បន្ទាប់ពីសមាជិករដ្ឋសភាបានបោះឆ្នោតជាឯកឆ្ឆន្ទសម្រេចដាក់បញ្ចូលស្ថាប័នបោះឆ្នោតទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញក្រុមអ្នកវិភាគនយោបាយបានសម្តែងក្តីបារម្ភទៅលើការជ្រើសរើសសមាសភាពថ្នាក់ដឹកនាំថ្មីចំនួន៩រូបនៃស្ថាប័ននេះ។
តាមការព្រមព្រៀងរវាងគណបក្សដែលធ្លាប់មានជម្លោះគ្នាបានយល់ព្រមតែងតាំងសមាសភាពគ.ជ.ប៤រូបមកពីគណបក្សប្រជាជនកម្ពុជា ៤ រូបមកពីគណបក្សសង្គ្រោះជាតិ និង មួយរូបត្រូវជ្រើសចេញពីបុគ្គលដែលឯករាជ្យ។
បុគ្គលឯករាជ្យដែលគណបក្សទាំងពីរបានសំឡឹងឃើញគឺទំនងជាលោក ស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ។
នៅក្នុងសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៧៦និងមាត្រាទាំងឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ «គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យនិង អព្យាក្រិត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីនិងពហុបក្ស»។
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអាចធ្វើជាសមាជិកគណបក្សនយោបាយ ឬធ្វើជាមេដឹកនាំនៃអង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព ឬ ក្រុមហ៊ុនពាណិជ្ជកម្មណាមួយបានឡើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានថវិកាស្វយ័តសម្រាប់ដំណើរការហើយសមាភាពគ.ជ.បមាន៩រូបនិងមានអាណត្តិ៥ឆ្នាំ។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថា ការជ្រើសរើសសមាសភាពថ្មីត្រូវតែបើកចំហរ។ គណបក្សទាំងពីរមិនត្រូវជ្រើសរើសដោយលាក់លៀមទេ។
លោកនិយាយថា៖ «ហើយរើសហ្នឹងត្រូវបើកចំហរអត់មានស៊ុមគ្រលំ អ្នកឯងទេ។អ្នកឯងមិនមែនចាត់តាំងខ្ញុំទេ ខ្ញុំប្រណាំងប្រជែង ខ្ញុំឈ្នះ។ ដូច្នេះកុំមកចេះជាង កិច្ចការខ្ញុំនេះ ខ្ញុំធ្វើ ដូច្នេះឯករាជ្យភាពបានតាមរយៈយកសមត្ថភាពជាធំ ហើយនឹងការប្រកួតប្រជែងគ្នា»។
សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ននេះច្រើនជាអ្នកគាំទ្រគណបក្សកាន់អំណាចហេតុដូច្នេះហើយបានជាគណបក្សប្រឆាំងចោទប្រកាន់ថាការបោះឆ្នោតលម្អៀងនិងមិនអព្យាក្រិត។
លោក កែម ឡី អ្នកស្រាវជ្រាវសង្គមមានប្រសាសន៍ថាដើម្បីឱ្យសមាសភាពទាំង៩នាក់ឯករាជ្យពិតប្រាកដត្រូវតែជ្រើសរើសជាសាធារណៈ និង បង្កើតគណៈកម្មការជ្រើសរើសមួយមកពីគ្រប់ស្ថាប័នដោយឯករាជ្យទើបអាចជាសេចក្តីទុកចិត្តថាការបោះឆ្នោតលើកក្រោយមិនមានការលួចបន្លំ។
លោកនិយាយថា៖«ការជ្រើសរើសយើងអាចផ្សព្វផ្សាយជាសាធារណៈតាមវិទ្យុ តាមទូរទស្សន៍ តាមកាសែត ដូចដែលគេធ្វើការដេញថ្លៃគេជ្រើសរើសបុគ្គលិកអញ្ចឹង ហើយទាំងពីរគណបក្សហ្នឹងត្រូវមានលក្ខខណ្ឌរួម ហើយត្រូវផ្សព្វផ្សាយជាសាធារណៈហើយមានរយៈពេលគេដាក់ពាក្យ ហើយដាក់ពាក្យហ្នឹងដាក់ទៅកន្លែងណា ពេលណា សម្ភាសន៍អ្នកណា អ្នកណាអ្នកសម្ភាសន៍ អ្នកណាអ្នកScreen អាហ្នឹងបានមិនអាថ៍កំបាំង»។
លោក គុល បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជាហៅកាត់ថាខុមហ្វ្រែល មានប្រសាសន៍ក្នុងអង្គសន្និសីទកាសែតនៅថ្ងៃព្រហស្បតិ៍ថាការជ្រើសរើសសមាសភាពគ.ជ.បថ្មីចេញពីគណបក្សទាំងពីរត្រូវតែធានាឱ្យការជ្រើសរើសហ្នឹងដោយឯករាជ្យ។
លោកនិយាយថា៖ «ធានាការជ្រើសរើសគ.ជ.បហ្នឹងដោយតម្លាភាព។ អត់បានចែងអំពីរបៀបហ្នឹងច្បាស់លាស់ទេ ពីព្រោះដើម្បីឱ្យគជបមួយគេទុកចិត្តពីមហាជនត្រូវតែធ្វើឱ្យការរើសហ្នឹងមានតម្លាភាពហើយធានាសមាសភាពគជបដោយឯករាជ្យ»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង លោក ឈាង វ៉ុន អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃពុធ បានអះអាងដូចៗគ្នាថាសមាសភាពគជបថ្មីគឺជាមនុស្សឯករាជ្យពិតប្រាកដហើយរំពឹងថាការបោះឆ្នោតលើកក្រោយនឹងអាចទទួលយកបានពីគ្រប់ភាគីទាំងអស់។
លោក អ៊ឹម សួស្តី ប្រធានគជបមានប្រសាសន៍ថាឯករាជ្យឬមិនឯករាជ្យគឺអាស្រ័យទៅលើបុគ្គលជាអ្នកធ្វើតែប៉ុណ្ណោះ៕