនៃការបង្ហាញនូវតម្លៃមនុស្សជាតិមួយដែលសហរដ្ឋអាមេរិកលើកតម្កើងនិងដើម្បីសន្តិសុខរបស់ប្រទេសជាតិផងដែរ។
ការដាក់ទណ្ឌកម្មចុងក្រោយនេះគឺលើមន្ត្រីចំនួន១៧នាក់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពីបទពាក់ព័ន្ធនឹងការសម្លាប់អ្នកសារព័ត៌មានជាតិអារ៉ាប៊ីសាអ៊ូឌីតដែលធ្វើការឱ្យសារព័ត៌មាន Washington Post។
លោក បេន ខាដឹន បានបន្ថែមទៀតថា៖
«គោលបំណងនៃច្បាប់នេះ គឺមិនគ្រាន់តែដើម្បីឱ្យអ្នករំលោភសិទ្ធិមនុស្សទទួលខុសត្រូវទេ ប៉ុន្តែគឺដើម្បីរារាំងមិនឱ្យមានការរំលោភបំពានកើតឡើងបាន»។
សម្រាប់ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យខ្មែរ-អាមេរិកាំងវិញគឺបានដាក់ក្តីសង្ឃឹមលើច្បាប់ម៉ានិតស្តីនេះក្នុងគ្រាដែលសេចក្តីស្នើច្បាប់ HR 5754 ដែលមានគោលបំណងនាំយកលទ្ធិប្រជាធិបតេយ្យនិងការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាបានអស់សុពលភាពនៅដំណាច់ឆ្នាំ២០១៨នេះ។
លោក ប៉ុន សៅរី អ្នកនាំពាក្យមួយរូបនៃសាខាគណបក្សសង្រ្គោះជាតិនៅសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់ វីអូអេ ថា ក្រោមច្បាប់ម៉ានិតស្គីនេះ គឺក្រុមសកម្មជនស្នើឱ្យដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍យោធានិងប៉ូលិសខ្មែរចំនួន១២នាក់និងឧកញ៉ាចំនួនបួននាក់ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និងអង្គការ Global Witness បានបង្ហាញមុខក្នុងពេលកន្លងមក ដែលក្នុងនោះមានដូចជាលោកឧត្តមសេនីយ៍ គន់ គីម លោក ជួន សុវណ្ណ លោក សៅ សុខា លោក ម៉ក់ ជីតូ លោក នេត្រ សាវឿន និងឧកញ៉ា ទី្រ ភាព ឧកញ៉ា ម៉ុង រិទ្ធី ឧកញ៉ា ឡៅ ម៉េងឃីន និងឧកញ៉ា លី យ៉ុងផាត់ ជាដើម។
លោកបានបន្ថែមថា៖
«អីចឹងយើងសង្ឃឹមថាទោះបី HR 5754 មិនទាន់ត្រូវបានអនុម័តក្នុងឆ្នាំ២០១៨ក្តីក៏សហរដ្ឋអាមេរិកនឹងពង្រីកការដាក់ទណ្ឌកម្មដោយប្រើច្បាប់ដែលមានស្រាប់គឺម៉ានិតស្គីនេះឯង»។
ក្រសួងការបរទេសនិងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកគឺជាសេនាធិការចម្បងក្នុងការសម្រេចដាក់ទណ្ឌកម្មលើបុគ្គលណាមួយ ក្រោយពីពួកគេទទួលបានព័ត៌មានគ្រប់គ្រាន់។
កាលពីខែ មិថុនា ឆ្នាំ ២០១៨ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសារតែសកម្មភាពរំលោភសិទ្ធិមនុស្សជាបន្តបន្ទាប់ ជាពិសេសការជាប់ពាក់ព័ន្ធនឹងការគប់គ្រាប់បែកលើក្រុមបាតុករដឹកនាំដោយលោក សម រង្ស៊ី ក្នុងឆ្នាំ១៩៩៧ ដែលក្នុងពេលនោះ មានពលរដ្ឋអាមេរិកាំងម្នាក់បានរងរបួស។
លោក ហ៊ីង ប៊ុនហៀង បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងពេលកន្លងមកថា លោកមិនមានទ្រព្យសម្បត្តិអ្វីនៅក្នុងសហរដ្ឋអាមេរិកទេ ហើយលោកបានស្នើឱ្យពន្លឿនការដាក់ទណ្ឌកម្មមកលើរូបលោក។
លោក ហ៊ីង ប៊ុនហៀង បានបន្ថែមថា៖
«ការដាក់បំពានមកលើខ្ញុំគឺជាការដាក់មកយ៉ាងងងើលគ្មានការពិចារណា»។
ប៉ុន្តែអ្នកជំនាញដែលបានមកជួបជុំគ្នានៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តនិងកិច្ចការអន្តរជាតិ បានបកស្រាយថាការដាក់ទណ្ឌកម្មជនរំលោភសិទ្ធិមនុស្សក្រោមច្បាប់ម៉ានិតស្គីនេះក៏ជាផ្នែកមួយនៃការរារាំងមិនឱ្យជនល្មើសប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកផងដែរ។
លោក ចូស្សួរ វ៉ាយ (Joshua White) នាយកផ្នែកគោលនយោបាយនិងវិភាគនៅអង្គការ The Sentry ដែលមានជំនាញខាងស៊ើបអង្កេតខាងផ្នែកហិរញ្ញវត្ថុបានបញ្ជាក់ថា៖
«ប្រសិនបើអ្នកគ្មានទ្រព្យសម្បត្តិ ឬគណនីយធនាគារនៅក្នុងសហរដ្ឋអាមេរិកគឺវាគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយប្រាក់ដុល្លារគឺជារូបិយប័ណ្ណដែលគ្របដណ្តប់នៅលើពិភពលោក ហើយវានឹងប៉ះពាល់ដល់ប្រព័ន្ធរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក អីចឹងហើយបានជាយើងអាចលូកដៃចូលដល់ប្រទេសដទៃបាន(ដើម្បីដាក់ទណ្ឌកម្ម)»។
សកម្មជនសិទ្ធិមនុស្សមើលឃើញថា ច្បាប់ម៉ានិតស្គីនេះ គឺជាអាវុធដ៏រឹងមាំមួយបន្ថែមទៀតសម្រាប់ពួកគេប្រើប្រាស់ដើម្បីលើកកម្ពស់សិទ្ធិមនុស្សដោយសារវាមានយន្តការដាក់ទណ្ឌកម្មច្បាស់លាស់។
យ៉ាងណាក៏ដោយ ក៏មានការព្រួយបារម្ភផងដែរ ក្នុងចំណោមសកម្មជនសិទ្ធិមនុស្សថារដ្ឋបាលលោកប្រធានាធិបតី ត្រាំ អាចប្រើប្រាស់ដើម្បីដាក់តែលើអ្នកណាដែលមិនមែនជាសម្ព័ន្ធមិត្តជាមួយនឹងសហរដ្ឋអាមេរិក ហើយអ្នកដែលរំលោភសិទ្ធិមនុស្សខ្លះអាចរួចខ្លួនដោយសារតែពួកគេនៅកាន់អំណាច។
អ្នកស្រី សារ៉ា ម័រហ្កឹន (Sarah Morgan) នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានបញ្ជាក់ថា៖
«ការព្រួយបារម្ភរបស់ខ្ញុំគឺថាច្បាប់ម៉ានិតស្គីនេះមិនត្រូវបានគេយកមកអនុវត្តឱ្យបានស្មើគ្នាទេ។ ខ្ញុំគិតថានេះគឺជាសិល្បៈមួយនៃការព្រួយបារម្ភមិនមែនមានលក្ខណៈវិទ្យាសាស្រ្តទេ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំព្រួយបារម្ភនោះ គឺច្បាប់នេះត្រូវបានគេប្រើប្រឆាំងនឹងរដ្ឋាភិបាលដែលសហរដ្ឋអាមេរិកមិនមានផលប្រយោជន៍សន្តិសុខជាមួយ ឬជាមួយនឹងរដ្ឋាភិបាលដែលខាងនីតិប្បញ្ញត្តិមិនគិតថាពួកគេជាសម្ព័ន្ធមិត្តទេ។ នេះគឺជាអ្វីដែលធ្វើឱ្យខ្ញុំព្រួយបារម្ភពីព្រោះការអនុវត្តដោយស្មើគ្នា គឺច្បាប់នេះនឹងក្លាយជាឧបករណ៍ដែលពិតជាមានតម្លៃនិងខ្លាំង»។
លោក បេន ខាដឹន យល់ថាការពង្រីកការអនុវត្តច្បាប់នេះទៅបណ្តាប្រទេសជាច្រើនទៀតគឺជាការចាំបាច់ជាពិសេសបណ្តាប្រទេសនៅសហភាពអឺរ៉ុបគឺជាប្លុកប្រទេសដែលសហរដ្ឋអាមេរិកនឹងត្រូវចាប់ជាដៃគូដើម្បីពង្រឹងការដាក់ទណ្ឌកម្មលើជនដែលរំលោភសិទ្ធិមនុស្ស។
«យើងត្រូវការឱ្យមានការចូលរួមច្រើនជាងពេលមុនៗទាក់ទិននឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ការស្អប់គ្នាកំពុងតែកើនឡើង។ នៅពេលណាដែលការស្អប់គ្នាកើនឡើង អំពើហិង្សាក៏កើនឡើងដែរ។ ការរំលោភសិទ្ធិមនុស្សក៏កើនឡើងដែរ។ យើងត្រូវតែចាប់មនុស្សដែលរំលោភសិទ្ធិមនុស្សឱ្យទទួលខុសត្រូវដើម្បីបង្ហាញថាអាទិភាពរបស់យើង និងថាយើងយកចិត្តទុកដាក់ខ្លាំងក្នុងការទប់ស្កាត់ទង្វើដូចនេះ»។
ក្រៅពីប្រើប្រាស់ច្បាប់ម៉ានិតស្គីនេះ ក្រុមសកម្មជនសិទ្ធិមនុស្សក៏ប្រើប្រាស់យុទ្ធនាការ«បង្ហាញឈ្មោះជនល្មើសនិងបកអាក្រាតកេរ្តិ៍ខ្មាស់» ក្នុងបេសកកម្មដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅទូទាំងពិភពលោកផងដែរ។
វាដូចជាករណីឧត្តមសេនីយ៍កម្ពុជាចំនួន១២នាក់ និងឧកញ៉ាបួននាក់ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និងអង្គការ Global Witness បានស្នើឡើងដើម្បីដាក់ទណ្ឌកម្មដែរ។ ជំហានដំបូងគឺវាជាការបង្ហាញមុខមាត់ជនដែលពួកគេយល់ថាបានប្រព្រឹត្តមិនល្អនិងរំលោភសិទ្ធិមនុស្សហើយបន្ទាប់មកអាចនឹងមានការដាក់ទណ្ឌកម្មប្រសិនបើសហរដ្ឋអាមេរិកមើលឃើញថាមានភាពចាំបាច់៕