ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គូ​បដិបក្ខ​យល់​ព្រម​ចំពោះ​ការ​មិន​ចុះ​សម្រុង​គ្នា​ ខណៈ​ដែល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បញ្ចប់


រូបភាព​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី៧០ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។
រូបភាព​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី៧០ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥។

មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​ប្រទេស​ជាតិ​មួយ​ចំនួន​ និង​បាន​ផ្តល់​ឱកាស​ឲ្យ​មេដឹកនាំ​ជាច្រើន​ជួប​ចរចាគ្នា​ដោយ​ផ្ទាល់​។

នៅ​ក្នុង​អំឡុង​ពេល​នៃ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ មេដឹកនាំ​ប្រទេស​ជាច្រើន​បាន​ផ្តោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី គឺ​ជម្លោះ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​២៥០.០០០​នាក់ និង​បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ក្រុម​ភេរវកម្ម​ជាច្រើន​ដូច​ជា​ ក្រុម​រដ្ឋ​ឥស្លាម ​ឬ​ ISIL។​

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក​ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា៖​
«ភាព​ប្រាកដ​និយម​បញ្ជាក់​ប្រាប់​យើង​ថា​ ការ​សម្រប​សម្រួល​នឹង​ត្រូវ​ការ​ជា​ចាំបាច់​ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ ហើយ​នៅ​ទីបញ្ចប់​លុប​បំបាត់​ចោល​ក្រុម​រដ្ឋ​ឥស្លាម​ទាំង​ស្រុង​តែ​ម្តង។ ក៏ប៉ុន្តែ​ ភាព​ប្រាកដ​និយម​ក៏​ត្រូវ​ការ​ផង​ដែរ​នូវ​ការ​ផ្លាស់​ប្តូរ​មួយ​ដែល​ត្រូវ​បាន​ចាត់​ចែង​យ៉ាង​ល្អ​ ដើម្បី​ចាក​ចេញ​ពី​របប​លោក​អាសាដ (Assad)​ ហើយ​ឆ្ពោះ​ទៅ​កាន់​មេដឹកនាំ​ថ្មី​មួយ​ទៀត»។

នេះ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​រុស្ស៊ី​មិន​បាន​យល់​ស្រប​ជាមួយ​គ្នា។ រដ្ឋាភិបាល​ទីក្រុង​មូស្គូ​គាំទ្រ​របប​របស់​លោក​ Bashar al-Assad ហើយ​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​ប្រធានា​ធិបតី​រុស្ស៊ី​វ្លាដឺមៀ ពូទីន (Vladmir Putin) បាន​ថ្លែង​ថា៖
«យើង​គិត​ថា​ វា​ជា​កំហុស​ដ៏​ធំ​មួយ​ដែល​យើង​បដិសេធ​មិន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ីរី ក៏​ដូច​ជា​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​នេះ​ដែល​កំពុង​តែ​វាយប្រយុទ្ធ​នឹង​ភេរវកម្ម​នៅ​ចំពោះ​មុខ»។

លោក​ អូបាម៉ា​ និង​លោក ពូទីន​បាន​ជួប​ពិភាក្សា​គ្នា​ជា​លក្ខណៈ​ឯកជន​អស់​រយៈ​ពេល​ប្រហែល​៩០​នាទី​នៅ​ទីក្រុង​ញូវយ៉ក​ ដែល​នៅ​ទីនោះ ​មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​និយាយ​អំពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ផង​ដែរ។

មេដឹក​នាំ​ជា​ច្រើន​ទៀត​ ដែល​បាន​ចូលរួម​ក្នុង​មហាសន្និបាត​ បាន​សាទរ​ចំពោះ​កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ ដែល​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​បញ្ចប់​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អស់​ជាច្រើន​ទសវត្សរ៍​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​ ជា​ថ្នូរ​នឹង​ការ​រឹតបន្តឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ។ ក្នុង​ចំណោម​មេដឹកនាំ​ទាំង​នោះ​រួម​មាន​ប្រធានាធិបតី​ប្រទេស​អ៊ីរ៉ង់​ខ្លួន​ឯង​ផ្ទាល់​ផង​ដែរ។​
នៅ​ក្នុង​មហាសន្និបាត​នោះ​ លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ Hassan Rouhani ​បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ​ ខ្ញុំ​អាច​ប្រកាស​ដោយ​មោទនភាព​ថា​ ជំពូក​ថ្មី​នៃ​ទំនាក់​ទំនង​របស់​អ៊ីរ៉ង់​ជាមួយ​ប្រទេស​ដទៃ​នៅ​ទូទាំង​ពិភពលោក​បាន​ចាប់​ផ្តើម​ហើយ»។

