ភ្នំពេញ - មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយ និយាយថា សំឡេងរបស់យុវជន អាចដាក់សម្ពាធដល់រដ្ឋាភិបាលឲ្យចាត់វិធានការទៅលើបញ្ហានានាដែលប្រទេសជាតិកំពុងតែប្រឈមមុខ។
កញ្ញា ហឿន សុភ័ក្ត្រ អ្នកសម្របសម្រួលផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតីបានថ្លែងយ៉ាងដូច្នេះ នៅក្នុងនាទីសំឡេងយុវជននៃកម្មវិធីហេឡូ វីអូអេ កាលពីថ្ងៃច័ន្ទ ទី១០ ខែមិថុនា៖ «យុវជនគឺមានសំឡេងច្រើននៅក្នុងប្រទេសយើង អញ្ចឹងនៅពេលដែលថ្នាក់ដឹកនាំបានឮថា យុវជនមិនពេញចិត្តនឹងសកម្មភាពអស់ហ្នឹងទេ អញ្ចឹងមិនយូរមិនឆាប់ វាអាចធ្វើឲ្យអ្នកដឹកនាំ នឹងមានការកែប្រែ ឬរកដំណោះស្រាយយ៉ាងណា ដើម្បីឲ្យបញ្ហា ទាំងអស់ហ្នឹង ត្រូវបានដោះស្រាយ»។
កញ្ញាសុភ័ក្រ្ត ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍មួយឈ្មោះថា "អ្នកបន្តវេន" ដែលផ្តោតលើការជជែកពិភាក្សារបស់យុវជនអំពីបញ្ហានយោបាយផងដែរនោះ មានប្រសាសន៍បន្ថែមថា៖
«បើសិនជាក្នុងនាមគាត់ជាយុវជន ហើយអត់ខ្វល់ខ្វាយនឹងប្រទេសទេ ហើយអត់បានទាមទារនូវអ្វី ដែលពួកគាត់ចង់បានទេ តែបែរជាឲ្យអ្នកដែលមានវ័យចំណាស់គ្រប់គ្រងប្រទេស នោះគាត់នឹងឲ្យគេសម្រេចចិត្តជំនួសគាត់»។
អ្នកខ្លះនិយាយថា យុវជនកាន់តែច្រើនឡើង ពិតជាខ្វល់ខ្វាយនឹងបញ្ហាស្រុកទេស ហើយតាមដានព័ត៌មានអំពីអ្វីដែលបានកើតឡើង ប៉ុន្តែកត្តាសំខាន់មួយដែលរារាំងយុវជនខ្លះមិនឲ្យបញ្ចេញសំឡេងបាន គឺការភ័យខ្លាច។
កញ្ញាស្រី វឿន គឺជាអ្នកទូរស័ព្ទចូលរួមក្នុងកម្មវិធីម្នាក់មកពីខេត្តព្រៃវែង៖
«ពួកគេគ្រាន់តែខ្លាចមិនហ៊ានបញ្ចេញមតិយោបល់ទៅលើសកម្មភាព ឬព្រឹត្តការណ៍ដែលទាក់ទងនឹងអ្នកមានអំណាចខ្លះ ដោយសារពួកគេត្រូវប្រឈមនឹងហានិភ័យចំពោះសុវត្ថិភាពផ្ទាល់ខ្លួន»។
អ្នកខ្លះទៀតនិយាយថា ឪពុកម្តាយមួយចំនួនក៏បានរារាំងកូនចៅរបស់ខ្លួនមិនឲ្យនិយាយអំពីបញ្ហានយោបាយ។
ឡេង គឹមលាងបានសួរតាមរយៈបណ្តាញហ្វេសប៊ុករបស់វីអូអេ៖ «សម័យនេះ ឪពុកម្តាយកើតជម្ងឺផ្លូវចិត្ត ហើយពួកគាត់ខ្លាចណាស់ពាក្យថា នយោបាយ។ តើមានវិធីសាស្ត្រអ្វីខ្លះ ជួយយុវជនឲ្យយល់ដឹងពីនយោបាយ កុំឲ្យពួកគាត់កើតជម្ងឺផ្លូវចិត្ត ដូចឪពុកម្តាយពួកគាត់?»
កញ្ញាហឿន សុភ័ក្ត្រនិយាយថា ប្រសិនបើយុវជនខ្លាចខ្លាំងពេកចំពោះសុវត្ថិភាពផ្ទាល់ខ្លួន រហូតដល់មិនហ៊ានបញ្ចេញសំឡេងរបស់ខ្លួននោះ នោះប្រទេសជាតិនឹងមិនអាចរីកចម្រើនបានទេ។
កញ្ញានិយាយថា៖ «ក្នុងករណីដែលយើងគិតបារម្ភខ្លាំងពេក ហើយយើងនៅតែមិនហ៊ាន ប្រទេសយើងគឺនៅតែប៉ុណ្ណឹង»។
កញ្ញា សុភ័ក្ត្របន្ថែមទៀតថា យុវជនក៏ជាម្ចាស់ប្រទេសនេះដែរ ដូច្នេះឪពុកម្តាយក៏គួរចូលរួមចំណែកលើកទឹកចិត្តកូនចៅរបស់ខ្លួន ឲ្យហ៊ាននិយាយ ជជែកពិភាក្សាគ្នាអំពីបញ្ហាប្រទេសជាតិដែលប៉ះពាល់ដល់ជីវភាពរបស់ពួកគេផ្ទាល់។
កញ្ញានិយាយថា៖«ឥទ្ធិពលដែលយើងមាន គឺយើងធ្វើនៅពេលបោះឆ្នោត។ អញ្ចឹងខ្ញុំសង្ឃឹមថា នៅថ្ងៃបោះឆ្នោតខាងមុខនេះ យុវជនយើងទាំងអស់នឹងព្យាយាមចូលរួមបោះឆ្នោត ហើយជ្រើសរើសយកមេដឹកនាំណាដែលយើងពេញចិត្តហើយគិតថា មានសមត្ថភាព»។
ប្រជាជនខ្មែរជាង៩លាននាក់ ដែលប្រមាណពាក់កណ្តាលនៃចំនួននេះ គឺជាយុវជន ត្រូវគេរំពឹងថានឹងចូលរួមបោះឆ្នោតជាតិ ដើម្បីជ្រើសរើសរដ្ឋាភិបាលអាណត្តិថ្មី នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ខាងមុខនេះ៕