អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឱ្យដឹងថា គណបក្សកំពុងបន្តពង្រីក និងពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួននៅក្រៅប្រទេសតាមរយៈអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ឬហៅថា ESEA។
កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត កាលពីចុងសប្តាហ៍ បានជួបជុំជាមួយសមាជិកអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សកាន់អំណាច ប្រាប់វីអូអេនៅថ្ងៃចន្ទថា សមាជិក ESEA នឹងទៅផ្សព្វផ្សាយកៀរគរការគាំទ្រពលរដ្ឋរស់នៅក្រៅប្រទេស ក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធបក្ស និងកៀរគរ«សមានចិត្ត» អ្នកក្រៅប្រទេសឱ្យយល់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឱ្យកាន់តែច្បាស់។
លោក សុខ ឥសាន បន្ថែមថា អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ឬហៅថា ESEA ដែលលោក ហ៊ុន ម៉ាណែត បានជួបកាលពីថ្ងៃទី១០ ខែកញ្ញានេះ គឺជាសកម្មភាពទូទៅរបស់បក្សតែប៉ុណ្ណោះ។
លោក សុខ ឥសាន ថ្លែងថា៖ «គ្រាន់តែថា ឱ្យបងប្អូនយល់ពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឱ្យគាំទ្រសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងការកសាង អភិវឌ្ឍប្រទេសជាតិ ក្នុងការការពារសន្តិភាព ស្ថិរភាពនយោបាយ។ វាបានតែសមានចិត្តតែប៉ុណ្ណឹងទេ ឱ្យបានសន្លឹកឆ្នោត វាអត់បានទេ»។
កាលពីថ្ងៃទី១០ ខែកញ្ញា លោក ហ៊ុន ម៉ាណែត ដែលជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានជួបជាមួយសមាជិក សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA) ចំនួន៨៥១នាក់ ដែលរួមមានសមាសភាពមកពីក្រុមការងារទទួលបន្ទុកប្រទេសកូរ៉េចំនួន២០២នាក់ ប្រទេសជប៉ុនចំនួន១៨៣នាក់ ប្រទេសម៉ាឡេស៊ីចំនួន៥៥នាក់ ប្រទេសថៃចំនួន២៨៤នាក់ និងក្រុមការងារជំនាញ និងចល័តចំនួន១១១នាក់។ កម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។ នេះបើតាមគណនីហ្វេសប៊ុកនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ កាលពីថ្ងៃទី១១ ខែកញ្ញានេះ។
លោក ហ៊ុន ម៉ាណែត ក្រៅពីតួនាទីជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា លោកក៏មានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាអនាគតបេក្ខជននាយករដ្ឋមន្រ្តីមួយរូបរបស់គណបក្សកាន់អំណាចផងដែរ។
កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រូបនេះចាប់ផ្តើមបង្កើនទំនាក់ទំនងការទូតទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលត្រូវបានគេមើលឃើញថា ដើម្បីបង្កើនប្រជាប្រិយភាពរបស់លោកក្នុងការឈានទៅធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។
តែទោះជាយ៉ាងណា អ្នកតាមដានសង្គមមួយចំនួនយល់ថា សកម្មភាពពង្រឹងបក្ស និងការបំពេញការងាររដ្ឋរបស់លោក ហ៊ុន ម៉ាណែត គួរតែបែងចែងឱ្យដាច់ពីគ្នា ពីព្រោះវាពាក់ព័ន្ធនឹងអព្យាក្រឹតភាពក្នុងការបំពេញការងារបម្រើប្រទេសជាតិ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី យល់ឃើញថា សកម្មភាពបំពេញការងារក្នុងការងារកងទ័ព តុលាការ និងស្ថាប័នរដ្ឋផ្សេងទៀតនៅមានភាពច្រឡូកច្រឡំគ្នាជាមួយការងារគណបក្ស។ ទម្លាប់មួយនេះបានធ្វើឱ្យដំណើរការប្រជាធិបតេយ្យក្នុងប្រទេសនៅតែមានភាពរកាំរកូស និងហាក់បីដើរផ្ទុយពីច្បាប់ដែលមានចែង។ លោកបញ្ជាក់ថា វាក៏បង្ហាញឱ្យឃើញនូវការប្រើប្រាស់អំណាចមិនត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
លោកថ្លែងថា៖ «ទីមួយ ដំណើរការប្រជាធិបតេយ្យវាអត់ទៅមុខរួចទេ។ ហើយទីពីរ ប្រទេសនេះច្រើនតភ្ជាប់នូវវប្បធម៌ប្រពៃណីមួយដែលអ្នកឈ្នះ គឺឈ្នះរហូត។ អត់មានពេលផ្លាស់ប្តូរទេ ដោយសារតែអតុល្យភាពនៃអំណាច។ ការប្រើប្រាស់អំណាចវាមិនបាន [ត្រឹម] ត្រូវទៅតាមអ្វីដែលចែងក្នុងច្បាប់»។
ទោះជាយ៉ាងណា លោក មាស នី កត់សម្គាល់ថា គណបក្សប្រជាជនកម្ពុជាខិតខំពង្រឹងរចនាសម្ព័ន្ធខាងក្រៅប្រទេសរបស់ខ្លួនអាចជាការបើកផ្លូវឱ្យប្រជាជនកម្ពុជានៅក្រៅប្រទេសបោះឆ្នោតបាន។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ កត់សម្គាល់ឃើញថា យុទ្ធសាស្រ្តអ្នកនយោបាយជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាគឺមានភាពឆ្លាតវៃច្រើន ព្រោះមានទាំងធនធានថវិកា ទាំងសមត្ថភាព និងមានការជ្រោមជ្រែងពីអ្នកនយោបាយជំនាន់ចាស់ជាដើម ក្នុងការរៀបចំ និងប្រើប្រាស់យុទ្ធសាស្រ្តកៀរគរសមាជិក និងប្រជាប្រិយភាពទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីកាត់បន្ថយឥទ្ធិពលរបស់គណបក្សប្រឆាំង។
លោកបន្ថែមថា ពលរដ្ឋខ្មែរ និងពលករធ្វើការនៅប្រទេសថៃ និងកូរ៉េខាងត្បូងមាននិន្នាការទៅរកបក្សប្រឆាំងច្រើនជាងបក្សកាន់អំណាច ប៉ុន្តែប្រសិនបើគណបក្សប្រឆាំងមើលស្រាល និងព្រងើយកន្តើយយុទ្ធសាស្រ្តរបស់អ្នកនយោបាយវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា នោះវាអាចនឹងធ្វើឱ្យគណបក្សប្រឆាំងធ្លាក់ប្រជាប្រិយភាព ឬមិនអាចរក្សាការគាំទ្រមួយចំនួន។
លោកថ្លែងថា៖ «ពលករ ឬក៏ពលកម្មនៅក្រៅប្រទេសភាគច្រើន កម្មករនិប្រវេសន៍ភាគច្រើននៅប្រទេសថៃ និងប្រទេសកូរ៉េខាងត្បូងហ្នឹង មាននិន្នាការ និងទស្សនៈគាំទ្រទៅលើគណបក្សក្រៅរដ្ឋាភិបាលជាជាងគាំទ្ររដ្ឋាភិបាល។ នេះបើយើងមើលកន្លងមកឃើញទិដ្ឋភាពជាក់ស្តែង។ ក៏ប៉ុន្តែប្រសិនបើគណបក្សកាន់អំណាចធ្វើចរន្តនយោបាយបានខ្លាំង ឬច្រើន អាចកាត់បន្ថយសំឡេងគាំទ្រនេះទៅលើបក្សប្រឆាំងបានដែរ ដោយសារតែនេះជាសកម្មភាពមួយដែលជួយកាត់បន្ថយ ឬ លើកកៀរគរប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច ហើយក៏ជាស្នាដៃបង្ហាញអំពីអនាគតបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងកិច្ចការនេះ»។
បើតាមគណនីហ្វេសប៊ុករបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ដែលបានផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃទី១១ខែកញ្ញា គិតចាប់តាំងពីឆ្នាំ២០១៧ដល់ត្រឹមឆ្នាំ២០២២ សមាជិកគណបក្សបានកើនពីចំនួន១៨១នាក់ ដល់៦២.៩៣៦នាក់ ដែលក្នុងនោះរួមមាននៅប្រទេសកូរ៉េមានចំនួន១៥សាខាដែលមានសមាជិកចំនួន៣.៦៥១នាក់ ប្រទេសជប៉ុនមានចំនួន១២សាខាដែលមានសមាជិកចំនួន២.១១៩នាក់ ប្រទេសម៉ាឡេស៊ីមានចំនួន២សាខាដែលមានសមាជិកចំនួន៣៤៥នាក់ និងប្រទេសថៃមានចំនួន១៤សាខា ដែលមានសមាជិកចំនួន៥៦.៨២១នាក់។
គួរបញ្ជាក់ថា ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេសត្រូវបានប៉ាន់ប្រមាណថា មានជាង១លាននាក់ ដែលភាគច្រើនធ្វើការនៅក្នុងប្រទេសថៃ៕