ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ប្រទេស​​បង់ក្លាដែស​ចាប់​ផ្តើម​បញ្ជូន​ជន​ភៀស​ខ្លួន Rohingya ទៅ​​កោះ​មួយ​ដែល​​មាន​ភាព​ចម្រូង​ចម្រាស


ជនភៀសខ្លួន Rohingya កំពុងត្រូវបានគេដឹកតាមរថយន្តក្រុងទៅកាន់ស្រុក Chittagong ពីជំរុំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ។ (Munir Uz Zaman / AFP)

ប្រទេស​បង់ក្លាដែសបាន​ចាប់​ផ្តើម​បញ្ជូន​ជនភៀសខ្លួន​ Rohingya​ ជា​ច្រើន​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​កាន់​តំបន់​កោះ​មួយដែល​ធ្វើ​ឲ្យ​អ.ស.ប​និង​ក្រុម​សិទ្ធិមនុស្ស​មាន​ការព្រួយ​បារម្ភ​ខ្លាំង ព្រោះ​ទី​កោះ​នោះ​ជា​កន្លែង​ងាយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្យល់​ព្យុះ​ស៊ីក្លូន​និង​ទឹក​ជំនន់កើត​មាន​ឡើង។​នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

ជនភៀសខ្លួន​ Rohingya ​ប្រហែល​ជិត​១​លាន​នាក់​ ដែលភាគ​ច្រើន​បាន​រត់​គេច​ខ្លួន​ពី​ការវាយ​ប្រហាររបស់​កងទ័ពក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​នៅ​ជាប់​ប្រទេស​បង់ក្លាដែស​ក្នុង​ឆ្នាំ​២០១៧​ បាន​មក​រស់នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន​មួយ​ចំនួន​ដែល​គ្មាន​អនាម័យ​ក្នុង​ភាគ​អាគ្នេយ៍​ប្រទេស​បង់ក្លាដែស។

ដោយ​មានជនភៀសខ្លួន​ជាច្រើន​បាន​បដិសេធមិន​ព្រម​ត្រឡប់​ទៅកាន់​លំនៅដ្ឋាន​ដើមរបស់​ខ្លួនក្នុង​ប្រទេស​មីយ៉ាន់ម៉ាវិញ​ ដោយ​គ្មាន​ការធានាសុវត្ថិភាព​និងសិទ្ធិមនុស្ស​ និង​ដោយ​មាន​បញ្ហា​ក្រុម​ក្មេងស្ទាវប្រើប្រាស់​គ្រឿងញៀន​កំពុង​កើន​មាន​ឡើង​ខ្លាំង​នៅ​តាម​ជំរំនោះ​ រដ្ឋាភិបាល​ប្រទេស​បង់ក្លាដែស​បាន​បញ្ចប់ភាពអត់ធ្មត់និង​ចាប់​ផ្តើម​គម្រោង​ផែនការ​របស់​ខ្លួន​ក្នុង​ការបិទ​ជំរំទាំងនោះ។

មន្ត្រី​ប៉ូលិស​បាន​និយាយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មាន​រថយន្ត​ក្រុងយ៉ាង​ហោច​ណាស់​ក៏​ចំនួន​១០​ដែរ​បាន​ដឹក​ជញ្ជូន​ជនភៀសខ្លួន​ចេញ​ពី​ជំរំជនភៀសខ្លួន​ក្នុង​តំបន់​ Cox's Bazar ឆ្ពោះ​ទៅ​កាន់ទីក្រុង​កំពង់ផែ​ Chittagong។​

មន្ត្រី​ប៉ូលិស​មូលដ្ឋានបានប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP​ ថា​ រថយន្ត​ក្រុងទាំង​១០​នោះ​បាន​ដឹក​ជនភៀសខ្លួនប្រមាណ​៤០០​នាក់​ទៅ​កាន់​តំបន់​កោះដែល​គេ​បាន​គ្រោង​ទុក​នោះ។​

ការិយាល័យ​អ.ស.ប​ក្នុង​ប្រទេស​បង់ក្លាដែស​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ខ្លីមួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​លើក​ឡើង​ថា​ខ្លួន​ «​មិន​មាន​ការពាក់ព័ន្ធ» ​នៅ​ក្នុង​ដំណើរការផ្លាស់​ប្តូរ​ទីតាំង​ជន​ភៀស​ខ្លួន​ទាំង​នោះ​ទេ​ហើយ​ខ្លួន​បាន​ទទួល ​«ព័ត៌​មាន​តិចតួច» ប៉ុណ្ណោះជុំវិញ​បញ្ហា​នេះ៕

XS
SM
MD
LG