ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន ម៉ាណែត ​អំពាវ​នាវ​កុំ​ឱ្យ​ «ជឿ​ងប់»​រហូត​បែក​បាក់​គ្រួសារ ​ករណី​ជំនឿ​លើ​លោក​ ខឹម វាសនា


រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។

លោក ​ហ៊ុន ម៉ាណែត ​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​កាល​ពី​ពេល​ថ្មី​នេះ ​បាន​អំពាវនាវ​ដល់ប្រជា​ពល​រដ្ឋ​កុំ​ឱ្យ«ជឿ​ងប់»​ទៅ​លើ​អ្វី​មួយ​ខ្លាំង​ពេក ​រហូត​ដល់បែក​បាក់​គ្រួសារ ​ដែល​លោក​សំដៅ​លើការ​ឃោសនា​បែប​ជំនឿ ​និង​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ចម្ការ​ម្រេចរបស់​លោក ​ខឹម វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​(LDP) ​នៅ​ក្បែរ​ជើង​ភ្នំគូលែន​ ក្នុង​ខេត្ត​សៀមរាប។​

ការ​ថ្លែង​របស់​លោក ​ហ៊ុន ម៉ាណែត​ មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា​ និង​ជា​បេក្ខជន​បន្ត​វេន​នាយក​រដ្ឋមន្រ្តី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​មួយ​ កាល​ពី​ថ្ងៃ​ទី៥ ​ខែ​កញ្ញា ឆ្នាំ​២០២២​ ហើយ​វីដូអេ​នៃ​ការ​ថ្លែង​របស់​លោក​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​តាមបណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ផ្ទាល់​ នា​ថ្ងៃ​ពុធ​នេះ។​

នៅ​ក្នុង​វីដេអូ​ជាង​៣​នាទី​នោះ​ លោក ​ហ៊ុន ម៉ាណែត ​អំពាវនាវ​កុំ​ឱ្យ​ប្រជា​ពល​រដ្ឋ​«ជឿ​ងប់» ​ឬ​«ជ្រុល​និយម​»​ទៅ​លើ​អ្វី​មួយ​ រហូត​នាំ​ឱ្យ​បែក​បាក់​គ្រួសារ។ ​លោក​បន្ថែម​ថា​ បុគ្គល​ម្នាក់ៗ​មាន​ជំនឿ​រៀងៗ​ខ្លួន ​ ប៉ុន្តែ​សូម​កុំកាត់​ផ្តាច់​សាច់​ឈាម​ និងមនោ​សញ្ចេត​នា​ឪពុក​ម្តាយ​បង​ប្អូន។​

​លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​ថា៖ ​«អារឿង​ គាត់​ថា ​អី​ថា​ចុះ! រឿង​ជឿ​[ជា]​ជំនឿ​របស់​គាត់​ អាហ្នឹង​ជា​ជំនឿ​សិទ្ធិ​របស់​គាត់។​ យើង​ក៏​មាន​ជឿ​ទៅ​លើ​អ្វី។​ ប៉ុន្តែ​កុំ​ឱ្យ​ដល់​ជ្រុល​និយម​រហូត​ដល់​កាត់​កាល​គ្រួសារ ​ធ្វើ​អ្វី​ខុស​ច្បាប់​ ឬ​មួយ​ក៏ដូច​នៅ​អាមេរិក​ Jim Jones​ គឺ​សម្លាប់​ខ្លួន​ទាំង​អស់​៩០០​នាក់​ជាង។​ គាត់​ទៅ​នៅ​កន្លែង​ដូច​[ចម្ការ​ម្រេច]​ គាត់​ទៅ​ គាត់​ជឿ​ងប់។​ គាត់​ថា ​ពិភព​លោក​នឹង​បញ្ចប់​ ត្រូវ​តែ​ទៅ​រក​ពិភព​ថ្មី។​ អ៊ីចឹង​សម្លាប់​៩០០​នាក់ ​លេប​ថ្នាំ​សម្លាប់​ខ្លួន​ទាំង​អស់ ​ដោយ​ស្ម័គ្រ​ចិត្ត។ ​យើង​ព្រួយ​បារម្ភ​អាហ្នឹង​ទេតើ​ ​ពី​ដើម​ឡើយ។ ​តែ​មក​ដល់​ម៉ោង​នេះ ​ យើង​ឃើញ​ថា ​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ។ ​ប៉ុន្តែ​មាន​ការ​បែក​បាក់​គ្រួសារ​ បែក​បាក់​ឪពុក​ម្តាយ​ ប្តី​ប្រពន្ធ​ដោយ​សារ​ជំនឿ។​ ខ្ញុំ​ថា​ មិន​គួរ​ទេ»។​