ក៏ប៉ុន្តែ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល​ លោក​ Benjamin Netanyahu ​បាន​និយាយ​សារ​ជា​ថ្មី​ថា​ កិច្ច​ព្រម​ព្រៀង​នោះ​បាន​ផ្តល់​សម្បទាន​ច្រើន​ជ្រុល​ពេក​ទៅ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់។
«តើ​មាន​អ្នក​ណា​ម្នាក់ជឿ​ជាក់​ថា​ ការ​ផ្តល់​អាវុធ ​និង​ប្រាក់​យ៉ាង​ច្រើន​ដល់​ប្រទេស​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​សាសនា​ជ្រុល​និយម​អាច​បញ្ឈប់​ភាព​ស្រេក​ឃ្លាន​នៃ​ការ​ឈ្លានពាន​របស់​គេ​បាន​ដែរ​នោះ​ទេ?»

លោក​ Netanyahu​ ក៏​បាន​និយាយ​ដែរ​ថា​ អ៊ីស្រាអែល​ មាន​ឆន្ទៈ​ចរចា​ជាមួយ​អាជ្ញាធរ​ប៉ាឡេស្ទីន​ ទោះបី​ជា​មេដឹកនាំ​របស់​ពួក​គេ ​គឺ​លោក​ Mahmoud Abbas​ ​បាន​រិះគន់​ការ​រំលោភ​បំពាន​របស់​អ៊ីស្រាអែល​លើ​កិច្ច​ព្រម​ព្រៀង​ចាស់​ ថា​ជា​មូលហេតុ​ដែល​លោក​នឹង​មិន​ចូល​តុ​ចរចា​ជាមួយ​អ៊ីស្រាអែល​ទៀត​នោះ​ក៏​ដោយ។
លោក ​Mahmoud Abbas​ ប្រធានាធិបតី​នៃ​អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​និយាយ​ថា៖ «រដ្ឋាភិបាល​អ៊ីស្រាអែល​ទទូច​ចង់​បន្ត​ការ​បំផ្លិច​បំផ្លាញ​របស់​ពួកគេ​លើ​វិធានការ​ដោះ​ស្រាយ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋ​ទាំង​ពីរ»។

នៅ​ក្នុង​វគ្គ​ខ្លះ​នៃ​មហាសន្និបាត​នោះ​ លោក​អូបាម៉ា​ និង​លោក​ Raul Castro​ ប្រធាធិបតី​នៃ​ប្រទេស​គុយបា​បាន​ជួប​គ្នា​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរ​បាន​បើក​ស្ថានទូត​រៀងៗ​ខ្លួន​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ។ លោក​ Castro​ បាន​សង្កត់​ធ្ងន់​ថា​ ការ​ធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​ពេញលេញ​នៃ​ចំណង​ការ​ទូត​នឹង​មិន​អាច​កើត​មាន​ទេ​ ដរាបណា​សហរដ្ឋ​អាមេរិក​មិន​ដក​ការ​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន​ដែល​បាន​ដាក់​លើ​ប្រទេស​ជា​កោះ​កុម្មុយនិស្ត​មួយ​នេះ​ និង​ប្រគល់​ឲ្យ​ប្រទេស​គុយបា​វិញ​នូវ​ទឹកដី​ដែល​អាមេរិក​យក​ធ្វើ​ជា​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៅ​លើ​កោះ​ Guantanamo​ នោះ៕

ប្រែសម្រួលដោយ នៀម ឆេង

អត្ថបទ​ទាក់ទង

XS
SM
MD
LG