ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​​សភា​​តំណាង​រាស្ត្រ​អាមេរិក​ដាក់​កម្ពុជា​ក្នុង​ចំណោម​លទ្ធិ​ប្រជាធិបតេយ្យ​ក្រោម​ការ​គំរាម​កំហែង


អ្នក​តំណាង​រាស្ត្រ Ed Royce ដែល​ជា​ប្រធាន​គណៈកម្មាធិការ​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ការ​បរទេស ថ្លែង​នៅ​ក្នុង​សវនាការ​ស្តី​អំពី «‍ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ពិភព​លោក​ដែល​ពោរពេញ​ដោយ​បញ្ហា​ប្រឈម» នៅ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៨។ (ចាប ចិត្រា/VOA)
អ្នក​តំណាង​រាស្ត្រ Ed Royce ដែល​ជា​ប្រធាន​គណៈកម្មាធិការ​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ការ​បរទេស ថ្លែង​នៅ​ក្នុង​សវនាការ​ស្តី​អំពី «‍ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ពិភព​លោក​ដែល​ពោរពេញ​ដោយ​បញ្ហា​ប្រឈម» នៅ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៨។ (ចាប ចិត្រា/VOA)

នៅ​ឯ​សវនាការ​របស់​គណៈកម្មាធិការ​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ការ​បរទេស ប្រទេស​កម្ពុជា​ត្រូវ​បាន​រាប់​បញ្ចូល​ជាមួយ​បណ្ដា​ប្រទេស​មួយ​ក្រុម​តូច ដែល​លទ្ធិ​ប្រជាធិបតេយ្យ​ ‍«ត្រូវ​បាន​រឹត​បន្តឹង»។

សវនាការ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៤ ខែមិថុនា​កន្លង​ទៅ​នេះ បាន​អញ្ជើញ​អ្នក​ជំនាញ​ការ​បី​រូប ឲ្យ​មក​ផ្ដល់​សក្ខីកម្ម​អំពី​ស្ថានភាព​នៃ​របប​ប្រជាធិបតេយ្យ​នានា ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា «ការ​ដើរ​ថយ​ក្រោយ» ហើយ​ឆ្ពោះ​ទៅ​រក​អំណាច​ផ្ដាច់​ការ។

អ្នក​តំណាង​រាស្ត្រ Ed Royce ដែល​ជា​ប្រធាន​គណៈកម្មាធិការ​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ការ​បរទេស ថ្លែង​ក្នុង​សម្ដី​ដើម​ថា៖​ «ពី​តួកគី ដល់​កម្ពុជា ស្ថាប័ន​ប្រជាធិបតេយ្យ​នានា​នៅ​ជុំ​វិញ​ពិភពលោក កំពុង​ស្ថិត​ក្រោម​ការ​ឡោម​ព័ទ្ធ​វាយ​ប្រហារ‍»។

លោក Royce មាន​ប្រសាសន៍​ថា៖

«គ្មាន​ការ​សង្ស័យ​ទេ ដែល​ថា​លទ្ធិ​ប្រជាធិបតេយ្យ​កំពុង​ត្រូវ​រឹត​បន្តឹង។ អង្គការ​ឃ្លាំ​មើល​សេរីភាព​និង​ប្រជាធិបតេយ្យ Freedom House រាយការណ៍​ថា លទ្ធិ​ប្រជាធិបតេយ្យ​បាន​ធ្លាក់​ចុះ​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ សំណួរ​សម្រាប់​យើង​គឺ​ថា តើ​យើង​យក​ចិត្ត​ទុក​ដាក់​ដែរ​ឬ​ទេ? ហើយ​បើ​សិន​ជា​យក​ចិត្ត​ទុក​ដាក់​មែន តើ​យើង​គួរ​ធ្វើ​អ្វី​ដើម្បី​ដោះ​ស្រាយ​ការ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​នេះ?‍»

វិទ្យាស្ថាន​ប្រជាធិបតេយ្យ​ជាតិ ឬ National Democratic Institute ហៅ​កាត់​ថា NDI ជា​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្នុង​ចំណោម​អង្គការ​ចំនួន​បី​ ដែល​ត្រូវ​បាន​អញ្ជើញ​មក​ផ្ដល់​សក្ខីកម្ម។ វិទ្យាស្ថានប្រជាធិបតេយ្យ​ជាតិ NDI នេះ ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​កម្ពុជា​នៅ​ឆ្នាំ២០១៧ ដោយ​សារ​ការ​គាប​សង្កត់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។