កាលពី​ពេល​ថ្មីៗ​នេះ​ ប្រជា​ពល​រដ្ឋ​ដែល​ទំនោរ ​និង​ជឿ​លើ​ការ​ឃោសនា​របស់​លោក ​ខឹម វាសនា​ ដែល​ថា​ នឹង​មាន​ទឹក​ជំនន់​លិច​ពិភព​លោក​នោះ ​បាននាំ​គ្នា​ទៅ​ស្នាក់​នៅ​ចម្ការម្រេច​របស់​លោក​ ខឹម វាសនា ​តាំង​ពី​ចុង​ខែ​សីហា ​ឬ​ប្រមាណ​២​សប្តាហ៍​មក​ហើយ។ ​ប្រជា​ពល​រដ្ឋ​ខ្លះ​មិន​ទាន់​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឡើយ​ទេ។ ​នេះ​បើ​តាម​គ្រួសាររបស់​អ្នក​ដែល​ទៅ​ស្នាក់​នៅ​ទីនោះ។​

អ្នក​ស្រី ​គង់ ចាន់ធូ ​ដែល​មាន​កូន​ស្រីទៅ​ស្នាក់​នៅក្នុង​ចម្ការ​ម្រេច​របស់​លោក ​ខឹម វាសនា​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​កូន​ស្រី​អាយុ​១៨​ឆ្នាំ​របស់​អ្នកស្រី​មិន​ទាន់​បាន​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។​ អ្នក​ស្រី​ព្រួយ​បារម្ភ​អំពី​អនាគត​កូន​ស្រី​របស់​ខ្លួន​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ចម្ការ​នោះ រួមគ្នា​ជាមួយ​អ្នក​ផ្សេង​ និង​មិន​ត្រឡប់​មក​ផ្ទះ​វិញ។​

អ្នក​ស្រី​បញ្ជាក់​ថា៖​ «និយាយ​រួម​ការ​ព្រួយ​បារម្ភ​របស់​ម្តាយ​ចង់​ឱ្យ​កូន​នៅ​ស្រុក ​រៀន​ឱ្យ​បាន​ជ្រៅ​ជ្រះ ​មិន​ចង់​ឱ្យ​ទៅ​រស់​នៅ​បែប​នោះទេ​ ព្រោះ​អនាគត​នៅ​វែង​ឆ្ងាយ​ណាស់។​ អាហ្នឹង​ជា​ឧត្តម​គតិ​របស់​ម្តាយ។​ ​តែ​គាត់​ជឿ​តាម​ការ​បំផុស​បំផុល​ឃោសនា​របស់​គណ​បក្ស​ហ្នឹង​ ខ្ញុំ​ក៏​មិន​ពេញ​ចិត្ត​ដែរ»។ ​

ចំណែក​ស្រ្តី​ម្នាក់​ទៀត ​ដែលស្វាមី​កំពុង​ស្នាក់​នៅ​ក្នុង​ចម្ការ​ម្រេច​របស់​លោក​ ខឹម វាសនា ​ដែរ​នោះ​ ក៏​ចង់​ឱ្យ​ស្វាមី​ត្រឡប់​មក​រស់​នៅ​ និង​មក​ធ្វើ​ការ​ជា​ធម្មតា​វិញ។​

អ្នកស្រី ​មៀច ស្រី​ល័ក្ខ ​អាយុ​២៣​ឆ្នាំ ​ថ្លែង​ថា​ ស្វាមី​របស់​អ្នក​ស្រី​សុខ​ចិត្ត​សុំ​ច្បាប់​ការ​ងារ​ដើម្បី​ទៅ​ស្នាក់​នៅ​ក្នុង​ចម្ការ​នោះ ​ហើយ​គ្រួសារ​មិន​អាច​ទាក់​ទង​បាន​ឡើយ។ ​អ្នកស្រី​បន្ថែម​ថា​ កាល​ពី​ថ្ងៃ​ទី​៦​ ខែ​កញ្ញា​ ស្វាមី​របស់​អ្នក​ស្រី​បាន​ទាក់​ទង​មក​អ្នក​ស្រី​បន្តិច​ដែរ ​ដោយ​ប្រាប់​ថា​ នឹង​លែង​លះ​គ្នា ​និងប្រាប់​ថា រក​សម្លាប់​ខ្លួន​ថែម​ទៀត​ផង។​

អ្នកស្រី​ថ្លែង​ថា៖ ​«សម្រាប់​ខ្ញុំ​ អត់​មាន​ដាក់​ទោសពៃរ៍ ​អត់​មាន​ខឹង​សម្បាគាត់​ទេ។ ​ខ្ញុំ​លួង​លោម​គាត់​រហូត​នៅ​ក្នុង​សារ​នៅ​ក្នុង​តេឡេ​ក្រាម។​ សូម្បី​ពាក្យ​សម្តី​និយាយ​ជាមួយ​គាត់​ ក៏​អត់​មាន​ទាស់​ទែង​ជាមួយ​គាត់​ដែរ។ ​យើង​ព្យាយាម​និយាយ​ល្អ​ជាមួយ​គាត់។​ ដូចថា ​គាត់​កំពុង​មាន​បញ្ហា​អ៊ីចឹង​ហើយ​ បើ​យើង​ជាន់​ពន្លិច​គាត់​ទៀត ​គាត់​អាច​គិត​ខ្លី»។ ​

វីអូអេ​មិនទាន់​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ពី​លោក ​ខឹម វាសនា ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ និង​លោក ​អ៊ី សាំងឡេង​ អនុ​ប្រធាន​គណបក្ស​បាន​នៅ​ឡើយ​ទេ។​

លោក ​យង់ គិមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពល​រដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិ​ភាព​ កត់​សម្គាល់​ថា ​នៅពេល​អ្នក​នយោបាយ​យក​អបិយ​ជំនឿ​ក្នុង​ការ​ឃោសនា​ផ្សព្វផ្សាយឱ្យ​ប្រជា​ពល​រដ្ឋ​ជឿ​ដោយ​គ្មា​ន​មូល​ដ្ឋាន​វិទ្យា​សាស្រ្ត​បែប​នេះ​ គឺជា​ការ​ខាត​បង់​ប្រយោជន៍​ដ៏​ធំ​ដល់​ពលរដ្ឋ ​និង​សង្គម​ ហើយ​ក៏​អាច​ជា​គ្រោះ​ថ្នាក់​ និង​ចលាចលសង្គម ​ប្រសិន​បើ​អ្នក​នយោបាយ​យក​អបិយ​ជំនឿ​បែប​នេះ​ទៅ​ដឹក​នាំ​ប្រទេស។​

លោក​យល់​ថា​ ប្រជា​ពលរដ្ឋ​គួរ​មាន​ការ​គិត​ពិចារណា​ឱ្យបាន​ច្បាស់​ មុន​ជឿ​លើ​អ្វី​មួយ​ ហើយ​អ្នក​នយោបាយ​គួរ​តែ​ជា​អ្នក​តម្រង់​ទិស​ប្រជា​ពលរដ្ឋ​ កុំ​ឱ្យ​ធ្លាក់​ក្នុង​ជំនឿ​បែប​នេះ។​

លោក​ថ្លែង​ថា៖​ «បើ​សិន​អ្នក​នយោបាយ​នាំ​គេ​ទៅ​ជឿ​រឿង​មិន​សម​ហេតុ​សម​ផលហ្នឹង​គឺ​ធ្វើ​ឱ្យ​សង្គម​ប្រេះឆា។​ វា​បែក​បាក់​ ហើយ​អាច​នឹងមាន​ជម្លោះ​ទាស់​ទែង​ ការ​រើស​អើង ​ការ​ប្រឆាំង​គ្នា​នៅ​ក្នុង​សង្គម​ កើត​ឡើង​ភាព​ប្រេះ​ឆា​ក្នុង​សង្គម​កាន់​តែ​ខ្លាំង»។ ​

លោក​បន្ថែម​ថា​ គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជា​ធិបតេយ្យ​គួរ​តែ​ពិនិត្យ​មើល ​និង​រៀប​ចំ​រចនា​សម្ព័ន្ធ​របស់​ខ្លួន​ឡើង​វិញ​ថា​ តើ​គោល​នយោបាយ​របស់​គណ​បក្សនាំ​ឱ្យ​គេ​មាន​អបិយ​ជំនឿបែប​នេះ ​ឬ​យ៉ាង​ណា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG