នៅព្រឹកថ្ងៃសុក្រនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានប្រកាសជ្រើសរើសបេក្ខជនសមាជិកថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ចំនួន៩រូប។
មន្ត្រីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានឲ្យដឹងក្រៅផ្លូវការថា សមាជិក៦រូបត្រូវកំណត់រួចហើយ។
យោងតាមកិច្ចព្រមព្រៀងនយោបាយនៃគណបក្សទាំងពីរ គណបក្សនិមួយៗត្រូវស្នើបេក្ខភាពឥស្សរជនចំនួនបួនរូប និងបេក្ខជនទី៩គឺជាបុគ្គលឯករាជ្យ ហើយត្រូវស្នើក្រោមការព្រមព្រៀងឯកភាពដោយគណបក្សទាំងពីរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបន្ទាប់ពីកិច្ចប្រជុំយ៉ាងឆាប់រហ័សមួយដែលមានរយៈពេលជិតមួយម៉ោងនៅព្រឹកថ្ងៃនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានស្នើឲ្យសាធារណជនដែលមានបំណងឈរឈ្មោះជាបេក្ខជនសមាជិកគ.ជ.ប.ថ្មីត្រូវដាក់ពាក្យនៅអគ្គលេខាធិការដ្ឋានរបស់រដ្ឋសភាសុំឈរឈ្មោះចាប់ពីថ្ងៃសុក្រទី២៧ខែមិនានេះតទៅរហូតដល់ថ្ងៃទី៦ខែមេសា។ ហើយការទទួលពាក្យនឹងធ្វើឡើងទាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យទៀតផង។
បេក្ខជនឈរឈ្មោះត្រូវភ្ជាប់ជាមួយនូវជីវប្រវត្តិសង្ខេប ច្បាប់ចម្លងសំបុត្រកំណើត ច្បាប់ចម្លងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សេចក្តីប្រកាសអំពីសញ្ជាតិ សេចក្តីបញ្ជាក់អំពីការចុះឈ្មោះបោះឆ្នោត ត្រូវមានសញ្ញាប័ត្រចាប់ពីឧត្តមសិក្សាឡើងទៅ។ បេក្ខជនត្រូវមានបទពិសោធន៍ការងារយ៉ាងតិចដប់ឆ្នាំជាដើម។
លោកយ៉ែម ប៉ុញ្ញារិទ្ធ អ្នកនាំពាក្សរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សរបស់លោកបានសម្រេចជ្រើសរើសយកលោកគួយ ប៊ុនរឿន ដែលជាសហប្រធានក្រុមការងារកំណែទម្រង់ការបោះឆ្នោត ឲ្យធ្វើជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនដែលត្រូវជ្រើសរើសបួនរូបពីគណបក្សនេះ។
«ជាការណ៍ពិត ឯកឧត្តមគួយ ប៉ុនរឿនត្រូវដាក់ពាក្យមកសភា ដូចគេ ដូចឯងដែរ ហើយគណបក្សនឹងគាំទ្រសមាសភាពរបស់លោក។ ប៉ុន្តែយើងមិនទាន់ដឹងពីសមាសភាព៣រូបផ្សេងទៀតទេ»។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់ VOA កាលពីម្សិលមិញថា បេក្ខភាពសមាសភាពគ.ជ.ប.ថ្មីទាំងបួនរូបខាងគណបក្សប្រជាជនកម្ពុជាទំនងជាមានលោក ប៊ិន ឈិន ប្រធានក្រុមការងារចរចាផ្នែកកិច្ចការបោះឆ្នោត លោកកើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស៊ិក ប៊ុនហុក តំណាងរាស្ដ្រ។ បេក្ខជនទាំងបួនស្ថិតនៅក្នុងក្រុមការងារកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាគឺលោកឈឹម ផលវរុណ បានទាត់ចោលការអះអាងខាងលើនេះដោយលោកនិយាយថា គណបក្សប្រជាជនកម្ពុជាមិនទាន់បានសម្រេចដាក់បញ្ជីឈ្មោះបេក្ខភាពគ.ជ.ប.ទៅកាន់សភាជាតិនៅឡីយនោះទេ។
គណបក្សទាំងពីរបានឯកភាពរួចហើយថា នឹងទទួលយកលោកស្រីពុង ឈីវកេក ដែលជាអ្នកការពារសិទ្ធិមនុស្សដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ឲ្យធ្វើជាមាជិកឯករាជ្យទី៩របស់គណៈកម្មាធិការនេះ។ VOA បានព្យាយាមទាក់ទងលោកស្រីពុង ឈីវកេក ដែលមានសញ្ជាតិបារាំង និងខ្មែរ ដើម្បីសុំការអធិប្បាយទាក់ទិននឹងការសម្រេចចិត្តរបស់លោកស្រី តែមិនអាចទាក់ទងបានទេ។
យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាជិកនៃគណៈកម្មាធិការនេះត្រូវមានសញ្ជាតិខ្មែរតែមួយគត់។
កាលពីថ្ងៃព្រហស្បតិ៍ ព្រះមហាក្សត្រ នរោត្តម សីហមុន្នី បានឡាយព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់ច្បាប់ធំៗ២ទាក់ទងនឹងកំណែទម្រង់ការបោះឆ្នោតគឺច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគ.ជ.ប. និង ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកឈាង វុន អ្នកនាំពាក្សរដ្ឋសភា បានប្រកាសជាសាធារណៈថា សភាជាតិនឹងធ្វើការសម្រេចចិត្តចុងក្រោយបង្អស់លើសមាសភាពគ.ជ.ប.ទាំង៩រូបនៅថ្ងៃទី១៣ខែមេសាខាងមុខនេះ៕