លោកប្រធានាធិបតីស.រ.អាបារ៉ាក់ អូបាម៉ា នឹងពន្យល់ហេតុផលនៃវិស័យការទូត និងចំណាត់ការរួម ដែលសង្កត់លើកិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយស.រ.អានៅក្នុងតំបន់មជ្ឈិមបូព៌ា នៅពេលដែលលោកធ្វើសុន្ទរកថាទៅកាន់មហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទនេះ។
មន្រ្តីម្នាក់នៅសេតវិមានបាននិយាយថា លោកប្រធានាធិបតីអូបាម៉ានឹងចង្អុលបង្ហាញដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះរវាងមហាអំណាច ៥ប្រទេសបូកអ៊ីរ៉ង់ (P5+1) ជា ឧទាហរណ៍មួយនៃអ្វី ដែលអាចជាការសម្រេចជោគជ័យដោយកិច្ចសហប្រតិបត្តិការអន្តរជាតិនៅពេលដែលប្រទេសនានា ត្រូវទទួលខុសត្រូវចំពោះការរំលោភច្បាប់អន្តរជាតិ និងវិស័យការទូត ដែលផ្អែកលើសីលធម៌ ដែលត្រូវអនុវត្តឲ្យបានសម្រេចនូវគោលដៅ។
លោកប្រធានាធិបតីក៏នឹងធ្វើសុន្ទរកថាស្តីពីជម្លោះក្នុងប្រទេសស៊ីរី ដោយការអំពាវនាវពីការចាំបាច់ក្នុងការចូលរួមកិចុ្ចខិតខំប្រឹងប្រែងខាងយោធាប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ដោយមានការតាំងចិត្តដោយប្រទេសទាំងអស់ ដើម្បីស្វះស្វែងរក និងគាំទ្រដំណោះស្រាយខាងនយោបាយនៅក្នុងប្រទេសដែលរងការហែកហួរដោយសង្គ្រាម។
ក្រុមមន្រ្តីរដ្ឋបាលលោកអូបាម៉ាបាននិយាយរំឮកឡើងវិញថា អន្តរកាលនយោបាយ មិនអាចកើតមានឡើងបានទេ ដរាបណាប្រធានាធិបតី Bashar al-Assad នៃប្រទេសស៊ីរីនៅបន្តកាន់អំណាចនោះ។ បញ្ហានេះត្រូវគេរំពឹងថា នឹងផ្តោតលើការចរចារបស់ប្រធានាធិបតីអាមេរិកលោកអូបាម៉ា ជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីននៅរសៀលថ្ងៃច័ន្ទនេះ៕