ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុវជន​សកម្ម​ក្នុង​កិច្ចការ​សង្គម​នៅ​តែ​ជួប​ហានិភ័យ​ខ្ពស់​ក្នុង​ពេល​បំពេញ​ការងារ


លោក ជន ចាន់រ៉ែន អ្នក​ស្ម័គ្រចិត្ត​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល និង​ លោក​ ឈួន ភក្តិ ប្រធាន​ក្រុម​ស្ម័គ្រចិត្ត​សង្គ្រោះ​បឋម​ឯករាជ្យ​ ចូល​រួម​បកស្រាយ​អំពី​បញ្ហា​ប្រឈម​នាន​ដែល​លោក​ទាំង​ពីរ​ជួប​ប្រទះ​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៤។ (លឹម សុធី វីអូអេ)

ភ្នំពេញ៖ ក្រុម​យុវជន​ដែល​ធ្វើ​ការងារ​សង្គម​និយាយ​ថា ពួកគេ​នៅ​តែ​ប្រឈម​មុខ​ខ្ពស់​ចំពោះ​សុវត្ថិភាព​និង​សន្តិសុខ​ផ្ទាល់​ខ្លួន ព្រម​ទាំង​ការ​បៀតបៀន​រាងកាយ​នៅ​ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​បំពេញ​ការងារ​របស់​ខ្លួន។

កញ្ញា ឡុង គឹមហ៊ាង មន្ត្រី​ជាន់ខ្ពស់​ខាង​ទំនាក់ទំនង​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ដែល​ធ្វើ​ការងារ​គាំទ្រ​ជនរងគ្រោះ​នៃ​ការ​រំលោភ​ដីធ្លី​នៅ​សហគមន៍​បឹងកក់ បាន​ថ្លៃង​នៅ​ក្នុង​បទសម្ភាស៍​មួយ​ជាមួយ​វីអូអេកាល​ពី​ពេល​ថ្មីៗ​នេះ​ថា នៅ​ក្នុង​ពេល​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច អាជ្ញាធរ​ខ្លះ​បាន​ឆ្លៀត​ឱកាស​ប៉ះពាល់​រាងកាយ​របស់​នាង​ដោយ​ឥត​អៀនខ្មាស់។

«អាជ្ញាធរ​ខ្លះ​គាត់​បន្លំ ពេល​ដែល​ខ្ញុំ​ទៅ​ឃាត់នៅ​ពេល​ដែល​មាន​ប្រជាជន​អ្នកតវ៉ា​ត្រូវ​គេ​វាយ​អីហ្នឹង យើង​ទទួល​បាន​ការ​បន្លំ ការ​ប៉ះ​លូកលាន់​ពី​មន្ត្រី​អាជ្ញាធរ ឬ​សន្តិសុខ​មួយ​ចំនួន​ដែល​គាត់​អសីលធម៌​ហ្នឹង។»

​កញ្ញា គឹមហ៊ាង​ដែល​ជានិច្ចជាកាល​បាន​តាមដាន​និង​ថត​រូបភាព​នៃ​ការ​តវ៉ា​នានា​របស់​ពលរដ្ឋ​កន្លង​មក​បន្ត​ទៀត​ថា ពេល​ខ្លះ​កញ្ញា​ក៏​ប្រឈម​នឹង​អសន្តិសុខ​ផ្ទាល់​ខ្លួន​ដែរ​ ជា​ពិសេស​នៅ​ពេល​ដែល​កញ្ញា​ព្យាយាម​ថត​ផ្តិត​យក​រូបភាព​នៃ​ការ​បង្រ្កាប​របស់​កង​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​អ្នក​ភូមិ​ជា​ដើម​នោះ។

«ខ្ញុំ​ត្រូវបាន​សន្តិសុខ​ចាប់​ខ្លួន​នៅ​ពេល​ដែល​ខ្ញុំ​ថត​សកម្មភាព​តវ៉ា​របស់​ប្រជាពលរដ្ឋ​និង​ឃ្លាំ​មើល​ការ​ចាប់​ខ្លួន​របស់​អ្នកភូមិ។»

