មេដឹកនាំគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជានឹងសម្រេចជ្រើសរើស លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោត(និកហ្វិក) ដែលមានសញ្ជាតិខ្មែរតែមួយគត់ដើម្បីជំនួសលោកស្រី ពុង ឈីវកេក ដែលបដិសេធមិនទទួលធ្វើជាបេក្ខជនទី៩នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ នេះបើតាមលិខិតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលបណ្តាញផ្សព្វផ្សាយទទួលបាននៅថ្ងៃអង្គារនេះ។
លោកស្រីពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលមានសញ្ជាតិខ្មែរផងនិងបារាំងផងបានដកខ្លួនចេញពីបេក្ខភាពនៃបេក្ខជនទី៩ដែលព្រមព្រៀងដោយគណបក្សទាំងពីររួចមកហើយ។ ការដកខ្លួនដោយសារលោកស្រីព្រួយបារម្ភថាគណៈកម្មាធិការជាតិសម្រាប់ការបោះឆ្នោតថ្មីមិនអាចមានឯករាជ្យភាពរបស់ខ្លួនហើយលោកស្រីមិនអាចបំពេញកិច្ចការរបស់ខ្លួនបានជោគជ័យ។
នៅក្នុងលិខិតកាលពីថ្ងៃទី២៩ខែមិនាទៅកាន់លោកសម រង្ស៊ី លោកហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា«គណបក្សយើងទាំងពីរបានឯកភាពគ្នាជ្រើសរើសយកលោកហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រិត្យនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថានិកហ្វិក ដើម្បីជាបេក្ខភាពទី៩នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
ក្នុងលិខិតដដែលលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាគណបក្សទាំងពីរនឹងត្រូវបញ្ជូនរួមគ្នានូវបេក្ខភាពរបស់លោកហង្ស ពុទ្ធា ទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោយពេលដែលរដ្ឋសភាបញ្ចប់ការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនគជប។ ការបញ្ចប់ការទទួលពាក្យបេក្ខជននេះត្រូវកំណត់នៅថ្ងៃទី៦ខែមេសា។
តាមច្បាប់ស្តីពីការរៀបចំនិង ការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាជិក គ.ជ.ប ថ្មីត្រូវមានសមាជិក៩រូប ដោយចេញពីការជ្រើសរើសរបស់ គណបក្សដែលមានកៅអីនៅក្នុងរដ្ឋសភា និង គណបក្សកាន់អំណាច។ នៅក្នុងនោះគណបក្សនយោបាយទាំងពីរភាគី ត្រូវជ្រើសរើសម្ខាង៤រូប ហើយបេក្ខភាពទី៩គឺជាបុគ្គលឯករាជ្យនិងត្រូវស្នើក្រោមការព្រមព្រៀងឯកភាពដោយបក្សទាំងពីរ។
តាមកិច្ចព្រមព្រៀងគណបក្សទាំងពីរបានឯកភាពស្នើយកលោកស្រីពុង ឈីវកេក ដែលជាអ្នកការពារសិទ្ធិមនុស្សដ៏ល្បីល្បាញនៅកម្ពុជាធ្វើជាសមាជិកឯករាជ្យរបស់គណៈកម្មាធិការនេះ។ ក៏ប៉ុន្តែ លោកស្រីពុង ឈីវកេក បានបដិសេធតំណែងនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ បានអះអាងថាតាមការសន្ទនារវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងលោកសមរង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានឯកភាពលើកយកលោក លោក ហង្ស ពុទ្ធា ដែលមានបទពិសោធ ចំពោះការបោះឆ្នោតនៅកម្ពុជា ជាច្រើនឆ្នាំ មកជំនួសធ្វើជាសមាជិកទី៩ នៃគ.ជ.ប។
«សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននិងឯកឧត្តមសម រង្ស៊ី បានសម្រេចគ្នារួចហើយអំពីបេក្ខភាពលោកហង្ស ពុទ្ធា។ ហើយ នៅតែក្រដាសស្នាមដែលត្រូវធ្វើសេចក្តីប្រាសរួមនិងបែបបទអ្វីផ្សេងៗទៀតដែលចាំបាច់តែប៉ុណ្ណឹង។ ឯការព្រមព្រៀងគ្នាគឺ១០០ភាគរយហើយ»។
លោក ហង្ស ពុទ្ធា ជាបណ្ឌិតច្បាប់ពីអតីតសហភាពសូវៀត។លោកជានាយកប្រតិបត្តិនៃអង្គការនិកហ្វិកអស់រយៈពេល១៧ឆ្នាំមកហើយ។
លោក ហង្ស ពុទ្ធា បង្ហាញជំហរយល់ព្រមតាមសំណើរបស់គណបក្សទាំងពីរដែរ។
«ពាក្យថាអព្យាក្រិតនេះមិនមែនបានន័យថាយើងស្រែកខ្លួនឯងអព្យាក្រិតនោះទេ វាទាមទារឲ្យគណបក្សទាំងពីរទទួលបានដែរ។ អញ្ចឹងហើយបើគណបក្សទាំងពីរជ្រើសរើសខ្ញុំ គណបក្សទាំងពីរទុកចិត្តខ្ញុំហើយ ហើយបើគាត់ទុកចិត្តខ្ញុំគួរតែជំរុញការបោះឆ្នោតនេះឲ្យមានការប្រសើនោះបាទ»។
នៅក្នុងពេលនេះគេបានដឹងក្រៅផ្លូវការថាលោក គួយ ប៉ុនរឿន ដែលជាសហប្រធានក្រុមការងារកំណែទម្រង់ការបោះឆ្នោតជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនដែលត្រូវជ្រើសរើសបួនរូបមកពី គណបក្សសង្គ្រោះជាតិ។ ហើយ បេក្ខភាពសមាសភាពគ.ជ.ប.ថ្មីបួនរូបផ្សេង ខាងគណបក្សប្រជាជនកម្ពុជាទំនងជាមានលោកប៊ិន ឈិន ប្រធានក្រុមការងារចរចាផ្នែកកិច្ចការបោះឆ្នោត លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស៊ិក ប៊ុនហុក តំណាងរាស្ដ្រ៕