លោក Kenneth Wollack ប្រធាន​វិទ្យាស្ថានប្រជាធិបតេយ្យ​ជាតិ NDI នេះ បាន​ថ្លែង​ប្រាប់ VOA ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កំពុង «បង្ក្រាប​សង្គម​ស៊ីវិល បណ្ដាញ​សារព័ត៌មាន ហើយ​បាន​រំលាយ​គណបក្ស​នយោបាយ​មួយ ដែល​តំណាង​ឲ្យ​ប្រជាជន​ពាក់​កណ្ដាល​ប្រទេស» គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​នៅ​ចុង​ឆ្នាំ២០១៧។

លោក Wollack និយាយ​ថា៖

‍«និយាយ​ទៅ នេះ​គឺ​ជា​រដ្ឋប្រហារ​ទី​បី​ចាប់​តាំង​ពី​ការ​បោះឆ្នោត​រៀបចំ​ដោយ UNTAC នៅ​ឆ្នាំ១៩៩៣។ គណបក្ស​ប្រជាជន​មិន​ព្រម​ទទួល​យក​លទ្ធផល​នៅ​ឆ្នាំ១៩៩៣។ មាន​រដ្ឋប្រហារ​មួយ​ទៀត​នៅ​ឆ្នាំ១៩៩៧ ហើយ​នេះ​គឺ​ជា​រដ្ឋ​ប្រហារ​ទី៣‍»។

ទាំង​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក បាន​ផ្អាក​ការ​គាំទ្រ​របស់​ពួក​គេ ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​កម្ពុជា គ.ជ.ប. ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

គណៈកម្មាធិការ​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ការ​បរទេស ធ្វើ​សវនាការ​ស្តី​អំពី «‍ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ពិភព​លោក​ដែល​ពោរពេញ​ដោយ​បញ្ហា​ប្រឈម» នៅ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៨។ (ចាប ចិត្រា/VOA)
គណៈកម្មាធិការ​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ការ​បរទេស ធ្វើ​សវនាការ​ស្តី​អំពី «‍ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ពិភព​លោក​ដែល​ពោរពេញ​ដោយ​បញ្ហា​ប្រឈម» នៅ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៨។ (ចាប ចិត្រា/VOA)

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​នៃ​ គោល​នយោបាយ​តាម​ការ​អនុវត្ត​ជាក់​ស្ដែង និង​ការ​គំរាមកំហែង​ដោយ​ប្រើ​កម្លាំង​ អស់​រយៈ​ពេល​ជាង​បី​ទសវត្សរ៍​មក​ហើយ។ នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ប្រកិត​ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា មាន​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ដែល​ពេល​នោះ​បង្ក​ឲ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នានា ហើយ​មនុស្ស​យ៉ាង​ហោច​ណាស់​ ៥នាក់ បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​សន្តិសុខ។

អ្នក​តំណាង​រាស្ត្រ​ Eliot Engel ដែល​ជា​អនុប្រធាន​នៃ​គណៈកម្មាធិការ​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ការ​បរទេស ថ្លែង​ថា៖

«អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​គឺ​ពិត​ជា​អាក្រក់​ណាស់។ ខ្ញុំ​ប្រៀប​ធៀប​ទៅ​នឹង ប៉ុល ពត ព្រោះ​តែ​របប​ផ្ដាច់​ការ​ស្រដៀង​គ្នា​ក្នុង​ពេល​វេលា​ខុស​គ្នា‍»។

ទន្ទឹម​នឹង​នេះ លោក Wollack មាន​ប្រសាសន៍​ថា សហគមន៍​អន្តរជាតិ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ទាញ​យក​ចំណាប់​អារម្មណ៍​លើ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​លោក​បន្ថែម​ថា ប្រជាជន​កម្ពុជា​មាន​តួនាទីសំខាន់​បំផុត នៅ​ក្នុង​ចលនា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ។

លោក Wollackថ្លែង​ថា៖

«ខ្ញុំ​គិត​ថា អ្វី​គ្រប់​យ៉ាង​គួរ​តែ​ធ្វើ​ឡើង​ដោយ​សន្តិវិធី ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​ ប្រជាពលរដ្ឋ និង​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា គួរ​តែ​បន្ត​រៀប​ចំ​សកម្មភាព​ចូល​រួម​នយោបាយ និង​ប្រើ​វិធីសាស្ត្រ​ដែល​អាច​ទៅ​រួច​ណា​មួយ ដើម្បី​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​ស្តា​លទ្ធិ​ប្រជាធិបតេយ្យ​នេះ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG