ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​សហគមន៍​បឹងកក់​ចេញ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ជនរងគ្រោះ​២៣​នាក់


កម្មករ​ដែល​ចូលរួម​ធ្វើ​បាតុកម្ម ត្រូវ​បាន​ប៉ូលិស​នាំ​ខ្លួន​យក​ទៅ ក្រោយពី​មាន​ការប៉ះទង្គិច​គ្នា​នៅ​ជាយ​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។
ជនរងគ្រោះ​ដោយ​ការរំលោភ​យក​ដីធ្លី​នៅ​តំបន់​បឹង​កក់​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ដើរ​ដង្ហែរ​ញត្តិ​ទៅ​ស្ថានទូត​នានា​និង​ស្ថាប័ន​អន្តរជាតិ​ដើម្បី​ស្វែងរក​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិ​ដីធ្លី​និង​កម្មករដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ចំនួន​២៣​នាក់​ក្នុង​ពេល​អាជ្ញាធរ​បង្ក្រាប​បាតុកម្ម​របស់​ក្រុម​កម្មករ​កាល​ពី​ដើម​ខែ​នេះ។

ក្រុម​បាតុករ​បាន​ស្រែក​ថា៖

«សហគមន៍​បឹងកក់​មក​ថ្ងៃ​នេះ​គឺ​គ្រាន់​តែ​ចង់​ឱ្យ​មាន​អន្តរាគមន៍​ពី​ស្ថានទូត​នានា​ដែល​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស ​សកម្មជន​ដី​ធ្លី ​និង​កម្មករ​ទាំង​២៣​នាក់»។

បាតុករ​ដែល​ភាគ​ច្រើន​ជា​អ្នក​ភូមិ​មកពី​សហគមន៍​បឹង​កក់​ប្រហែល​៧០​នាក់ដែល​ភាគច្រើន​ជា​ស្ត្រី​បានបិទ​រូបថត​អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់​នៅ​លើ​ក្បាល ​និង​ពាក់​អាវ​ធ្វើ​ពី​ក្រដាស​ដែល​សរសេរ​សារ​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទាំង​នោះ​ជា​បន្ទាន់។ ពួកគេ​បាន​កាន់​ទង់​ជាតិ​ប្រទេស​កម្ពុជា ​ទង់​ជាតិ​អង្គការ​សហ​ប្រជាជាតិ ​និង​ទង់ជាតិ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​នានា​ដែល​មាន​ស្ថានទូត​នៅ​កម្ពុជា​ ហើយ​ដង្ហែរ​យក​ញ្ញត្តិ​របស់​ខ្លួន​ទៅ​ដាក់​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក ​ជប៉ុន ​បារាំង ​អង់គ្លេស ​អាល្លឺម៉ង់ ​ស្ថានទូត​កូរ៉េ​ខាងត្បូង ​សហគមន៍​អឺរ៉ុប ​និង​ធនាគារ​ពិភពលោក។

អ្នកស្រី​ទេព វន្នី ​អ្នក​ដឹកនាំ​ការតវ៉ា​និង​ជា​ជ័យ​លាភី​រង្វាន់​ភាព​ជាអ្នក​ដឹកនាំ​របស់​អង្គការ​Vital Voices ​រំពឹង​ថា​អន្តរាគមន៍​របស់​ស្ថានទូត​បរទេស​និង​ស្ថាប័ន​អន្តរជាតិ​ជា​ការ​ដាក់​សម្ពាធ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ។

«ខ្ញុំ​សង្ឃឹម​និង​ជឿជាក់​១០០​ភាគរយ​តែ​ម្តង​ថា​ពួកគាត់​នឹង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​មិន​ទាន់​គ្រប់​លក្ខណៈ​ហ្នឹង​ឱ្យ​មាន​ការ​ដោះលែង​មនុស្ស​ទាំង​២៣​នាក់ ​ព្រោះ​ស្ថានទូត​ទាំង​អស់​ហ្នឹង​សុទ្ធ​សឹង​តែ​ជា​ស្ថានទូត​ដែល​គោរព​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ ​ដូច្នេះ​ដើម្បី​ធ្វើ​គំរូ​ដល់​ប្រទេស​កម្ពុជា​ដែល​កំពុង​ដើរ​ផ្លូវ​ខុស​ពី​មាគ៌ា​ច្បាប់​និង​សិទ្ធ​មនុស្ស​នោះដាច់​ខាត​ត្រូវ​តែ​ដាក់​សម្ពាធ​ឱ្យ​មាន​ការ​ដោះ​លែង​ជា​បន្ទាន់»។

យ៉ាង​ណា​ក៏​ដោយ​ការ​ធ្វើ​បាតុកម្ម​និង​ដើរ​ហែរ​ក្បួន​នេះ​ពុំ​មាន​ការ​រារាំង​ពី​កងកម្លាំង​មាន​សមត្ថកិច្ច​ទេ ទោះ​បី​ជា​នា​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ដាក់​កំហិត​មិន​ឱ្យ​មាន​ការ​ជួបជុំ​ជា​សាធារណៈ​លើស​ពី​១០​នាក់​ក៏​ដោយ។

បាតុករ​ទាំង​២៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​និង​កំពុង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​កំពង់ចាម​ រួម​មាន​លោក​វន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​លោក​ចាន់ ពុទ្ធិស័ក្ក ​សកម្មជន​ដី​ធ្លី​នៅ​សហគមន៍​បឹងកក់ ​លោក ថេង សាវឿន ​អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ផង​ដែរ។ ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍​របស់​កម្មករ​រោងចក្រ​នៅ​ថ្ងៃ​ទី​២​និង​ទី​៣ខែ​មករា​នេះ។ ការ​បង្ក្រាប​ដ៏​ហិង្សា​នេះ​ក៏​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​៥​នាក់​និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។

អ្នកស្រី​ ទេព វន្នី ​បាន​អះអាង​ថា​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​ពុំ​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ។

«ពួក​គាត់​ទាំង​នោះ​មិន​បាន​ខុស​និង​មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​របស់​ទ័ព​ឆ័ត្រ​យោង​ពិសេស​៩១១​ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​ពួកគាត់​ហើយ ​ហើយ​ចាប់​ពួកគាត់​ទៀត។ ដូច្នេះ​ពួកយើង​ទាំង​អស់​គ្នា​នៅ​តែ​មាន​សង្ឃឹម​និង​ទាមទារ​ឱ្យ​ដោះលែង​ពួកគាត់​ឱ្យ​បាន​ឆាប់​ៗ​ក្នុង​ថ្ងៃ​ខាង​មុខ​នេះ»។

តំណាង​ស្ថានទូត​នីមួយៗ​បាន​ចេញ​មក​ទទួល​ញ្ញត្តិ​និង​សន្យា​ឆ្លើយ​តប​នឹង​សំណើ​នេះ​នៅ​ថ្ងៃ​ខាង​មុខ។

លោក ខេង ទីតូ ​អ្នកនាំ​ពាក្យ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​ អះអាង​ថា​ក្រុម​កម្លាំង​មាន​សមត្ថកិច្ច​គ្រាន់​តែ​បំពេញ​ភារកិច្ច​អនុវត្ត​ច្បាប់​តែ​ប៉ុណ្ណោះ​ចំពោះ​ការ​ចាប់​ខ្លួន​មនុស្ស​ទាំង​២៣​នាក់​នោះ។

«ខ្ញុំ​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ យើង​បាន​ត្រឹម​តែ​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ​ដើម្បី​ឱ្យ​តុលាការ​ស្រាវជ្រាវ​ថា​តើ​គាត់​មាន​កំហុស​បែប​ណា។ ការ​ចាត់​ការ​បែប​ណា​នោះ​ជា​សមត្ថកិច្ច​របស់​តុលាការ»។

ប៉ុន្តែ​លោកស្រី​សែម ស័ក្ត​កូឡា ​ចៅក្រម​ស៊ើប​សួរ​ដែល​កាន់​សំណុំរឿង​នេះ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ការបន្ត​ឃុំ​ខ្លួន​ជន​រងគ្រោះ​ទាំង២៣​នាក់​នោះ​នៅ​ទី​ដាច់​ស្រយ៉ាល​ក្រៅ​រាជធានី​ភ្នំពេញ​ក៏​ទទួល​រងការ​រិះគន់​យ៉ាង​ខ្លាំង​ផងដែរ​ពី​លោក​សូរិយ៉ា​ ស៊ូប៊ែឌី​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ក្នុង​ពេល​ដែល​គាត់​បាន​បញ្ចប់​បេសកកម្ម​ស្វែង​យល់​ការ​ពិត​នៅ​កម្ពុជា៕
XS
SM
MD
LG