ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នាំពាក្យ៖ គណបក្ស​កាន់​អំណាច​ទាម​ទារ​គណបក្ស​ភ្លើង​ទៀន​សុំ​ទោស​ជា​សាធារណៈ បើ​មិន​ចង់​ប្រឈម​ពាក្យ​បណ្តឹង


រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស​​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/វីអូអេ)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស​​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/វីអូអេ)

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ លោក សុខ ឥសាន អះអាង​ថា​គណ​បក្ស​ភ្លើង​ទៀនត្រូវសុំ​ទោស​ជា​សាធារណៈ ​ដើម្បី​បញ្ចៀស​ការ​ប្តឹង​ផ្តល់​របស់​គណបក្ស​កាន់​អំណាច​ទៅ​កាន់​តុលាការ​ នៅ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​លើក​ឡើង​អំពី​ការ​គាប​សង្កត់​បំភិត​បំភ័យ​ពី​គណបក្ស​កាន់​អំណាច។

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​ចេញ​ផ្សាយ​នា​សប្តាហ៍​នេះ ក្រោយ​ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ត្រូវបាន​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ ​និង​ប្រាប់​ឲ្យ​មេធាវី​ពិនិត្យ​ខ្លឹមសារ​ ដោយសារ​សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​អំពីគណបក្ស​កាន់​អំណាច។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ក្រុម​មេធាវី​គណបក្ស​កាន់​អំណាច​ដឹក​នាំ​ដោយ​លោក ​គី តិច​ ​កំពុង​ពិនិត្យ​ខ្លឹម​សារនៃ​សេច​ក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ភ្លើង​ទៀន ​ដែល​លោក​ថា​និយាយ​ប៉ះ​ពាល់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដើម្បី​ប្តឹង​ទៅ​តុលាការ​។ ​

លោក សុខ ឥសាន បន្ថែម​ថាបើ​គណ​បក្ស​ភ្លើង​ទៀន​ ចង់​សុំ​ទោស គឺ​ត្រូវសុំ​ទោស​ជា​សាធារណៈ​ឱ្យ​បាន​លឿន មុន​សំណុំ​រឿង​ដល់​ដៃ​តុលាការ។

​លោកបញ្ជាក់​ថា៖ ​«​បាទ​!​ បើ​តាម​ប្រសាសន៍​របស់​សម្តេច​ឱ្យ​សុំ​ទោស​ជាផ្លូវ​ការ ជាសាធារណៈ ​អាហ្នឹង​បាន​រួច​ខ្លួន បើ​ថា​មិន​សុំ​ទោស​ជា​ផ្លូវ​ការជា​សាធារណៈ​ទេ អាហ្នឹងគណបក្ស​នៅ​តែអនុវត្ត​នូវ​ជំហរ​របស់​ខ្លួន​ គឺ​ប្តឹង​ទៅ​តុលា​ការ​ហើយ។ ហើយ​អាហ្នឹង​សុំ​ឱ្យ​រហ័ស​ដែរ​បាន​ៗ ពី​ព្រោះថា​បើ​កាលណា​សុំ​ទោសក្រោយ​ដែល​ដាក់​ពាក្យ​ប្តឹ​ងទៅ​តុលាការ​អាហ្នឹង​វាអត់​មាន​ប្រសិទ្ធភាព​អីទេ​ បើ​ធ្វើ [គឺ]​ធ្វើ​ឱ្យ​ទាល់​ពេល​វេលា ​កុំ​ឱ្យតែ​រឿង​ករណី​ធ្លាក់​ដល់​ដៃ​តុលាការ​ហើយ​បាន​សុំ​ទោស​តា​មក្រោយ​អាហ្នឹង​វា​ជា​បញ្ហាមួយ​ដែល​វាផ្ទុយ​អំពី​ការ​ពិត​ សភាព​ការណ៍​ពិត​ជាក់​ស្តែង»។

សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ភ្លើង​ទៀនដែល​ចេញកាល​ពី​ថ្ងៃ​ពុធ​ លើក​ឡើង​ថា​៖​ ​«​គណ​បក្ស​ភ្លើង​ទៀន ​ប្រឆាំង​ដាច់​ខាត​លើ​ការ​គាប​សង្កត់ ការ​គំរាម​កំហែង​ និង​កា​ធ្វើទុក្ខ​បុក​ម្នេញ​ផ្នែក​នយោ​បាយ​គ្រប់​រូប​ភាព​ពី​គណ​បក្ស​កាន់អំណាច ​ដោយ​ទាម​ទារ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំង​នេះជា​បន្ទាន់»។

លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា​លោក​នឹង​មិនអត់​ឱនទៀត​នោះ​ទេ ​ចំពោះ​អ្នក​ណាដែល​និយាយ​ប៉ះ​ពាល់​ និង​ជេរ​ប្រមាថ​គណ​បក្សកាន់​អំណាច។

ក្រោយ​ពីលោក​នាយក​រដ្ឋ​មន្ត្រី ព្រ​មាន​ប្តឹង​ទាក់​ទង​នឹង​អត្ថន័យក្នុង​សេចក្តី​ថ្លែង​ការណ៍នោះ គណ​បក្ស​ភ្លើង​ទៀនបាន​លុប​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន។ នេះ​បើ​តាម​លោក សុន ឆ័យ អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន។

រូបឯកសារ៖ ថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើង​ទៀន​កាន់ដៃ​គ្នា​សាទរ​ទៅកាន់​អ្នក​គាំទ្រ នៅ​ក្នុងសមាជ​វិសាមញ្ញ​របស់​បក្ស​នៅក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ឆ្នាំ២០​២២​។​ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ ថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើង​ទៀន​កាន់ដៃ​គ្នា​សាទរ​ទៅកាន់​អ្នក​គាំទ្រ នៅ​ក្នុងសមាជ​វិសាមញ្ញ​របស់​បក្ស​នៅក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ឆ្នាំ២០​២២​។​ (លាស់ លីបលីប/វីអូអេ)

លោក សុន ឆ័យ ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រ​នេះ​ថា​៖ «បាទ! ​យើង​លុប​ចេញ​តាំង​ពី​ឮប្រសាសន៍​នាយក​រដ្ឋមន្ត្រី​ភ្លាម​ហ្នឹង យើង​ក៏​បាន​ដក​ចេញ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​គណ​បក្ស​អស់​ហើយ​»។

លោក សុន ឆ័យ ​យល់​ថា​ករណី​នេះ​មិន​គួ​រ​ប្តឹងផ្តល់ទៅ​តុលាការ​នោះ​ទេ ហើយ​គណបក្ស​កាន់​អំណាច​គួរ​តែ​ប្រាប់ និងជជែក​ទល់​មុខ​គ្នា​ទៅវិញ​ទៅមក​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន​ នូវ​អ្វីដែល​មិន​ចូល​ចិត្ត ដើម្បី​ឱ្យ​មាន​ការ​កែ​តម្រូវ និងដើម្បីបង្ក​បរិយា​កាស​នយោ​បាយ​នៅ​កម្ពុជាឱ្យ​មាន​ភាព​ល្អ​ប្រសើរ។

លោក​ថ្លែង​ថា៖ ​«​ការ​តវ៉ា ​បែប​ហ្នឹង​ធ្លាប់​មាន​ពីដើមៗ​មក​ មិនដែល​មានបញ្ហា​អ្វីទេ។ នេះជា​លើក​ដំបូង​ហើយ​ដែល​មាន​ការ​កត់សម្គាល់ពីសម្តេច​នាយក​រដ្ឋមន្ត្រី ដូច្នេះ​យើង​នឹង​យកចិត្ត​ទុកដាក់ អ្វីដែល​លោក​មិនពេញ​ចិត្ត​យើង​នឹងចាត់វិធានការ​ភ្លាម ដើម្បី​ទប់​ស្កាត់ ឬក៏កែ​ប្រែ»។

លោក​បន្ត​ថា៖ ​«​ដូច្នេះ​ខ្ញុំ​ថា ​វាជាកិច្ចសហការ​គ្នា​រវាង​គណ​បក្ស​ ជាពិសេស​គណបក្ស​ទាំង​២ហ្នឹង ដោយ​មាន​ការ​គាំទ្រ​ពីប្រជាពលរដ្ឋ​។ ហើយ​យើង​ក៏​នឹង​ណែនាំ​[សមា​ជិកគណបក្ស] ខ្ញុំ​ជឿ​ថា​ខាង​គណ​បក្ស​ប្រជាជន​លោក​ក៏​ណែនាំ​ខាង​លោក​ដែរ ដូចជា​ឯកឧត្តម​ សម្តេច​ក្រឡាហោម តែង​ណែនាំ​សមាជិក​គណ​បក្ស​ប្រជាជន​ដែរ​ កុំ​ឱ្យ​និយាយ​អីប៉ះពាល់​ ឬក៏រើស​អើង​ទៅដល់​គណ​បក្ស​មួយទៀត។ នេះជា​ជំហរ​រួមគ្នា​ ដែល​យើង​បន្ត​ប្រុង​ប្រយ័ត្ន និង​កែ​ប្រែ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​។​ បាទ​!»។