ចាប់​តាំង​ពី​ដើម​ខែ​មុន អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​យុទ្ធនាការ​បំបែក​ការ​តវ៉ា​របស់​ក្រុម​អ្នកភូមិ​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​ដីធ្លី ការ​តវ៉ា​នៅ​នឹង​កន្លែង​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរ​ដែល​តវ៉ា​ទាម​ទារ​តំឡើង​ប្រាក់​ឈ្នួល​ជាដើម។

នៅ​ថ្ងៃ​ទី​៣​ខែ​មករា កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល បាន​បើក​ការ​បាញ់​រះ​ទៅ​លើ​ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរនៅ​លើ​ផ្លូវ​វ៉េងស្រេង ក្រុង​ភ្នំពេញ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​៤​នាក់​ស្លាប់ របួស​ជាង​៤០​នាក់ និង​បាត់​ខ្លួន​ម្នាក់។ ក្រុមគ្រួសារ​របស់​ក្មេង​ជំទង់​ដែល​បាត់​ខ្លួន​នោះ សន្មត់​ថា កូន​របស់​ពួកគេ​បាន​ស្លាប់​បាត់ទៅ​ហើយ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា​ មាន​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ថា ​កូន​របស់​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​បាញ់​និង​លើក​ដាក់​រថយន្ត​យក​ទៅ​បាត់​ស្រមោល​តាំង​ពី​ថ្ងៃ​នោះ​មក។

លោក ជន ចាន់​រ៉ែន អ្នក​ឃ្លាំមើល​ស្ម័គ្រចិត្ត​ម្នាក់​របស់​អង្គការ​ខុមហ្វ្រែល បាន​ថ្លៃង​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ កាល​ពី​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ថា ការ​គិត​ថា ការ​បង្ក្រាប​របស់​អាជ្ញាធរ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា នឹង​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឈរមើល​ឬ​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នោះ លែង​ជា​ការណ៍​ពិត​តទៅ​ទៀត​ហើយ។

«មិន​ថា​យើង​ប្រយ័ត្ន​ប្រយែង​ប៉ុណ្ណា​ទេ យើង​មិន​ប្រាកដ​ថា​យើង​នឹង​មាន​សុវត្ថិភាព​ទេ ពីព្រោះ​កន្លង​មក​ មិន​ត្រឹម​តែ​បាតុករ​និង​អាជ្ញាធរ​ទេ​ សូម្បី​តែ​ប្រជាពលរដ្ឋ​និង​អ្នក​ឃ្លាំមើល​ក៏​បាន​រងរបួស​ជាច្រើនហើយ​ដែរ»។

លោក ជន ចាន់រ៉ែន​ ខ្លួន​ឯង​ក៏​បាន​ទទួល​រង​របួស​ជើង ដោយ​សារ​ត្រូវ​ដុំថ្ម ដែល​គេ​គប់​ចំ ក្នុង​ខណៈ​ពេល​ដែល​កំពុង​ឃ្លាំមើល​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​មួយ​រវាង​អាជ្ញាធរ​និង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ឯ​ទី​លាន​ប្រជាធិបតេយ្យ។

មិន​តែ​ប៉ុណ្ណេះ សូម្បី​តែ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បឋម ក៏​យល់​ថា ក្រុម​របស់​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​គ្មាន​សុវត្ថិភាព​ដែរ​នៅ​ពេល​ដែល​មាន​ការ​ប៉ះទង្គិច​រវាង​ក្រុម​អាជ្ញាធរ​រដ្ឋាភិបាល​និង​ក្រុម​បាតុករ​នោះ។

លោក ឈួន ភក្តិ ប្រធានក្រុម​ស្ម័គ្រចិត្ត​សង្គ្រោះ​បឋម​ឯករាជ្យ បាន​ថ្លៃង​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​សប្តាហ៍​មុន​ថា៖

​«សុវត្ថិភាព​ពួក​យើង មាន​លក្ខណៈ​ផុយស្រួយ​មែនទែន​នៅ​ក្នុង​ស្ថានភាព​ទាំង​នោះ ពីព្រោះ​ខណៈ​ដែល​បាតុករ​និង​អាជ្ញាធរ​ខ្លះ​សប្បាយចិត្ត​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ អ្នក​ខ្លះក៏​មិន​សប្បាយចិត្ត​ដែរ ព្រោះពួកគេ​គិត​ថា​ យើង​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង»៕
XS
SM
MD
LG