ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ អ្នក​កាសែត​ពលរដ្ឋ​អាច​​ជួយ​​ផ្សាយ​ពី​បញ្ហា​​សង្គម


ទាញ​យក​ពី​តំណភ្ជាប់​ដើម
ភ្នំពេញ៖ អ្នកជំនាញខាងបច្ចេកវិទ្យា​ព័ត៌មាន​និង​សារគមនាគមន៍​និយាយ​ថា អ្នកកាសែតពលរដ្ឋអាចជួយ​លាត​ត្រដាងបញ្ហា​ធ្ងន់ធ្ងរមួយចំនួនដែលកំពុង​កើត​ឡើងនៅ​ក្នុងប្រទេស​កម្ពុជា​ ដូចជាការ​កាប់​ឈើ​ខុស​ច្បាប់ ការ​រំលោភ​សិទ្ធិមនុស្ស​ និង​អំពើពុករលួយ​ជាដើម ​ដោយសារ​តែ​មាន​ឧបករណ៍​បច្ចេកវិទ្យា​ទំនើបៗ​ដែល​គេ​អាចរក​បានយ៉ាង​ទូលំទូលាយ។

លោក ង៉ែត ម៉ូសេ អ្នក​សម្របសម្រួល​គម្រោងបច្ចេកវិទ្យា​ព័ត៌មាន​និង​សារគមនាគមន៍​នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់​សហគមន៍​ដែល​បាន​ជួយ​បណ្តុះបណ្តាល​អ្នកកាសែត​ពលរដ្ឋ​បាន​ចំនួន​ជាង​៦០នាក់​ រួមទាំង​ព្រះសង្ឃ​១០អង្គផង បានថ្លែងប្រាប់​វីអូអេ​តាមរយៈកម្មវិធី«សំឡេងយុវជន»​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​ធ្នូនេះ​ថា៖

«ពួក​គេ​អាច​ថត​សំឡេងឬរូបភាពនៃ​បញ្ហាទាំងនោះ​ពី​សហគមន៍​ដែល​ពួកគេរស់នៅផ្ទាល់ និងចែករំលែក​ព័ត៌មាន​នោះបាន​យ៉ាង​លឿន​តាម​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម។»

ការ​ប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម ជា​ពិសេសគឺ ហ្វេសប៊ុក (Faceobook) និង​យូធូប (YouTube) ជាដើម​ បាន​ចាប់​ផ្តើមកាន់តែមាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ​ច្រើនឡើងៗ​នៅក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ។

មាន​រូបថត​និង​រូបវីដេអូ​នៃ​សកម្មភាព​កាប់​ព្រៃឈើ អំពើហឹង្សា​របស់​អាជ្ញាធរ​ទៅលើក្រុម​អ្នកតវ៉ា​ដោយសន្តិវិធី និង​សម្រែកនិងការបង្ហូរទឹកភ្នែក​របស់​ជនរងគ្រោះដោយការ​រំលោភយកដីធ្លីជាដើម ត្រូវបាន​គេ​បង្ហោះនិង​ចែក​រំលែកឲ្យគ្នាមើល​កាន់​តែ​ច្រើននៅ​តាម​បណ្តាញសង្គម​ទាំង​នោះ។

លោក ង៉ែត ម៉ូសេ បានបណ្តុុះបណ្តាល​សកម្មជន​សិទ្ធិមនុស្ស អ្នកតស៊ូមតិនិងសិស្សនិស្សិត​រាប់រយនាក់​ឲ្យ​ចេះប្រើប្រាស់​បណ្តាញ​ហ្វេសប៊ុកនិង​ការ​ប្រើប្រាស់​ទូរស័ព្ទទំនើបជាដើម​នៅក្នុងខេត្ត​ក្រុងជាង​១០ រួមមាន​ខេត្ត​កោះកុង កំពង់ស្ពឺ រតនៈគីរី មណ្ឌលគីរី និង​កំពង់ធំ ដែលជាទីកើតមាន​នូវ​សកម្មភាពកាប់​ឈើ​ខុស​ច្បាប់និងការរំលោភ​យក​ដី​ធ្លី​ធ្ងន់ធ្ងរ​ជា​ដើម។

«យើង​នៅ​ភ្នំពេញ​ពិបាកទទួល​បានព័ត៌មាន​មួយ​ចំនួន​ជាសំឡេង ឬ​រូបថត​ ឬ​វីដេអូ ប៉ុន្តែ​អ្នក​កាសែត​ពលរដ្ឋ​អាចយករូបភាពទាំងនោះ​បានយ៉ាងងាយ​ស្រួល​ដោយសារពួកគេនៅ​ក្នុងមូលដ្ឋាននោះ​ស្រាប់ ហើយពួកគេអាចផ្ញើមក​ឲ្យ​ពួក​យើងឬ​ចែកដល់​សាធារណជន​បានយ៉ាងលឿន​បំផុត។ ហើយអ្នកកាសែតអាជីពក៏អាចទទួល​បានរូបភាពពី​បណ្តាញផ្សព្វផ្សាយសង្គម​របស់ពួក​គេបាន​ដែរ។»

ក្រៅ​ពីបណ្តុះបណ្តាល មជ្ឈមណ្ឌល​អប់រំ​ច្បាប់សម្រាប់សហគមន៍របស់លោក​មូ៉េស ក៏​បាន​ចែក​ទូរស័ព្ទ​ទំនើប​និងកំព្យូទ័រយួរដៃ​ទៅ​ដល់​អ្នក​កាសែតពលរដ្ឋផងដែរ ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ផ្តិតយក​រូបភាពទាំងនោះ​បាន។

«បើ​ពួកគេជួប​ប្រទះ​ដោយ​ផ្ទាល់នូវអំពើពុករលួយ​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ អ្នក​កាសែតពលរដ្ឋ​ទាំង​នោះអាច​សរសេរ​ឬ​ថត​រូប រួច​បោះ​ព័ត៌មាន​នោះ​ទៅ​ឲ្យអ្នក​កាសែតអាជីព ដើម្បី​ឲ្យ​គេ​ពិនិត្យមើល​ទៅ​លើ​បញ្ហា​នោះបន្ត​ទៀត។

លោកមាន​ប្រសាសន៍​បន្ថែម​ថា៖ «ថ្វី​ត្បិត​តែមិន​មែន​គ្រប់គ្នា​សុទ្ធ​តែជាអ្នកកាសែតក៏ដោយ ក៏នៅ​សម័យ​នេះ ​នរណា​ក៏​អាចជា​អ្នក​កាសែតបាន​ដែរប្រសិន​បើពួក​គេតាម​ដានព័ត៌មានដោយអាន​កាសែត​ ស្តាប់​វិទ្យុ​ឲ្យ​ដឹងថា​ ​មានអ្វី​កើត​ឡើងហើយប៉ះពាល់​ដល់សង្គមឬ​ក៏​ជួប​ប្រទះផ្ទាល់នូវ​បញ្ហា​ក្នុង​សហគមន៍​របស់ពួក​គេ ពួក​គេ​អាច​ចែក​ចាយព័ត៌មាន​នោះដល់សាធារណជន​បានយ៉ាង​ងាយ​ស្រួល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។»
XS
SM
MD
LG