ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូបាម៉ា៖ ការ​យក​ជ័យ​ជម្នះ​លើ​ក្រុម​រដ្ឋ​ឥស្លាម​ត្រូវ​ការ​ពេល​វេលា


ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅ​មុន​ពេល​ចូល​រួម​ក្នុង​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​ជាច្រើន​ទៀត​ អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម​ហិង្សាជ្រុល​និយម នៅឯមហាសន្និបាតអង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥។

មួយ​ឆ្នាំ​បន្ទាប់​ពី​ចេញ​សេចក្តី​អំពាវនាវ​ដល់​មេដឹកនាំ​ពិភពលោក​ឲ្យ​ចាត់​វិធានការ​ជា​សុក្រិត្យ​ដើម្បី​ផ្តួល​ក្រុមជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​មក​ ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​វិល​ត្រឡប់​មក​កាន់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ​វិញ ​ដោយ​មានរបាយការណ៍​ជឿនលឿន​ហើយ​និង​ខ្លឹមសារ​ថា ​ការ​ប្រយុទ្ធ​មិន​មែន​ជាការ​ងាយ​ស្រួល​ឬ​មាន​រយៈ​ពេល​ខ្លី​នោះ​ទេ។

ដោយ​ធ្វើ​ជា​អធិបតី​ភាព​នៃ​សន្និសិទ​កំពូល​ស្តី​ពី​ការ​ប្រឆាំង​ក្រុមរដ្ឋ​ឥស្លាមនិង​លទ្ធិ​ជ្រុល​និយម​ហិង្សា​នៅ​ខាង​ក្រៅ​មហាសន្និបាតរបស់​អង្គការ​សហប្រជាជាតិ ​លោកអូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​និង​ស្ថាប័ន​ជាង​១០០ ​បាន​ឆ្លើយ​តបនឹង​ការ​អំពាវនាវ​របស់​លោក​ ដែល​ជាផ្នែក​មួយ​នៃ​ចលនា​សាកលលោក​ដើម្បី​រួប​រួម​គ្នា​នៅ​ពី​ក្រោយ​បេសកម្មដើម្បី​កម្ទេច​ក្រុម​ជ្រុល​និយម។

លោក​ប្រធានា​ធិបតីអូបាម៉ា ​បាន​ប្រកាស​ថា ​ប្រទេស​នីហ្សេរីយ៉ា​ ទុយណេស៊ី ​និង​ម៉ាឡេស៊ី ​បាន​ចូល​រួម​ជាមួយ​ក្រុម​ចម្រុះ​ដែល​មាន​សមាជិក​៦០ប្រទេសដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិកដើម្បី​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​ នៅ​ក្នុង​អ្វី​ដែល​លោក​ប្រធានា​ធិបតី ​បាន​ហៅ​ថា ​«យុទ្ធនាការ​រយៈ​ពេល​យូរ»​ដែល​នឹង​ពាក់​ព័ន្ធ​ទាំង​ការ​ជោគ​ជ័យ​និង​ការ​ដើរ​ថយ​ក្រោយ។

លោក​ប្រធានា​ធិបតី ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​និយាយ​ឡើង​វិញ​ថា ​វិធី​ដោះ​ស្រាយ​របស់​យើង​នឹង​ត្រូវ​ចំណាយ​ពេល ​ការណ៍​នេះ​មិន​មែន​ជា​ភារៈ​កិច្ច​ងាយ​ស្រួល​ទេ។​ យើង​មាន​ក្រុម​រដ្ឋ​ឥស្លាមដែល​ចាក់​ឫស​នៅ​ក្នុង​តំបន់​នានា​ដែល​កំពុង​រង​ផល​ប៉ះពាល់​រួច​ទៅ​ហើយ​ពី​អភិបាល​កិច្ច​មិន​បាន​ជោគជ័យ ​នៅ​ក្នុង​ករណី​ខ្លះ ​ដោយ​សារ​សង្គ្រាម​ស៊ីវិល​ឬ​សង្គ្រាម​សាសនា។

លោក​ប្រធានា​ធិបតី ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ក្រុមរដ្ឋ​ឥស្លាម ​អាច​ចាក់​ឫស​នៅក្នុង​តំបន់​នានាដែល​នៅ​ទី​នោះ​ ចន្លោះ​ប្រហោង​ខាង​សន្តិសុខ​កើត​មាន​ឡើង​ ​ហើយ​និង​ការ​យល់​ដឹង​ពី​ប្រសិទ្ធិ​ភាព​របស់​ក្រុម​នោះ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម​ដើម្បី​ជ្រើស​រើស​សមាជិក​ថ្មី។

នៅ​ក្នុង​សន្និសិទ​កំពូល ​លោក​ប្រធានា​ធិបតី ​អូបាម៉ា ​បាន​និយាយ​ថា ​ក្រុមរដ្ឋ​ឥស្លាម​ ​បាន​បន្ត​កាន់​កាប់​ទីក្រុង ​Fallujah​ ក្រុង​ Mosulនិង​ទីក្រុង ​Ramadi ​ក៏ប៉ុន្តែ ​បាន​បាត់​បង់​ទឹក​ដី​ទី​៣​ដែល​ពួកគេ​បាន​កាន់​កាប់កាល​ពី​ពេល​មុន។​

លោក​ប្រធានា​ធិបតី ​បាន​អំពាវនាវ​មិន​ត្រឹម​តែ​មាន​ចំណាត់​ការ​ខាង​យោ​ធា​ទេ ​ក៏​ប៉ុន្តែ ​ត្រូវ​មាន​ឆន្ទៈ​ខាង​នយោបាយ​ផង​ដែរ​នៅ​ក្នុង​ការ​ផ្តួល​រំលំ​ក្រុម​នោះ ​ដោយ​លោក​ប្រធានា​ធិបតី ​បាន​កោត​សរសើរ​នាយករដ្ឋ​មន្រ្តី​អ៊ីរ៉ាក់​ចំពោះ​ការ​ចាត់​វិធានការ​ដើម្បី​ស្ថាបនារដ្ឋាភិបាល​មួយ​ដែល​រួមមាន​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​និង​ការ​ទទួល​ខុសត្រូវ​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​បញ្ហា​នេះ៕

XS
SM
MD
LG