ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សិទ្ធិ​មនុស្ស៖ ដំណើរ​ការ​ប្រជាធិបតេយ្យ​ថយ​ក្រោយ​នៅកម្ពុជា


ក្រុម​សមត្ថកិច្ច​ប៉ូលិស​បណ្តេញ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ចេញ​ពី​ទី​លាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៤​ខែ​មករា​ឆ្នាំ​២០១៤។
ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ ការ​រារាំង​គណបក្ស​ជំទាស់​ក្នុង​ការ​ជួប​ប្រជុំ និង​ការ​ចាប់ខ្លួន​សកម្មជន​នានា​ក្នុង​ការ​ដាក់ញត្តិទៅ​កាន់​ស្ថានទូត​បរទេស​គឺជា​ ដំណើរ​ការថយ​ក្រោយ​យ៉ាងធ្ងន់ធ្ងរ​ផ្នែក​ប្រជាធិបតេយ្យ​ សេរីភាព​ជួបប្រជុំ ហើយនឹង​សេរីភាព​បញ្ចេញមតិ​នៅកម្ពុជា។​

ក្រោយ​ពីមាន​ការ​ចាប់ខ្លួន​សកម្មជន​ដីធ្លី​ និង​មេដឹកនាំ​សហជីព​១១​នាក់​រយៈពេល​ ប៉ុន្មាន៤ម៉ោង​ ដោយសារ​តែ​ការ​ដាក់​ញត្តិដល់​ស្ថានទូត​នានា​សុំ​ឲ្យ​មាន​អន្តរាគមន៍​ដោះលែង​សកម្ម​ជន​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​និង​ការ​គំរាម​កំហែង​ដល់កិច្ច​ប្រជុំ​គណបក្ស​ជំទាស់​នៅ​ខេត្ត​កណ្តាល​នោះ​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ កម្ពុជា​គ្មាន​សេរីភាព​ជួបប្រជុំ​និង​សេរីភាព​បញ្ចេញ​មតិ​តាម​រដ្ឋ​ធម្មនុញ្ញ​ទេ ​ដោយ​ពួកគេ​បាន​ចាត់ទុក​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ​យ៉ាង​ខ្លាំង។​

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​លោក ​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា៖​ «ជា​រឿង​មួយ​ដែល​វា​ដើរ​ថយ​ក្រោយ​ខ្លាំង​មែន​ទែន ​ជាពិសេស​យើង​មើល​នៅ​ឆ្នាំ​២០១៣​ នៅ​ពេល​ដែល​មាន​ការ​ដុត​ទូត​ថៃ​ ហើយ​បន្ទាប់​ពី​ហ្នឹង​មក​គឺ​មាន​លេស​មួយ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​រាររាំង​មិន​ឲ្យ​មាន​បាតុកម្ម​ ហើយ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ១១ឆ្នាំ​ហើយ​ដែល​ (កម្ពុជា) ​យើង​ហាក់ដូច​ជា​ឈាន​ថយ​ក្រោយ​វិញ​ដ៏​ធំ​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ»។

លោក​ថ្លែង​ថា​ ការ​រារាំង​ការ​បញ្ចេញ​មតិ​ និង​ជួប​ប្រជុំ​បាតុកម្ម​នេះ​ដែលគ្មាន​ទាក់ទង​នឹង​អំពើ​ហិង្សា តែ​ជាការ​បិទ​ទាំង​ស្រុង​ដោយ​ការ​ប្រើប្រាស់​កងទ័ព ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ ហាក់ដូចជា​ប្រទេស​កំពុងតែ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន​ដែល​តម្រូវ​ឲ្យ​មាន​ការ​ប្រកាស​ដោយ​សភា។​

«ដក​សិទ្ធិនេះ​បាន​ទាល់តែ​យើង​ប្រកាស​អាសន្ន​ ហើយ​យើង​មិន​ស្ថិត​នៅ​ក្នុង​ អាសន្ន​ទេ។​ អញ្ចឹង​ខ្ញុំមើល​ទៅ​មិន​គួរ​ មិន​ត្រូវ​ដក​សិទ្ធិ​មួយ​នេះទេ​ ហើយ​គួរ​ តែ​មាន​ការសម្រប​សម្រួល​រវាង​អាជ្ញាធរ​និង​បាតុករ ​សម្រម​សម្រួល​យ៉ាង​ណា​ឲ្យ ក្រុម​អ្នក​បាតុករ​អាច​ធ្វើ​បាតុកម្ម​បាន​ ដោយ​សន្តិវិធី ​និង​ដោយ​ត្រឹមត្រូវ»។​

ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ថា​ ​រារាំង​និង​បញ្ជូន​កម្លាំង​របស់​ខ្លួន​ប៉ុនប៉ង​បង្ក​អំពើ​ហិង្សា​ក្នុង​កិច្ច​ប្រជុំ​របស់ខ្លួន​នៅក្នុង​ស្រុក​មួយ​នៃ​ខេត្ត​កណ្តាល។​ ហើយ​ក្រុម​សកម្ម​ជន​ប្រជាធិប​តេយ្យខ្លះ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​ ប្រើ​ប្រាស់​កម្លាំង​អាជ្ញាធរ​ដើម្បី​ចាប់ខ្លួន​សកម្មជន​ដីធ្លី​ និង​ មេដឹកនាំ​សហជីព​សរុប​១១​នាក់ ​ដូចជា​អ្នកស្រី ​ទេព វន្នី ​អ្នកស្រី​យ៉ោម បុប្ផា​ និង​លោក ​រ៉ុងឈុន​ជាដើម។​ ពួកគេ ​ចាត់​ទុក​ថា​ នេះជា​ទង្វើ​នេះជាអំពើ​ខុសច្បាប់​របស់​អាជ្ញាធរ។​

លោក ​ប្រេត អាដាំ​ (Brad Adams) ​នាយក​អង្គការ​យូមែនរ៉ៃវច​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​នៅ​ក្នុង​របាយ​ការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន​ថា​ អាជ្ញាធរ​កម្ពុជា​ប្រើប្រាស់​ កម្លាំង​លើស​លុបបង្ក្រាប​ និង​រារាំងក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ ដែល​ប្រឆាំងនឹង​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត។​ លោក​ថ្លែងថា៖​

«ពលរដ្ឋ​កម្ពុជា​ជាច្រើន​បង្ហាញ​ពីកំណើន​នៃ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​ គេ​ក្នុង​ការ​ប្រឈម​ជាមួយ​គណបក្ស​គ្រប់គ្រង​ប្រទេស​ដ៏រឹងមាំ​ដែលបង្ហាញ​ពីការ​ គ្មាន​ឆន្ទៈ​គោរពគេ​(ពលរដ្ឋ​កម្ពុជា)។​ ប្រទេស​ផ្តល់​ជំនួយ​ស្ទើរតែ​ទាំងអស់​កំពុង​ជាប់គាំង ​ឬ​សារទរ​នឹង​គំនិត​ធ្វើជា​មើល​មិន​ឃើញ​រឿងរ៉ាវ​ដែល​ធ្វើឲ្យ​ខកចិត្ត​ដល់​ ពលរដ្ឋ​កម្ពុជា​ ​ជាសាធារណៈ ​ដូចជា​ការ​គ្រប់គ្រង​ដ៏​អាក្រក់​ជាយូរ​លង់​មក​ហើយ​ ​អំពើ​ពុករលួយ​ ហើយនឹង​ការកៀប​សង្កត់​នោះ»។​

លោក​ក៏​បាន​បន្ថែម​ទៀតថា៖​ «វា​ដល់​ពេល​ដែល​សហគមន៍​អន្តរជាតិ​ដែល​នៅតែ​បន្ត​ផ្តល់​ជំនួយ​មួយ​ផ្នែកធំ​ដល់​ថវិកា​ជាតិ​ប្រទេស​កម្ពុជា​នោះ​ និយាយ​ឲ្យ​ច្បាស់​ថា​ ល្មម​គ្រប់គ្រាន់​ហើយ។ ហើយ​ត្រូវឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដឹង​ថា​ មិនអាច​បន្ត​ជំនួយ​ទៀត​ទេ។​ រដ្ឋាភិបាល ​កម្ពុជា​បាន​ទទួល​ប្រាក់​ជំនួយ​ជាង​២០ឆ្នាំ​ហើយ។ ហើយ​រដ្ឋាភិបាល​កម្ពុជា​និយាយ​ដដែលៗ​ថា ​គេឈប់​ធ្វើការ​រំលោភ​សិទ្ធិ​មនុស្ស​ដូច​២០​ឆ្នាំ​កន្លង​ទៅ»។​

លោក​បាន​ថ្លែង​ថា​ គេមិនគួរ​គិត​ថា ​ទង្វើ​បន្តិច​បន្តួច​របស់​គណបក្ស​គ្រប់គ្រង​ ប្រទេស​របស់​លោក​ហ៊ុន​ សែន​ ដូច​ជា​ការ​ដោះលែង​សកម្មជន​ដីធ្លី​បឹងកក់​គឺ​អ្នក​ស្រី​ យ៉ោម បុប្ផា​ ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​ ហើយ​មាន​អំពើ​ហិង្សា ​ការ​គំរាម​កំហែង​បន្ថែម​ទៅ​វិញ​នោះ ​គឺ​មិនមែន​ជាភស្តុតាង​នៃ​ការ​កែ​ទម្រង់​ទេ។​ តែនេះ​ជា​ភស្តុតាង​ដែល​សម​នឹង​ទទួល​សម្ពាធ​ពី​អន្តរជាតិ​ដើម្បី​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​

លោក ​នី ចរិយា ​ប្រធាន​ក្រុម​អ្នកស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​មិន​គួរ​បន្ត​ធ្លាក់​ចុះ​ទៅ​រក​របៀប​ដឹក​នាំ​ផ្តាច់ការ​ទេ។​ ប្រជាពលរដ្ឋ​ត្រូវ​មាន​សេរីភាព​តាមច្បាប់ ​និង​រដ្ឋធម្មនុញ្ញ។​

«ខ្ញុំយល់​ថា​ សេរីភាព​នៃ​ការ​ជួបប្រជុំ​ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ដោយ​សន្តិវិធី​នេះ​ បាន​ធ្លាក់ចុះ​ទៅ។​ ពីមុន ​ខ្ញុំ​បាន​ធ្វើការ​កត់​សម្គាល់​ថា ​សេរីភាព​ទាំង​នេះ​វិល​ទៅ​រក​សេរីភាព​ក្នុង​ទសវត្សរ៍​១៩៨០ ​តែ​ឥឡូវ​នេះ​ខ្ញុំ​បាន​ឃើញ​ថា ​សេរីភាព​នេះ​បាន​ធ្លាក់​មួយ​កម្រិត​ទៅ​ទៀត​ ដែល​គេ​អាច​និយាយ​បាន​ថាសេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​នឹង​ឈាន​ទៅ​រក​'សូន្យ'»។​

លោក​បាន​បញ្ជាក់​ថា ​កម្ពុជា​ពេល​នេះ​គឺ​មាន​តែ​ការ​ប្រើប្រាស់​ចុង​អាវុធ​ តុលាការ​ និង​ការ​រំលោភ​ច្បាប់​ដោយសារ​តែការ​ហាម​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ប៉ុណ្ណោះ។​

តែ​លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​មួយ​រូប​បាន​ពន្យល់​ថា​ ការ​ចាត់​វិធានការ​របស់​ក្រសួង​មហា​ផ្ទៃ​និង​សាលា​ក្រុង​ភ្នំពេញ​គឺដើម្បី​សណ្តាប់​ធ្នាប់​សង្គម​ ​ក្រោយ​ពេល​មាន​ពិសោធន៍​នៃ​ការ​មិន​គោរព​កិច្ច​ព្រមព្រៀង​នៃ​ការ​ធ្វើ​បាតុកម្ម​ ហើយ​បង្ក​ឲ្យមាន​អំពើ​ហិង្សា។​

«រឿង​ហ្នឹង​យើង​ឃើញ​ថា​ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត ​ហើយ​បុគ្គល​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​រំលោភ​ច្បាប់​បាតុ​កម្ម។​ ហើយ​ជាមួយគ្នា​នេះ​ដែរ​គឺអ្វី​ដែល​បាន​ចេញ​ដោយ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ និង​សាលា​ក្រុង​ភ្នំពេញ​ ដែល​សុំឲ្យ​ផ្អាក​ការ​ជួបជុំ​គ្នា​ជា​បណ្តោះ​អាសន្ន​រហូតដល់​ស្ថានភាព​ប្រក្រតី​វិល​ត្រឡប់​មកវិញ​ ពីព្រោះ​រាជរដ្ឋា​ភិបាល​មាន​កាតព្វ​កិច្ច​ក្នុង​ការ​បង្កើត​និង​ដណ្តើម​មក​វិញ​នូវ​ស្ថានភាព​ប្រក្រតី»។​

ការ​តវ៉ា​នានា​គឺ​កើត​ឡើង​ដោយ​សារ​មាន​ការ​ជាប់គាំង​នយោបាយ​ដែល​គណបក្ស ​ជំទាស់​ចាត់ទុក​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​គៃ​បន្លំសន្លឹក​ឆ្នោត​កាលពី​ឆ្នាំ ​២០១៣ ​ហើយ​រដ្ឋាភិបាល​ខកខាន​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ប្រាក់​ឈ្នួល​កម្មករ​ ១៦០​ដុល្លារ​ស.រ.អា.​ ​និង​ខកខាន​ក្នុងការ​ដោះលែង​កម្មករ​ សកម្ម​ជន​នានា​និង​មន្ត្រី​សហជីព​សរុប​២៣​នាក់​ ពីបទ​ចោទ​ថា​ បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កាលពី​ដើម​ខែ​មករា​ ដែល​អាជ្ញាធរ​បាន​បង្ក្រាប​លើ​ហ្វូង​បាតុករ​ស្វែង​រក​ការ​ដំឡើង​ប្រាក់ខែ​ពី៨០​ទៅ​១៦០​ដុល្លារ​ស.រ.អា.​សម្រាប់​ជីវភាព​សមរម្យ​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG