ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ ព្រមាន​ការ​កើត​ឡើង​សង្រ្គាម​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​គ្រប់​គ្រង​អំណាច


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២២។ (Russian Foreign Ministry/Handout via REUTERS)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២២។ (Russian Foreign Ministry/Handout via REUTERS)

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ថ្លែង​ថា​ បើ​សិន​ជាគណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​មិន​គ្រប់​គ្រងអំណាច​ទេ ​គឺ​សង្គ្រាម​នឹង​ផ្ទុះ​ឡើង ​ដែល​ជា​សារ​មួយ​ត្រូវ​បាន​អ្នក​នយោបាយ​មួយ​ចំនួន​អះអាង​ថា​ ជា​ការ​ព្រមាន​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ។​

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ នៅ​ពេល​លោក​ប្រតិកម្ម​ទៅ​នឹង​អ្នក​រិះ​គន់​រឿង​បញ្ហា​ព្រំ​ដែន​រវាង​កម្ពុជា ​និង​វៀតណាម។

ក្នុងពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​នៅ​រាជធានី​ភ្នំពេញ ​លោក ​ហ៊ុន សែន ​បាន​លើក​ឡើង​អំពី​ការ​រិះគន់​ទាក់​ទង​នឹង​ការ​បើក​ថ្នាក់​រៀន​ភាសា​វៀតណាម​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ដែល​លោក​ថា​ មិន​គួរ​មាន​ការ​រិះគន់​ឡើយ។ ​លោក ​ហ៊ុន សែន ​បន្ថែម​ថា​ បញ្ហា​ប្រឆាំង​នឹង​វៀត​ណាម​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​សង្រ្គាម។ ​

លោក​ថ្លែង​ថា៖​ «ពួក​នេះ​ឱ្យ​តែ​ប៉ះ​ជាមួយ​វៀត​ណាម​គឺ​ថា ​ដឹង​តែ​រក​រឿង​តែ​ម្តង។​ អ៊ីចឹង​បាន​ខ្ញុំ​ថា​ សង្គ្រាម​នៅ​កម្ពុជា​ចៀស​មិនផុត​ទេ។ ​បើ​សិន​គណ​បក្ស​ប្រជា​ជន​មិន​គ្រប់​គ្រង​អំណាច​គឺ​សង្គ្រាម​នឹង​ផ្ទុះ។ ខ្ញុំ​ហ៊ាន​និយាយ​អ៊ីចឹង»។​

បើ​តាម​លោក​ ហ៊ុន សែន ​កត្តា​មួយ​ទៀត ​ក្រៅ​ពី​បញ្ហា​ជាមួយ​វៀតណាម​គឺ​ការប្រើ​ពាក្យ​ត្រៀម​ខ្លួន​រឹបអូស​ពី​អ្នក​មាន​ឱ្យ​អ្នក​ក្រ ​នៅ​ពេល​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះឆ្នោត ​ដែល​លោក​ថា​ ការណ៍​នេះ​នឹង​នាំ​ឱ្យ​កម្ពុជា​មាន​សង្រ្គាម​ផ្ទៃ​ក្នុង​ផង​ដែរ។​

លោក ​ហ៊ុន សែន ​បន្ថែម​ថា៖​ «អ៊ីចឹង​សង្គ្រាម​ផ្ទៃ​ក្នុង​វា​មិន​ផ្ទុះ? [ឡើង] ដែល​ម៉ែអាណា​ឱ្យ​ហ្អែង​រឹប!​ ទី២​ ត្រៀម​វាយ​យក​ទឹក​ដី ​ដែល​បាន​បាត់​បង់។​ ​អ៊ីចឹង​សង្រ្គាម​នៅ​កម្ពុជា​ជា​មួយ​វៀតណាម ​ឬ​ជា​មួយ​ថៃ​ចៀស​មិន​រួចទេ»។​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ក៏​បាន​ចោទ​គណ​បក្ស​ប្រឆាំង​ថា ​បាន​ដាក់​គោល​នយោបាយ​ដណ្តើមទឹក​ដី​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណ​បក្សប្រជាជន​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​ «ពេល​ខាង​មុខ​អ្នក​ឯង​ប្រកួត​ប្រជែង​កម្មវិធី​នយោបាយ​ អ្នក​ឯង​ដាក់​ចេញ​គោល​នយោបាយ​ វាយ​វៀតណាម​ដើម្បី​យក​ដី។ អ្នក​ឯង​ដាក់​ចេញ​មក​ បើ​អ្នក​ឯង​ចិត្ត​សឿង! ដាក់​ចេញ​មក»។

បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ រដ្ឋាភិបាល​បាន​ចុះ​ហត្ថ​លេខា​លើ​ការ​បោះ​បង្គោល​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​វៀតណាម​បាន​៨៤%​ រីឯ​១៦%ទៀត​កំពុង​ចរចា។ ​លោក​ប្រតិកម្ម​តប​ទៅ​អ្នក​រិះ​គន់​ដែល​ថា ​ទឹក​ដី​កម្ពុជា​គង់​តែ​បាត់​បង់​នោះ។ លោកថា​ បើ​ទឹកដី​កម្ពុជា​គង់​តែ​បាត់​បង់​មែន ​កម្ពុជា​មិន​ចាំ​បាច់​ខំប្រឹង​ចរចា​អស់​រយៈ​ពេល​ប្រមាណ​៤០​ឆ្នាំ​នេះ​ទេ។​

លោក ​អ៊ូ ច័ន្ទរ័ត្ន ​ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា​ ចាត់​ទុក​សម្តី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជា​ការគំរាម​កំហែង ​និង​ការ​បំភិត​បំភ័យ​ដល់ពល​រដ្ឋ ​នៅ​មុន​ការ​បោះ​ឆ្នោត។​ លោក​សង្កត់​ធ្ងន់ថា​ ទាំង​រដ្ឋាភិបាល​ និង​គណ​បក្ស​កាន់​អំណាច​ត្រូវ​តែ​ពន្យល់​ពី​ស្ថាន​ភាព​ទូទៅ​នៃ​ការ​បោះបង្គោល​ព្រំដែន ​និងទឹក​ដី​កម្ពុជា​ឱ្យ​បាន​ច្បាស់​ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​យល់ដឹង និង​ចៀស​វាង​ការបំបាក់​ស្មារតី​ពល​រដ្ឋ​ខ្លួន​ឯងទាក់​ទង​បញ្ហា​ទឹក​ដី​នេះ។ ​

លោក​ថ្លែង​ថា៖​ «ជា​ការណ៍​ពិត​ រាល់​ពេល​[ឬ]​កៀក​ពេល​បោះ​ឆ្នោត​ តែង​តែ​មាន​ការ​លើក​ឡើង​ពី​រឿង​ទឹក​ដី​ហ្នឹង​ រឿង​ទឹកដី ​រឿង​វៀត​ណាម​ រឿង​ស្អីៗ​ហ្នឹង ​ហើយ​ខ្ញុំ​យល់​ថា​ នៅ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​មាន​ការ​ព្រួយ​បារម្ភ​ពី​រឿង​សង្គ្រាម​អីហ្នឹង។ វា​ជា​ការណ៍​ពិត​ហើយ។​ ហើយ​បើ​លើក​ឡើង​ពីរឿង​អស់​ហ្នឹង​ ​ច្បាស់ជា​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ហ្នឹង​មាន​ការ​យល់​ឃើញ​ថា​ ត្រូវ​តែ​ការ​ពារ​គណ​បក្ស​ប្រជាជន​បច្ចុប្បន្ន​ហើយ​ដើម្បី​ការ​ពារ​ទឹក​ដី​ហ្នឹង​ កុំ​ឱ្យ​កើត​មាន​សង្គ្រាម​ហ្នឹង»។​

លោក​បន្ថែម​ថា ​មិន​មាន​គ​ណ​បក្ស​ណា​មួយ​ដាក់​ចេញគោល​នយោបាយ​ធ្វើ​សង្គ្រាម​នោះ​ទេ។ ​លោក​បញ្ជាក់​ថា​ ទាក់​ទង​បញ្ហា​ទឹកដី​កម្ពុជា​នេះ​ គណ​បក្ស​កែ​ទម្រង់​កម្ពុជា​ក៏​មាន​គោល​នយោបាយ​ផង​ដែរ ​ ប៉ុន្តែ​ប្រើ​ប្រាស់​យន្ត​ការ​ច្បាប់​ក្នុងការទាមទារ​ទឹកដី​ដែល​បាន​បាត់​បង់ ​និង​បញ្ជាក់​ឱ្យ​បាន​ច្បាស់អំពី​ទឹក​ដីរ​បស់​កម្ពុ​ជា​ពី​សំណាក់សហគមន៍​អន្តរ​ជាតិ ​និង​អ្នក​ពាក់​ព័ន្ធ។ ​

លោក ​អ៊ូ ច័ន្ទរ័ត្ន ​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ ​គណ​បក្ស​ប្រឆាំង​មិន​ដែល​ចង់​ទៅ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ណាម្នាក់​នោះ​ទេ ​តែ​ប្រសិន​បើ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​បាន​មក​ដោយ​ខុស​ច្បាប់ ​ ទើប​ពិចារណា​ថារឹប​អូស។ ​

​លោក ​ថាច់ សេដ្ឋា ​ប្រធាន​ស្តីទី​គណបក្ស​ភ្លើង​ទៀន ​កត់​សម្គាល់​ដូច​លោក​ អ៊ូ ច័ន្ទរ័ត្ន ​ដែរ​ថា ​ឱ្យតែ​ពេល​ជិត​ដល់​បោះ​ឆ្នោត​គឺ​តែង​តែ​ឮវោហារ​សព្ទ​នយោបាយ​បែប​នេះ​កើត​មាន​ឡើង​ ដែល​លោក​ថា​ ជា​ការ​បំភិត​បំភ័យ​ដល់​ពលរដ្ឋ ​និង​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ដល់​គណ​បក្ស​ដទៃ។​

​លោក​ថ្លែង​ថា៖ ​«ទី១​ វា​ជា​ការ​បំភិត​បំភ័យ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដែល​លោក​មិន​បាន​សូវ​យល់​ដឹង​ដល់​គណ​បក្ស​នយោបាយ​ គោល​នយោបាយ។ ​ហើយទី​២​ ដូច​ថា​ ជា​ការ​គំរាម​កំហែង​ទៅ​ដល់​គណបក្ស​នយោបាយ​ ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​យល់ច្រឡំ​ថា​ គណបក្ស​នយោបាយ​ខ្លះ​ហ្នឹង​មាន​គោល​នយោបាយ​ទៅ​រឿងសង្គ្រាម​ ទៅ​រឿង​រឹបអូស​យក​ដី​ធ្លី​នេះ»។​

លោក​បន្ថែម​ថា ​មិន​មាន​គណ​បក្ស​នយោបាយ​ណា​មួយ​ប្រើ​ប្រាស់​ការ​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង ​ដូច​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នោះ​ទេ​ តែ​ទាម​ទារ​ឱ្យ​មាន​ការ​បង្កើត​កិច្ច​សហការ​គ្នាល្អ ​ដូច​ជាភាគី​វៀតណាម​ស្នើបង្កើត​សមាគម ​និង​មហា​វិទ្យា​ល័យ​វៀតណាម​នៅ​កម្ពុជា​បាន ​ដូច្នេះ​ក៏​ត្រូវ​អនុញ្ញាត​ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​ដូច​គ្នា​នេះ​ផង​ដែរ​ ដោយ​មិន​ត្រូវ​មាន​ការ​រឹត​ត្បិត​នោះឡើយ៕

XS
SM
MD
LG