ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស៖​ កម្ពុជា​ត្រូវ​តែ​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​​មីក្រូ​ហិរញ្ញវត្ថុ


ប្រាក់រៀលដែលជារូបិយបណ្ណជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងហាងប្តូរប្រាក់មួយ កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ) [Envision Cambodia - Episode 6]
ប្រាក់រៀលដែលជារូបិយបណ្ណជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងហាងប្តូរប្រាក់មួយ កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ) [Envision Cambodia - Episode 6]

អង្គ​ការ​សង្គម​ស៊ីវិល​មួយចំនួន​បាន​ស្នើ​ប្រទេស​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ដោយ​ពួកគេ​អះអាង​ថា​មានការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​មី​ក្រូ​ហិរញ្ញវត្ថុ។

ការ​ស្នើ​សុំ​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ សមធម៌​កម្ពុជា ​សមាគម​ធាង​ត្នោត និង​អង្គការ​ ​FIAN ​អាល្លឺម៉ង់ ធ្វើ​ឡើង​នៅ​ពេល​ដែល​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​ក្រុមប្រឹក្សា​សិទិ្ធ​មនុស្ស នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​នៅថ្ងៃ​ទី៨ ខែ​ឧសភា ឆ្នាំ​២០២៤។

សេចក្តី​ស្នើ​រួម​របស់​ក្រុម​អង្គការ​ទាំង​នោះ​ ចុះ​ថ្ងៃ​ទី៦ ខែឧសភា ឆ្នាំ​២០២៤ បញ្ជាក់​ថា​៖ «យើង​ខ្ញុំ​ស្នើ​សុំ​ប្រទេស​ជាសមា​ជិក​នៃ​អង្គការ​សហ​ប្រជា​ជាតិ សូម​លើក​អនុសាសន៍​ដល់​ប្រទេស​កម្ពុជា ឱ្យ​ផ្តល់​ការ​អនុគ្រោះលើ​បំណុល និង​ផ្តល់​សេវា​សុខាភិ​បាល​និង​អប់រំ ដោយ​ឥត​គិត​ថ្លៃ​និង​ពេញ​លេញ ដើម្បី​កាត់​បន្ថយ​បំណុល និង​បញ្ឈ​ប់ជា​បន្ទាន់​នូវ​ការរំ​លោភ​បំពាន​តាម​រយៈ​កម្ចី​មី​ក្រូហិរញ្ញ​វត្ថុ»។ សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា​៖«​រដ្ឋាភិបាល​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​ការ​ផ្តល់​ប្រាក់​កម្ចី​ដ៏​សាហាវ​យង់​ឃ្នង​និង​ការ​បង្ខិត​បង្ខំ​ការ​អនុវត្ត​ការ​ប្រមូល​ក្នុង​វិស័យមី​ក្រូ​ប្រាក់​កម្ចី​របស់​ប្រទេស។ នេះ​បាន​ជំរុញ​ឱ្យ​មាន​វិបត្តិ​បំណុល​ឯកជន​នៅ​ទូទាំង​ប្រទេស»។

បើ​តាម​អង្គការ​លីកាដូ ការ​សិក្សា​បែប​បរិមាណ​ចំនួន​បី​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​រក​ឃើញ​ថា​ប្រមាណ​ជា​៦​%​នៃ​អ្នក​ខ្ចី​ប្រាក់​បាន​លក់​ដី ដើម្បី​សង​បំណុល​ខ្នាត​តូច​។ ការ​រក​ឃើញ​របស់​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​នៅ​ចន្លោះ​ឆ្នាំ​២​០​១​៧​ដល់​ឆ្នាំ​២​០​២​២ ពល​រដ្ឋ​កម្ពុជា​ប្រមាណ​ជា​១​៦​៧​.​០​០​០​នាក់​បាន​លក់​ដី ដើម្បី​សង​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ។

បើ​តាម​អង្គការ​លីកាដូ ការ​ស្ទង់​មតិ​នៅ​ក្នុង​ឆ្នាំ​២​០​២​២​ ​កុមារ​ច្រើន​ជាង​៣​%នៅ​ក្នុង​គ្រួសារ​ដែល​ផ្តល់​បទ​សម្ភាសន៍​បាន​ឈប់​រៀន​ ​ជា​ពិសេស​ដោយ​សារ​តែ​បញ្ហា​មីក្រូ​ហិរញ្ញវត្ថុ​ ​ហើយ​បន្ថែម​ពី​នេះ​ទៅ​ទៀត​ ​កុមារ​ច្រើន​ជាង​៤​%(​រួម​ទាំង​កុមារ​ដែល​មាន​អាយុ​ក្មេង​ត្រឹម​១​០​ឆ្នាំ​) ​បាន​ចេញ​ទៅ​ធ្វើ​ការ​ ដើម្បី​សង​បំណុល​ទៅ​កាន់​មីក្រូ​ហិរញ្ញវត្ថុ។

នៅ​ក្នុង​ការ​ស្ទង់​មតិ​ដែល​មាន​លក្ខណៈ​តំណាង​ ១​៨​,​៣​%​នៃ​ក្រុម​គ្រួសារ​ដែល​មាន​ក​ម្ចី ​បាន​និយាយ​ថាពួកគេ​កាត់​បន្ថយ​ការ​ហូបចុក​បន្ទាប់​ពី​ពួក​គេ​បាន​ខ្ចីប្រាក់​ ​ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​៨​,​៥​% ​បាន​រាយ​ការ​ណ៍​ថាគ្រួសារ​ពួក​គេ​មិន​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​នោះ​ទេ។ នេះ​បើ​តាម​អង្គការ​លីកាដូ។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ «យើង​ខ្ញុំ​សូម​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ​រួម​ទាំង​រាជ​រដ្ឋាភិបាល​កម្ពុជា​សូម​ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​ធានា​ឱ្យ​មាន​ការ​បញ្ឈប់​នូវ​ការ​រំលោភ​បំពាន​ទាំង​នេះ។ នៅ​ថ្ងៃ​ទី​៨​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​ ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៤​៦​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​ ​យើង​ខ្ញុំ​ក៏​សូម​អំពាវ​នាវ​ដល់​រដ្ឋ​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​ ​សូម​សួរ​ទៅ​កាន់​អ្នកតំណាង​ប្រទេស​កម្ពុជា​អំពី​កំណត់​ត្រា​របស់​ខ្លួន​ស្តី​ពី​ការ​ការពារ​អ្នកជា​ប់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ»។

វីអូអេ​មិន​ទាន់​សុំ​ការ​អត្ថាធិប្បាយ​អ្នកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារជាតិ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

ចំណែក​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក ប៉ា ប៊ុនណ្ណា​រ៉ាដា ប្រាប់​វីអូអេ​ថា​ការ​ពិនិត្យ​ជា​សាកល​តាម​ការ​កំណត់​(Universal Periodic Review ឬ UPR)របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ មិន​មែន​ជា«កន្លែង​វាយ​ប្រហារ​គ្នា»នោះ​ទេ តែ​ជា​កន្លែង​ស្ថាបនា​គ្នា​រវាង​រដ្ឋ​និង​រដ្ឋ។

លោក​បញ្ជាក់​ថា៖ «ទោះ​បីជា​ក្នុងអំឡុង​ពេល​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩ និង​វិបត្តិសកល​ផ្សេង​ៗក៏​ដោយ​ ក្រសួង​ស្ថាប័នដែល​មាន​សមត្ថកិច្ច​បាន​ខិតខំ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ទាំង​១៧៣ ដែល​កម្ពុជា​ទទួល​យក កាល​ជុំ​ទី​៣នោះ បាន​យ៉ាងខ្ជាប់​ខ្ជួន ហើយ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក៏​ដូច​ជា​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​និង​ការ​ការពារ​សិទ្ធិ​មនុស្ស​ផង​ដែរ»។

លោក កាំង តុងងី អ្នកនាំ​ពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លើក​ឡើង​ថា​វិស័យ​មីក្រូហិរញ្ញ​វត្ថុ​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម។ លោក​បន្ថែម​ថា​ការ​គោរព​សិទ្ធិ​មនុស្ស​គឺជា​កាតព្វកិច្ច​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់ ដើម្បី​ធានា​ភាព​រីកចម្រើន។

អ្នក​នាំពាក្យរូប​នេះ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល។

លោក​បញ្ជាក់​ថា ៖ «ដោយ​ឡែកខាង​អង្គការសង្គម​ស៊ីវិល គាត់​លើក​ឡើង​នៅ​ក្នុង​ការ​តស៊ូ​មតិ​របស់​គាត់​ហ្នឹង វា​មិន​មែន​ជា​អ្វី​ដែល​ថ្មី​ទេ គ្រាន់​តែ​ថា​អ្វី​ដែល​គាត់​លើក​ឡើង​ហ្នឹង វា​មិន​មាន​មូលដ្ឋាន​ស្រប​ទៅ​នឹង​អ្វី​ដែល​វិស័យ​កំពុង​តែ​ធ្វើ​ក៏​ដូច​ជា​ឆ្លុះ​បញ្ចាំង​ពី​តថភាព​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​»។

ការ​សិក្សា​ថ្មី​មួយ​របស់​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​មករា រក​ឃើញ​ថា​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ប៉ុន្តែ​កូន​បំណុល​មួយ​ចំនួន​តូច​បាន​លក់​ដី​របស់​ពួកគេ ​ដើម្បី​សង​បំណុល​ដែល​ពួក​គេ​បាន​ខ្ចី​ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​ឬ​ធនាគារ។

បើ​តាម​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០២៤ គ្រឹះស្ថាន​មីក្រូហិ​រញ្ញវត្ថុ​ទាំង​អស់​នៅ​កម្ពុជា​មាន​ជាង​៨០។ អ្នក​ជំពាក់​បំណុល​មីក្រូហិ​រញ្ញវត្ថុ​នៅ​ទូទាំង​ប្រទេស​មាន​ប្រមាណ​១,៦លាន​គណនី ខណៈ​អ្នក​ជំពាក់​បំណុល​ធនាគារ មាន​ប្រមាណ​២,១លាន​គណនី។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍ អង្គការ​លីកាដូ និង​អង្គការ​ផ្សេង​ទៀត​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​យន្ត​ការ​អនុគ្រោះ​លើ​បំណុល​ ​សម្រាប់​គ្រួសារ​ដែល​ជំពាក់​បំណុល​ច្រើស​លើស​លប់ និង​ផ្តល់​អាទិភាព​នៃ​ការ​អនុគ្រោះ​បំណុល​នោះ ដល់​ជនជាតិ​ដើម​ភាគតិច​ ​និង​គ្រួសារ​ដែល​មាន​បណ្ណ​ក្រីក្រ។

អង្គការ​សិទ្ធិ​មនុស្សក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​លើក​ក​ម្ពស់​សិទ្ធិ​ទទួល​បានសុខ​ភាព សិទ្ធិ​ទទួល​បាន​អាហារ​ ​និង​សិទ្ធិ​ទទួល​បាន​ការអប់រំ​ ​ហើយ​ចាត់​វិធាន​ការ​ជាក់​ស្តែង​ ​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព និង​ការ​អប់រំ​ក​ម្រិ​ត​បឋម​សិក្សា​និង​មធ្យម​សិក្សា​ ​ដោយ​ឥត​គិតថ្លៃ​ពេញ​លេញ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់ ដើម្បី​កាត់​បន្ថយ​ការ​ជាប់​បំណុល​ដែល​កើត​ចេញពី​ការ​ចំណាយ​ទាំង​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG