ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សិទ្ធិ​មនុស្ស​​បារម្ភ​អំពី​ការ​បង្រ្កាប​របស់​អាជ្ញាធរ​កម្ពុជា​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​


អ្នក​តវ៉ា​ម្នាក់​ត្រូវ​ចាប់​ខ្លួន​នៅ​ជិត​ស្ថានទូត​បារាំង​ក្នុង​ទី​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៤ ក្នុង​ពេល​​ព្យាយាម​ដាក់​ញត្តិ​ទៅ​ស្ថានទូត​នេះ។
ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​មួយ​ចំនួន​បាន​រួមគ្នា​ថ្កោលទោស​ចំពោះ​ការ​ចាប់​ឃុំខ្លួន​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​១១​នាក់​មួយ​រយៈ​ពេលខ្លី​កាល​ពី​ថ្ងៃអង្គារ​ទី២១​ខែ​មករា​ដោយ​អាជ្ញាធរ​កម្ពុជា​ ហើយ​ចាត់​ទុក​ថា ​ជារឿង​រំលោភ​ច្បាប់​ កាតព្វ​កិច្ច​ជាតិ​ និង​អន្តរជាតិ។​ នេះជា​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​អង្គការ​បួន​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ និង​រាជធានី​ភ្នំពេញ​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃនេះ។​

អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ខ្លួន​មនុស្ស​១១​នាក់​អស់​ជាង​៤​ម៉ោង​កាលពី​ ថ្ងៃ​ទី២១​ខែ​មករា​រួមមាន​ក្រុមអ្នក​ភូមិ​បឹងកក់​ ដឹកនាំ​ដោយ​អ្នកស្រី​ទេព វន្នី​ អ្នកស្រី​ យ៉ោម បុប្ផា ​អ្នកស្រីបូ ឆវី​ អ្នកស្រី​សុង ស្រីលាភ ​អ្នកស្រី​ផាន ឈុនរ៉េត​និង​ លោករ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ និងជា​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ជា​ដើម។​ ការ​ចាប់ខ្លួន​នេះ​កើតឡើង​នៅពេល​ពួក​គេ​បាន​ព្យាយាម​ដាក់​ញត្តិ​ទៅ​ស្ថានទូត​បរទេស​មួយ​ចំនួន ​រួមទាំង​ស្ថានទូត​ស.រ.អា.​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​សុំឲ្យ​មាន​អន្តរាគមន៍​ដោះលែង​កម្មករ​ និង​មេដឹកនាំ​សហជីព​២៣​នាក់​ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន​ក្នុង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​កាលពី​ថ្ងៃ​ទី៣​ខែ​មករា​ នៅ​ពេល​ពួក​កម្មករ​រោងចក្រ​ទាមទារ​ដំឡើង​ប្រាក់​ខែ​១៦០​ដុល្លារ​ស.រ.អា.​នោះ។​

លោក​ ការីម ឡាហ៊ីតជី​ (Karim Lahidji)​ ប្រធាន​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​ អន្តរជាតិ ​FIDH ​បាន​អះអាង​ថា៖ ​«រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​អនុវត្ត​តាម​កាតព្វកិច្ច​ខ្លួន​ តាមច្បាប់​អន្តរជាតិ​ ហើយ ធានា​ថា ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​អាច​ដំណើរការ​សកម្មភាព​ពួកគេ​ដោយ​សន្តិវិធី​ គ្មាន​ការ​ភ័យខ្លាច​ គ្មាន​ការ​យារយី ​និង​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត។​ រឿង​នេះ​ គឺ​រួម​ទាំងការ​ធានា​ឲ្យមាន​ការ​លើក​ចេញបម្រាមទាំងស្រុង​ចំពោះ​ការ​ធ្វើបាតុកម្ម​ជា​សាធារណៈ​ ដែល​បម្រាម​នោះ​ផ្ទុយ​នឹង​មាត្រាទី​២១​នៃ​កតិកា​សញ្ញា​ស្តីពី​សិទ្ធិ​ ពលរដ្ឋ​ និង​សិទ្ធិ​ចូលរួម​ក្នុង​នយោបាយ»។​

លោក​ជឺរ៉ាល់ ស្តាប៊ឺរ៉ក ​(Gerald Staberock) អគ្គលេខាធិការ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ទៀត​គឺអង្គការ​ OMCT​ ​ថ្លែងថា៖​ «សិទ្ធិ​ជួបប្រជុំ​អាច​នឹង​ធ្វើឲ្យ​អាជ្ញាធរ​មិនសប្បាយ​ចិត្ត​ តែវា​មិនមែន​ជា​សកម្មភាព​ខុស​ច្បាប់​ទេ។​ វា​នៅ​តែ​ជា​សិទ្ធិ​ដែល​គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​ឲ្យ​បោះបង់​ចោល​ឡើយ​ ទោះ​បី​ជាស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស»។​

អង្គការ​សិទ្ធិមនុស្ស​អាដហុក ​អង្គការ​លីកាដូ​ និង​អង្គការ​សិទ្ធិ​មនុស្ស​ Observatory​ បាន​អំពាវនាវ​ឲ្យ​លុបចោល​បម្រាមនៃ​ការ​ជួប​ប្រជុំគ្នា​ចាប់​ពី​១០នាក់​ ​ បញ្ឈប់​ការ​ប្រើ​កម្លាំង​បង្ក្រាប​ដល់​សកម្មភាព​អហិង្សា ​និង​ស្របច្បាប់​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ជា​ពិសេស​បាន​ថ្កោល​ទោស​ដល់​ការ​ប្រើ​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​ កម្លាំង​សន្តិសុខ​ក្រៅ​ផ្លូវការ​ដើម្បី​ចាប់ខ្លួន​ និង​ឃុំខ្លួន​សកម្មជន​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។​

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នេះ​ទៀត​សោត​ក៏​បាន​រៀបរាប់​ពីការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស ​សកម្ម​ជន​ការពារ​សិទ្ធិ​ដីធ្លី​ លំនៅដ្ឋាន​ និង​សហជីព​ ជាបន្ត​បន្ទាប់​ជា​ច្រើន​លើក​ ក្នុងខែ​មករា​នេះ​ ហើយ​ក៏បាន​និយាយ​យោង​ដល់​ការថ្កោល​ទោស​ដោយអ្នក​រាយ​ការណ៍​ពិសេស​អ.ស.ប. ​(Surya Subedi)​ ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​កម្មករ​ និង​មន្ត្រី​សហជីព​សរុប​ចំនួន​២៣នាក់​នៅ​ទីឆ្ងាយ​ដែល​មិន​អាច​ទាក់ទង​បាន​ផង​ដែរ។​ សេចក្តី​ប្រកាស​ដដែល​ក៏​បាន​និយាយ​យោង​ទៅ​ដល់​ការ​ជំរុញពី​ស.រ.អា. និង​បារាំង​ឲ្យ​មាន​ការ​ដោះលែង​ជន​ទាំង​២៣​នាក់​នោះ​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG