នៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានិងបើកកិច្ចប្រជុំនីតិវិធីដើម្បីជ្រើសរើសសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីទាំង៩រូប។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជានៅមិនទាន់បានបញ្ជាក់ឈ្មោះបេក្ខជនជាផ្លូវការនៅឡើយទេ។
លោក ឈាង វ៉ុន អ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៍ថា នៅថ្ងៃទី២៧ខាងមុខនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យមើលនីតិវិធីនៃការប្រកាសនិងការជ្រើសរើសបេក្ខភាពសម្រាប់ដាក់ជូនសភាពេញអង្គអនុម័ត។
លោកបានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍មានពេល១០ថ្ងៃដើម្បីទទួលពាក្យសម្រាប់បេក្ខភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។
បន្ទាប់មកគណៈកម្មាធិការនេះនឹងយកទៅជូនគណបក្សនយោបាយទាំងពីរដើម្បីជ្រើសរើសបេក្ខជន៤រូបម្ខាងម្នាក់។
លោកបានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍និងដាក់សមាសភាពសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជូនសភាពេញអង្គអនុម័តនៅថ្ងៃទី១៣ខែមេសាខាងមុខនេះ។
យោងតាមកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ខែកក្កដា គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងគ្នានឹងជ្រើសរើសសមាសភាពគ.ជ.ប.ថ្មីមានចំនួន៩រូប ដែលរូបត្រូវជ្រើសចេញពីគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា ចំណែកបេក្ខភាពទី៩ត្រូវជ្រើសចេញពីបុគ្គលឯករាជ្យដោយមានការព្រមព្រៀងពីគណបក្សទាំងពីរ។
លោកឈាង វ៉ុនមានប្រសាសន៍ថា ចំពោះបេក្ខភាពអ្នកស្រីពុង ឈីវកេក គណបក្សទាំងពីរបានយល់ព្រមទទួលយកហើយ តែអាស្រ័យលើថា តើអ្នកស្រីទទួលយកលក្ខខណ្ឌច្បាប់ថ្មីដែរឬយ៉ាងណា។
លោកនិយាយថា៖ «យើងព្រមព្រៀងយកហើយឲ្យតែគាត់បំពេញលក្ខខណ្ឌតាមច្បាប់»។
យោងតាមមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បេក្ខភាពសមាសភាពគ.ជ.ប.ថ្មីខាងគណបក្សប្រជាជនកម្ពុជាទាំងបួនរូបរួមមាន៖ លោកប៊ិន ឈិន លោកកើត រិទ្ធ លោក ព្រំ សុខា និងលោកស៊ិច ប៊ុនហុក។ ចំណែកបេក្ខភាពសមាសភាពខាងគណបក្សសង្គ្រោះជាតិមានតែលោក គួយ ប៊ុនរឿនម្នាក់ប៉ុណ្ណោះរហូតដល់ពេលនេះ ហើយបេក្ខភាព៣នាក់ផ្សេងទៀតមិនទាន់បានប្រកាសឲ្យដឹងជាសាធារណៈទេ។
លោកឈឹម ផលវរុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា លោកមិនទាន់ដឹងពិតប្រាកដចំពោះបេក្ខភាពខាងគណបក្សប្រជាជននៅឡើយទេ។
លោកនិយាយថា៖ «មកដល់ពេលនេះ យើងអត់ទាន់ដឹងជាចំហដែរ គ្រាន់តែថា ជាគោលការណ៍ ធម្មតាយើងត្រូវការបួននាក់។ ដើម្បីជ្រើសរើសល្អ វាទាល់តែមានជម្រើសច្រើនណាស់ ហើយបានពិភាក្សាគ្នា។ ប៉ុន្តែមកដល់ថ្ងៃនេះ យើងអត់មានតួលេខអ្វីពិតប្រាកដនៅឡើយទេ»។
លោកគួយ ប៊ុនរឿន មន្ត្រីកិច្ចការបោះឆ្នោតខាងគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនទាន់បានបង្ហាញបេក្ខភាពណាខ្លះដែលនឹងក្លាយទៅជាសមាជិកគ.ជ.ប.ថ្មីនៅឡើយ។
លោកនិយាយថា៖ «អត់ទាន់មានទេ។ ចាំមើលនីតិវិធីរបស់រដ្ឋសភាសិន។ ហើយនៅពេលដែលថ្នាក់ដឹកនាំគាត់បញ្ចប់បេសកកម្មនៅឯក្រៅប្រទេសនឹងជជែកជាមួយថ្នាក់ដឹកនាំទៅ។ ពេលហ្នឹងបានសម្រេចតែម្តង»។
លោកបានបញ្ជាក់ថា ចំពោះបេក្ខភាពអ្នកស្រីពុង ឈីវកេក គណបក្សសង្គ្រោះជាតិនៅតែត្រូវការអ្នកស្រី ដូចដែលបានឯកភាពគ្នារវាងគណបក្សទាំងពីរ ដោយមិនមានការបែ្រប្រួលទេ៕