ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ


សកម្មជន​លើក​​ផ្ទាំង​បដា​មួយ​ដែល​មាន​សារ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​អំឡុង​​ការ​តវ៉ា​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។
ភ្នំពេញ៖ អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា យុវជន​ខ្មែរ​ត្រូវ​តែ​សម្រេច​ចិត្ត​នៅ​ពេល​នេះ​ថា ​តើ​ពួកគេ​ចង់​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ឬ​ក៏​បណ្តោយ​ឲ្យ​អំពើ​នេះ​ ចេះ​តែ​បន្ត​តទៅ​ទៀត។

លោក​ ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​សំឡេង​យុវជន​នៃ​កម្មវិធី​វិទ្យុ​ផ្សាយ​ផ្ទាល់​ ហេឡូ​វីអូអេ កាល​ពីថ្ងៃ​ច័ន្ទ ទី​៨​ខែ​មេសា៖

«យើង​មាន​ជម្រើស​តែ​ពីរ​ទេ គឺ ធ្វើ​ខ្លួន​ជា​ជន​រងគ្រោះ​នៃ​អំពើ​ពុករលួយ​បន្ត​ទៅ​មុខ​ទៀត​រហូត ដែល​យើង​បាន​រងគ្រោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ឬ​ក៏យើង​សម្រេច​ចិត្ត​ក្រោក​ឈរ​ប្រឆាំង​អំពើ​ពុករលួយ រៀបចំ​សង្គម​យើង​ឲ្យ​មាន​ភាព​ស្អាត​ស្អំ​ ហើយ​ដើម្បី​ឲ្យ​កូន​ចៅ​យើង​ជំនាន់​ក្រោយ​ឲ្យ​រស់​នៅ​ក្នុង​សង្គម​ដែល​មាន​ភាព​ថ្លៃថ្នូរ និង​យុត្តិធម៌​សង្គម។»

ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​បំផុត​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក។ យោង​តាម​របាយការណ៍​ស្ទង់​មតិ​របស់​អង្គការ​តម្លាភាព​កាល​ពី​ឆ្នាំ​ទៅ​មុន ប្រទេសនេះ ស្ថិត​នៅ​លេខរៀង​ទី​១៥៧ ក្នុង​ចំណោម​១៧៦ ប្រទេស​ ដែល​ត្រូវ​បាន​ស្ទង់​មតិ​ចំពោះ​កម្រិត​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

​របាយការណ៍​មួយ​ទៀត​របស់​ទី​ភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក ក៏​បាន​រក​ឃើញ​ថា ប្រទេស​នេះ​ បាន​បាត់បង់​ប្រាក់​ចន្លោះ​ពី​៣០០​ទៅ​៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ដោយសារ​តែ​អំពើ​ពុករលួយ។

ដូច្នេះ លោក ព្រាប កុល មាន​ប្រសាសន៍​ថា យុវជន​គឺ​ជា​ធនធាន​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ការ​រុញ​ច្រាន​អំពើ​ពុករលួយ​ចេញ​ពី​ប្រទេស​របស់​ខ្លួន។

«យុវជន​ដែល​មាន​អាយុ​ក្រោម​៣០ឆ្នាំ មាន​រហូត​ដល់​ជិត​៧០​ភាគរយ ហើយ​គាត់​ក៏​ជា​អ្នក​បោះឆ្នោត ជ្រើសរើស​តំណាង​របស់​គាត់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ជាតិ។ ដូច្នេះ បើ​គាត់​ជា​អ្នក​ទាមទារ​ឲ្យ​សង្គម​នេះ មាន​ភាព​ស្អាតស្អំ មាន​សុចរិតភាព ហើយ​គាត់​មាន​ការ​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ហើយ​គាត់​បង្កើត​នូវ​វប្បធម៌​ស្អប់​ខ្ពើម​អំពើ​ពុករលួយ​នោះ​ យើង​សង្ឃឹម​ថា សង្គម​របស់​យើង​មាន​ការ​ផ្លាស់ប្តូរ​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ។»

ប្រទេស​កម្ពុជា​ គ្រោង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥​របស់​ខ្លួន​ នៅ​ថ្ងៃ​ទី​២៨​ខែ កក្កដា ខាង​មុខ​នេះ។

ភិក្ខុ សិន ដឿន អ្នក​ទូរស័ព្ទ​ចូលរួម​ក្នុង​កម្មវិធី មាន​ថេរដិកា​ថា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នេះ ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សមាសភាព​ផ្សេងៗ​ទៀត​នៅ​ក្នុង​សង្គម។

«ឪពុក​ម្តាយ​ត្រូវ​តែ​បង្រៀន​កូន​ចៅ​ឲ្យ​ប្រឆាំង​ដាច់​អហង្ការ​ចំពោះ​អំពើ​ពុករលួយ កុំ​ចេះ​តែ​បង្រៀន​កូន​ថា​ឱ​កូន​អើយ ធម្មតា​សង្គម​យើង​បច្ចុប្បន្ន​ទាល់​តែ​ចេះ​ឲ្យ​លុយ​ឲ្យ​កាក់​ឬ​សូកប៉ាន់​គេ​ខ្លះ ទើប​ការងារ​ហ្នឹង​ធ្វើ​ទៅ​វា​បាន​ស្រួល​នោះ។ ហើយ​គ្រូ​ក៏​ត្រូវ​អប់រំ​សិស្ស​ឲ្យ​នៅ​ឆ្ងាយ​ពី​អំពើ​ពុករលួយ​ មិនមែន​សម្លឹង​ឃើញ​តែ​លុយ​កាក់​ជា​ធំ​នោះ​ទេ។»

ព្រះ​តេជគុណ​បន្ត​ថា៖

«ចំណែក​ព្រះសង្ឃ​វិញ ក៏​ត្រូវ​តែ​និយាយ​ថា អំពើ​ពុករលួយ ការ​សូកប៉ាន់ ការ​កិបកេង​គ្នា​ទាំង​មន្ត្រី​ធំ​ក្តី​ទាំង​មន្ត្រី​មូលដ្ឋាន​ក្តី គឺ​ជា​អំពើ​បាប​មួយ​ដែរ។»

ព្រះ​ភិក្ខុ សិន ដឿន មាន​ថេរដិកា​បន្ថែម​ថា៖

«រដ្ឋា​ភិបាល​គួរ​មាន​គោល​នយោបាយ​ទប់​ស្កាត់​អំពើ​ពុករលួយ និង​កុំ​បង្រៀន​យុវជន​ឲ្យ​ស្រឡាញ់​អំពើ​ពុករលួយ។»

តើ​អ្នក​គិតថា​យុវជន​ខ្មែរ​អាច​ចូល​រួម​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​កម្រិត​ណា​ដែរ?
XS
SM
MD
LG