ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​នឹង​ទៅបំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន ដើម្បី​រឹត​ចំណង​ការ​ទូត​បន្ថែម


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោកម៉ូតេហ្គី តូស៊ីមីត្សឹ (Toshimitsu Motegi) ចាប់ដៃរដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ក្នុងជំនួបពិភាក្សាអំពីបញ្ហាទ្វេភាគី និងពហុភាគី ក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅកម្ពុជា។ (រូបថតដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា)

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ទៅ​កាន់​ប្រទេស​ជប៉ុន នា​ពេល​ខាង​មុខ ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ការ​បន្ត​រឹត​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​ជប៉ុន​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុង​ជ្រោយ​មួយ​របស់​កម្ពុជា។

តប​តាម​ការ​អញ្ជើញរបស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន​ នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់ប្រទេស​ជប៉ុន​ជា​ផ្លូវ​ការ រយៈ​ពេល​៤ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១ ដល់ទី​២៤ ខែមករា ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ចុះ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៣។ លោក ប្រាក់ សុខុន នឹង​ជួប​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរ​ទេស​ជប៉ុន​ លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា​ (HAYASHI YOSHIMASA) ដើម្បី​ពិភាក្សា​គ្នា​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិ​បត្តិ​ការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​ក្តីកង្វល់​រួម ដែល​កើត​មាន​នៅ​ក្នុង​តំបន់​និង​អន្តរ​ជាតិ​ផង​ដែរ។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា៖ «ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តម ប្រាក់ សុខុន ទៅ​កាន់​ប្រទេស​ជប៉ុន នា​ពេល​ខាង​មុខ​នេះ នឹង​បន្ត​ការប្តេជ្ញា​ចិត្ត​យ៉ាង​មោះ​មុត​របស់​រដ្ឋាភិបាល​ទាំងពីរ ក្នុង​ការ​ពង្រឹង​នូវ​ទំនាក់​ទំនង​ល្អ​ប្រពៃ ដែល​មាន​ស្រាប់ និង​ភាព​ជាដៃ​គូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ដែល​ទើប​ត្រូវ​បាន​ដំឡើង​នា​ពេល​ថ្មីៗនេះ សម្រាប់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​នៃ​ប្រទេស​ទាំង​ពីរ»។

នៅ​ក្នុ​ងដំណើរ​មកចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​កាលពី​កន្លង​ទៅ មេ​ដឹកនាំ​កម្ពុជា​ និង​ជប៉ុន បាន​ព្រម​ព្រៀង​គ្នា​ដំឡើង​ភាព​ជា​ដៃគូទៅ​ជា​«ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» ​នា​ឆ្នាំ​ក្រោយ​ នៅ​ពេល​ខួប​លើក​ទី​៧០​នៃ​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំងពីរ​មក​ដល់។

សាស្ត្រាចារ្យ​វិទ្យសាស្ត្រនយោបាយ​ លោក ឯម សុវណ្ណារ៉ា ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រនេះ​ថា​ទំនាក់​ទំនង​កម្ពុ​ជា​និង​ជប៉ុន​ មាន​ការ​វិវឌ្ឍ​ទៅ​មុខ​ប្រកប​ដោយភាពវិជ្ជមាន​ និង​ថា​ដំណើរ​ទស្សនកិច្ច​នេះ​ ភាគី​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នាបន្ថែម​ទៅ​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នា​នា ក្រោយ​ភាគី​ទាំង​ពីរយល់​ព្រម​ដំឡើង​ទំនាក់​ទំនង​ទៅ​ជា​«ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​»។

លោក ឯម សុវណ្ណារ៉ា អះអាង​ថាជប៉ុន​នៅតែ​រក្សា​ទំនាក់ទំនងល្អ​ជាមួយ​កម្ពុជា បើទោះ​ជា​មាន​ការ​ប្រឈមគ្នា​ទៅ​លើ​ការ​អនុវត្តលទ្ធិ​ប្រជាធិប​តេយ្យ និងសិទ្ធិ​មនុស្ស​របស់​កម្ពុ​ជា​ក៏​ដោយ ខណៈ​ជប៉ុន​តែង​តែ​លើក​យក​មក​ជជែក​និង​ជំរុញ​កម្ពុជា​ឱ្យដើរទៅ​តាម​គោល​ការ​ណ៍​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ។

លោក​បញ្ជាក់ថា៖ «ជា​និច្ច​ជា​កាល​ល្អ ថ្វី​ត្បិត​តែ​ស្ថាន​ភាព​នយោ​បាយ​កម្ពុជា ជាមួយនឹងសហគ​មន៍​អន្តរ​ជាតិ ហាក់​ដូច​ជាតាន​តឹង ប៉ុន្តែ​ភាគី​ជប៉ុន​ចេះ​មាន​ភាព​ទន់​ភ្លន់​និង​សម្រប​សម្រួល​បាន​គ្រប់​ស្ថានភាព»។

បើ​តាម​លោក ឯម សុវណ្ណារ៉ា​ ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា លុះ​ត្រា​ណា​តែ​ជប៉ុន​ដើរ​តួនាទី​សកម្មជាង​មុន​នៅក្នុង​នយោ​បាយ​និង​សេដ្ឋកិច្ច​កម្ពុជា ខណៈ​ថា​ជប៉ុន​មិន​សូវ​សកម្ម​ឡើយ​ពាក់ព័ន្ធ​នឹង​នយោបាយ​នៅ​កម្ពុជា។

​សាស្ត្រាចារ្យ​រូបនេះ​មាន​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​កម្ពុជា​និង​ជប៉ុន​ទៅថ្ងៃ​ខាងមុខ​ថា​នឹង​កាន់តែ​ល្អ​ប្រសើរ​ និង​កាន់​តែ​ស៊ី​ជម្រៅ។

ប្រទេស​ជប៉ុន​ជា​ម្ចាស់​ជំនួយ​ទ្វេ​ភាគី​ដ៏​ធំ​របស់​កម្ពុជា​ដែល​មាន​ចំនួន​២៥%​នៃ​ជំនួយ​បរទេស​ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​មាន​ចំនួន​សរុប​ប្រហែល​៧២៥​លាន​ដុល្លារ។ ជប៉ុន​បាន​គាំទ្រ​តុលាការ​ខ្មែរ​ក្រហម ​ផ្តល់​ថវិកា​ដល់​ការ​ដោះ​មីន ​ ស្ថាបនា​ផ្លូវ​ថ្នល់​ ស្ពាន​និង​កំពង់​ផែ ​និង​បាន​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត​ក្នុង​ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

អ្នក​ស្រាវជ្រាវ​ផ្នែកភូមិសាស្ត្រ​នយោបាយ​ ​លោក​ វណ្ណ ប៊ុនណា ​កត់​សម្គាល់ថា​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន ជាការ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​កា​ន់​តែល្អ​ប្រសើរ​នៅ​ក្នុង​ខួប​លើក​ទី៧០ឆ្នាំ​នៃ​ចំណង​ការទូត​រវាងប្រទេស​ទាំង​ពីរ។ លោក​បន្ត​ថា​ទស្សន​កិច្ចនេះ​ទៀត​សោត​ក៏​ចង់​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​កម្ពុជា-ចិន និង​កម្ពុជា-ជប៉ុន​ដែរ​ ដោយសារ​តែ​នាខែក្រោយ​ នាយក​រដ្ឋមន្ត្រីកម្ពុជានឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន ដែល​នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​ជំនួយ និង​កម្ចី​មួយ​ចំនួន។

បើ​តាម​លោក វណ្ណ ប៊ុនណា​ ទំនាក់​ទំនង​កម្ពុជា​និងជប៉ុន​ មានភាព​ល្អប្រសើរ​ និង​ជាមិត្ត​ដ៏ជ្រាលជ្រៅ។

លោក​បញ្ជាក់​ថា​៖«អ៊ីចឹ​ងទេ បើទោះ​បីកម្ពុជា​មាន​បញ្ហា​នយោបាយ​ក្តៅក៏ពិត​មែន​ ក៏​ជប៉ុន​នៅ​បន្ត​ទំនាក់ទំនង​កម្ពុជា​ដោយ​ប្រើប្រាស់ Soft approach​(មធ្យោ​បាយ​ទន់​ភ្លន់​) របស់ខ្លួន​ ជាមួយ​កម្ពុជា​ផងដែរ»។

គួរ​បញ្ជាក់​ថា​នៅ​ក្នុ​ង​ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ទៅ​កាន់​ប្រទេស​ជប៉ុន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន​បាន​ស្នើជប៉ុន​ជំរុញ​កម្ពុជា​បង្ក​បរិយាកាស​នយោ​បាយ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣៕

XS
SM
MD
LG