បើ​តាម​លោក សុន ឆ័យ ទាំង​ប្រធាន​គណ​បក្ស​ភ្លើងទៀន​ ថ្នាក់​ដឹកនាំ​និង​សមាជិក​គណ​បក្ស​បាន​ស្រុះស្រួលគ្នាថាចង់​ឱ្យមាន​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឱ្យ​បាន​ជាប់​លាប់ និង​បង្កើត​យន្ត​ការ​មួយ​ជាមួយ​គ្នា ដើម្បីដោះស្រាយ​នូវ​បញ្ហា​ ឬ​ចំណុច​ខ្វះខា​ត​ ដែល​នៅ​សេស​សល់​ឱ្យ​បាន​ចប់។ លោក​បន្តថា​គណបក្ស​ភ្លើង​ទៀន ក៏​កំពុង​ពិចារ​ណា ​ទាក់ទង​ការ​ធ្វើលិខិត​របស់​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ ដាក់ជូន​ទៅប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដើម្បី​ជួប​ជជែក​គ្នា ​និង​ដោះ​ស្រាយ​បញ្ហា​រួមគ្នា​ផង​ដែរ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក គី តិច ​មេធាវី​តំណាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​នៅ​ឡើយទេ។

នៅ​ថ្ងៃ​សុក្រ​នេះ គណបក្ស​ភ្លើង​ទៀន​បាន​សេចក្តី​ថ្លែង​ការណ៍​ថ្មី​មួយ ដោយបញ្ជាក់​ថាគណ​បក្ស​ភ្លើង​ទៀន «អបអរសាទ​រ​» ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​បាន​បញ្ជាក់​ពី«ភាព​ស្អាត​ស្អំ ត្រឹម​ត្រូវ និង​សេចក្តី​ថ្លៃថ្នូរ​»របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា។

លោក​ កន សាវាង្ស​ មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​យល់​ថា គណ​បក្ស​នីមួយ​ៗ គួរតែ​មាន​យន្ត​ការ​ច្បាស់​លាស់​រៀង​ៗខ្លួន និងត្រូវ​ដឹងថា​តើ​ការ​លើក​ឡើង​របស់​ខ្លួន​មាន​ភាព​ពិតប្រាក​ដដែរ​ឬ​ទេ។

លោកបន្តថា​ការ​ផ្សះ​ផ្សារ​នយោ​បាយ ​មិន​អាច​កើត​ឡើង​ដោយ​ការ​ប្តឹង​ផ្តល់ ឬ​ហែក​ហួរ​គ្នា​ ​ក្នុង​ទម្រង់​គុំគួន​គ្នានោះ​ទេ​ ព្រោះ​លោក​ថា​ការប្តឹង​ផ្តល់​លើ​មតិ​នយោបាយ ឬ​ឈ្នះ​ចាញ់​ដោយប្រើ​តុលាការ​ លើ​ការ​ទម្លាក់​កំហុស ​ឬ​បំបាក់​ដៃ​គូ​ប្រកួត​ប្រជែង​គ្នា អាច​រឹតតែ​បង្កើន​ស្ថាន​ភាពតឹង​តែង​នៃ​ការ​បោះ​ឆ្នោត ដែល​នាំឱ្យ​ក្រោយ​ការ​បោះ​ឆ្នោត ​គឺ​អ្នក​ឈ្នះ​មិន​សប្បាយ​ចិត្ត ចំណែក​អ្នកចាញ់​មិនអស់​ចិត្ត។ ដូច្នេះ​លោក​ថា​ការ​ជជែក​រក​ផ្លូវដោះ​ស្រាយ​វិវាទ​នយោ​បាយ ឬការរិះ​គន់​លើ​គោល​នយោ​បាយ​ជា​រឿង​ល្អ​សម្រាប់​ដៃ​គូ​ប្រកួត​ប្រជែង។

លោក​ប្រាប់​វីអូអេ​ជា​អក្សរតាម​ប្រព័ន្ធ​តេឡេ​ក្រាម​ថា៖ ​«​ខ្ញុំ​យល់​ថា​គណ​បក្ស​នយោ​បាយ​នីមួយៗ ​មាន​គោល​នយោ​បាយ​ផ្សេ​ង​ៗ​គ្នា ​មិន​ដូច​គ្នា​ តែ​រឿង​លើក​ឡើង​ថា​ការ​ចូល​រួមផ្នែក​នយោបាយ​ដោយ​គ្មាន​ការ​គម្រាម​កំហែង គួរ​តែ​ស្តាប់​គណ​បក្ស​នីមួយៗ ​លើក​ពី​បញ្ហា​ប្រឈម ​និង​ទទួល​ស្គាល់​អ្វីជា​ភាព​ពិត និង​ដោះ​ស្រាយ ទើប​វា​ចូល​រួម​ដំណើរ​ការ​ល្អ ​ក្នុង​ការ​ប្រកួត​ប្រជែ​ង»​៕

XS
SM
MD
LG