ប្រទេសនិងអង្គការអន្តរជាតិផ្ដល់ជំនួយអន្តរជាតិនានា បានរៃអង្គាសថវិកាបានជិត ៦០០ លានដុល្លារកាលពីថ្ងៃទី ២២ ខែតុលាកន្លងទៅនេះ ដើម្បីជួយសម្រាលទុក្ខវេទនារបស់ជាតិសាសន៍រ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមប្រមាណ ៨ សែន ៦ ម៉ឺននាក់ ដែលបានរត់គេចពីប្រទេសមីយ៉ាន់ម៉ា កាលពី ៣ ឆ្នាំមុន ទៅកាន់ប្រទេសបង់ក្លាដេស ស្របពេលដែលរដ្ឋាភិបាលបង់ក្លាដេស ព្រមានថា ខ្លួនមិនអាចទទួលជាតិសាសន៍ទាំងនេះឱ្យរស់នៅក្នុងប្រទេសរបស់ពួកគេ ជារៀងរហូតបានទេ។
លោក Shahriar Alam អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសបង់ក្លាដេស បានបញ្ជាក់នៅក្នុងសន្និសីទតាមអនឡាញនៃក្រុមប្រទេសនិងអង្គការផ្ដល់ជំនួយអន្តរជាតិ កាលពីថ្ងៃទី ២២ ខែតុលាថា៖
«ប្រទេសមីយ៉ាន់ម៉ាបានបង្កើតបញ្ហានេះឡើង ហើយប្រទេសនេះត្រូវតែរកដំណោះស្រាយចំពោះបញ្ហានេះ។ ប្រទេសបង់ក្លាដេសមិនមានតួនាទីនៅក្នុងការបន្តទទួលបន្ទុកលើបញ្ហានេះតទៅទៀតទេ។ ជាតិសាសន៍រ៉ូហ៊ីងយ៉ាត្រូវតែវិលត្រឡប់ទៅកាន់ប្រទេសដើមរបស់ពួកគេវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ប្រទេសបង់ក្លាដេសបានទទួលជាតិសាសន៍រ៉ូហ៊ីងយ៉ាឱ្យស្នាក់អាស្រ័យ ចាប់តាំងពីពួកគេបានរត់គេចខ្លួនចេញពីរដ្ឋ Rakhine នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា កាលពីខែសីហា និងខែកញ្ញា ឆ្នាំ ២០១៧ មក បន្ទាប់ពីមានការវាយប្រហារដោយពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ប្រឆាំងនឹងកងកម្លាំងសន្តិសុខរដ្ឋាភិបាល ដែលបណ្ដាលឲ្យយោធាមីយ៉ាន់ម៉ាធ្វើ «ប្រតិបត្តិការបោសសម្អាត» តបតវិញ យ៉ាងឃោរឃៅ ដែលអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រតិបត្តិការនេះដូចទៅនឹង «ការលុបបំបាត់ជាតិសាសន៍» ដូច្នេះដែរ។
លោក Filippo Grandi ដែលជាប្រធានទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បាននិយាយជាថ្មីម្ដងទៀតថា គោលដៅចុងក្រោយបំផុត គឺធ្វើយ៉ាងណាឲ្យជាតិសាសន៍រ៉ូហ៊ីងយ៉ាវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ប៉ុន្តែនៅក្រោមស្ថានការណ៍ត្រឹមត្រូវ។
លោក Grandi បានមានប្រសាសន៍ថា៖ «យើងមិនត្រូវឈប់រកដំណោះស្រាយនោះទេ ហើយដំណោះស្រាយសំខាន់បំផុត គឺការវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ [របស់ជាតិសាសន៍រ៉ូហ៊ីងយ៉ាទាំងនេះ]។ នេះគឺជាការទទួលខុសត្រូវទាំងស្រុងរបស់ប្រទេសមីយ៉ាន់ម៉ា»។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានបញ្ជាក់ថា ស្ថានការណ៍នៅនឹងកន្លែងនៅមិនទាន់អំណាយផលនៅឡើយទេ សម្រាប់ជាតិសាសន៍រ៉ូហ៊ីងយ៉ាក្នុងការវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងតាមការស្ម័គ្រចិត្ត។
រដ្ឋាភិបាលមីយ៉ាន់ម៉ាមិនទាន់ដោះស្រាយមូលហេតុជាឬសគល់ ដែលបណ្ដាលឲ្យជាតិសាសន៍រ៉ូហ៊ីងយ៉ារាប់សែននាក់រត់គេចពីផ្ទះសម្បែងរបស់ពួកគេ ដែលក្នុងនោះមានទាំងការរើសអើងនិងអំពើហិង្សាប្រឆាំងនឹងជាតិសាសន៍ទាំងនេះផងដែរ ឬក៏អនុញ្ញាតឱ្យពួកគេអាចដើរហើរដោយសេរីក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ។ ក្រៅពីនេះ ក៏គ្មានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មឃោរឃៅដែលបានធ្វើឡើងចំពោះជាតិសាសន៍ទាំងនេះផងដែរ។
បន្ថែមពីលើជាតិសាសន៍រ៉ូហ៊ីងយ៉ា ៨ សែន ៦ ម៉ឺននាក់ ដែលកំពុងជ្រកកោននៅក្នុងប្រទេសបង់ក្លាដេស មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១ សែន ៥ ម៉ឺននាក់ទៀតកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងឥណ្ឌា។ ជាតិសាសន៍រ៉ូហ៊ីងយ៉ាប្រមាណ ៦ សែននាក់ទៀត នៅស្ថិតនៅក្នុងរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ាដដែល ដែលក្នុងនោះចំនួន ១ សែន ៤ ម៉ឺននាក់ គឺជាជនខ្ចាត់ព្រាត់ពីផ្ទះសម្បែងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់។
សន្និសីទរបស់ប្រទេសនិងអង្គការផ្តល់ជំនួយអន្តរជាតិកាលពីថ្ងៃទី ២២ ខែតុលាកន្លងទៅនេះ ត្រូវបានរៀបចំរួមគ្នាដោយអង្គការ UNHCR សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។
សហរដ្ឋអាមេរិកបានធ្វើវិភាគទានច្រើនជាងគេបំផុត ដោយបានប្រកាសថា នឹងផ្តល់ជំនួយថ្មីចំនួនជិត ២០០ លានដុល្លារ ដោយនាំឱ្យការរួមចំណែកសរុបរបស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០២០ នេះ មានចំនួនជាង ៤៣៧ លានដុល្លារ សម្រាប់ជាតិសាសន៍រ៉ូហ៊ីងយ៉ា និងការរួមចំណែកសរុបតាំងពីឆ្នាំ ២០១៧ មក មានចំនួនជាង ១ ពាន់ ២ រយលានដុល្លារ។
រដ្ឋាភិបាលមួយចំនួនទៀតក៏បានប្រកាសអំពីការសន្យាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់លើការសិក្សាអប់រំ ការឆ្លើយតបនិងការបង្ការជំងឺកូវីដ១៩ ការការពារ និងជំនួយខាងម្ហូបអាហារ និងខាងសុខភាព។
វិភាគទានទាំងនេះក៏នឹងត្រូវប្រើប្រាស់ដើម្បីបង្កើនសកម្មភាពនានានៅក្នុងរដ្ឋ Rakhine ផងដែរ ដើម្បីបង្កើតស្ថានភាពសម្រាប់ការធ្វើមាតុភូមិនិវត្តរបស់ជាតិសាសន៍រ៉ូហ៊ីងយ៉ា និងដើម្បីសម្រាលសម្ពាធលើសហគមន៍នានា នៅក្នុងប្រទេសបង់ក្លាដេស ដែលបានផ្ដល់កន្លែងជ្រកកោនឲ្យជាតិសាសន៍រ៉ូហ៊ីងយ៉ាទាំងនេះ៕
ប្រែសម្រួលដោយ ឈឹម សុមេធ