នៅគ្រាដែលសភាកម្ពុជាដឹកនាំដោយតំណាងរាស្រ្តទាំងអស់មកពីគណបក្សប្រជាជនកម្ពុជា មន្រ្តីក្រសួងមហាផ្ទៃមួយរូបបានឲ្យដឹងពីបំណងរបស់រដ្ឋាភិបាលក្នុងការបង្កើតច្បាប់ស្តីពីការជ្រែតជ្រែករបស់បរទេស ដែលមន្ត្រីអះអាងថាវាអាចស្រដៀងគ្នានឹងច្បាប់របស់ប្រទេសសិង្ហបុរី។
ការត្រៀមបង្កើតច្បាប់ថ្មីនេះបញ្ជាក់ដោយអ្នកនាំពាក្យក្រសួងមហាផ្ទៃក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលផ្សាយជាខេមរភាសា និងភាសាអង់គ្លេសកាលពីថ្ងៃអង្គារ ទី២៥ខែមករា ឆ្នាំ២០២២។
ក្នុងការនិយាយឆ្លើយឆ្លងជាមួយវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងថាច្បាប់ស្រដៀងគ្នានឹងច្បាប់នៅប្រទេសសិង្ហបុរីអាចនឹងត្រូវកម្ពុជាយកមកសិក្សា ដើម្បីបើកផ្លូវឱ្យមានការធ្វើសេចក្តីព្រាងច្បាប់ថ្មីមួយនេះ ដែលមានបំណងធ្វើឱ្យកម្ពុជាលែងស្ថិតក្នុងស្ថានភាពមានការជៀតជ្រែកពីបរទេស និងគេចផុតពីការឈ្លានពានដូចដែលអតីតនគរចាមធ្លាប់ធ្វើមកលើកម្ពុជា។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោកស៊ឹង សែនករុណា ប្រាប់វីអូអេនៅថ្ងៃពុធថា បើច្បាប់ថ្មីនេះពិតជាមានបំណងតតាំងប្រឆាំងនឹងការឈ្លានពានរបស់បរទេសមែននោះ វាជាការប្រសើរមួយសម្រាប់កម្ពុជា ដែលធ្លាប់ត្រូវបានជនបរទេសកកូរកកាយក្នុងការគ្រប់គ្រងប្រទេសជាតិកាលពីអតីតកាល។
ប៉ុន្តែលោកថា ដំណាក់កាលដែលប្រទេសកំពុងបាត់ការរួបរួមជាតិនោះ លោកបារម្ភថា ច្បាប់នេះអាចនឹងនាំផលវិបាកមកកម្ពុជាច្រើនជាងរុញច្រានកម្ពុជាឱ្យដើរទៅមុខដោយខ្លួនឯងជាម្ចាស់ការ។
«ក៏ប៉ុន្តែយើងក៏ព្រួយបារម្ភថា ការបង្កើតច្បាប់ហ្នឹង ម្ខាងថា ទុកម្ខាងបើកម្ខាងឱ្យចូលឱ្យលូកដៃបាន ម្ខាងមិនអាចធ្វើបាន។ វាធ្វើឱ្យបញ្ហាហ្នឹង វាកាន់តែជួបប្រទះវិបត្តិមកលើសេដ្ឋកិច្ចសង្គមនយោបាយនៅប្រទេសកម្ពុជា។ យើងកាន់តែ[មាន]សភាពវឹកវរទៅវិញ។ អាហ្នឹងវាជាការព្រួយបារម្ភរបស់ខ្ញុំ»។
ដំណាលគ្នានឹងពេលដែលកម្ពុជាបង្ហាញបំណងចង់បានច្បាប់មួយដើម្បីការពារឯករាជ្យភាពរបស់ខ្លួននោះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក៏ត្រូវបានអ្នកសង្កេតការណ៍មួយចំនួនមើលឃើញថា ហាក់ដូចជា មានការទោរទន់បន្ទន់ជំហរទៅរកប្រទេសចិន ហើយមិនសូវខ្វល់ខ្វាយនឹងមតិរិះគន់ពីលោកសេរីចំពោះការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងការផ្ចាញ់ផ្ចាលនយោបាយក្នុងស្រុក ដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
បើតាមលោក ស៊ឹង សែនករុណាស្ថានការណ៍នយោបាយកម្ពុជាមិនអំណោយផលឱ្យបង្កើតច្បាប់ ដែលមានគោលដៅទប់ស្កាត់ការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេហើយកម្ពុជាក៏មិនអាចធ្វើបានដូចប្រទេសសិង្ហបុរី ដែលមានឯកភាពជាតិ និងការអនុវត្តច្បាប់តឹងរ៉ឹងនោះឡើយ។
លោកយល់ថា កម្ពុជាគួរខិតខំធ្វើកំណែទម្រង់កិច្ចការមួយចំនួន ដូចជាធ្វើឱ្យស្ថាប័នរៀបចំការបោះឆ្នោត មានឯករាជ្យសម្រាប់គូប្រជែងយកអំណាច ប្រព័ន្ធយុត្តិធម៌កាត់ក្តីដោយផ្អែកតាមច្បាប់បើកលម្ហសិទ្ធិសេរីភាព និងការបើកឱ្យមានការចូលរួមពីគ្រប់និន្នាការនយោបាយក្នុងការបោះឆ្នោតដែលមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែងថា កម្ពុជាមានច្បាប់ពាក់ព័ន្ធមួយចំនួនរួចទៅហើយ ដើម្បីរក្សាអធិបតេយ្យភាពជាតិខ្លួន ក្នុងនោះគឺរដ្ឋធម្មនុញ្ញរបស់ប្រទេស និងច្បាប់ស្តីពីការលាងលុយ និងការប្រឆាំងអំពើភេរវកម្ម ហើយសមាគមអាស៊ានទៀតសោត ក៏មានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសសមាជិកនីមួយៗ។
មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះបារម្ភថា ការបង្កើតច្បាប់ប្រឆាំងការជ្រែតជ្រែកពីខាងក្រៅ ដូចអ្វីដែលប្រទេសសិង្ហបុរីបានធ្វើនោះ អាចនឹងបង្កជាឧបសគ្គដល់អង្គការសង្គមស៊ីវិល ក្នុងការទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ដែលនឹងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។
«យើងដឹងហើយប្រទេសសិង្ហបុរីគឺមិនអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិលទទួលនូវថវិកាពីបរទេសទៅទៀត ដែលនេះ គឺជាឧបសគ្គសម្រាប់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសសិង្ហបុរី។អ៊ីចឹងបើសិនជាចេតនានៃច្បាប់នេះ យកគំរូតាមសិង្ហបុរីនោះ វាអាចជាការរឹតបន្តឹងបន្ថែមទៅលើអ្វីដែលយើងបានឃើញរួចមកហើយ»។
ច្បាប់ចម្រូងចម្រាសដែលកម្ពុជាបានបង្កើតក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ហើយដែលទទួលរងការរិះគន់ពីសង្គមស៊ីវិលថា មានភាពរឹតត្បិតសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋនោះ រួមមានច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល ច្បាប់ស្តីពីសហជីព ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន និងសេចក្តីព្រាងច្បាប់ ក៏ដូចជាបទបញ្ញត្តិខ្លះទៀត ដែលមានគោលដៅពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសន្តិសុខតាមប្រព័ន្ធអ៊ីនធើណិត។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ថ្លែងថាកម្ពុជាដែលមិនទាន់មានការសាមគ្គី និងឯកភាពជាតិនោះ មិនគួរគិតគូរលើការធ្វើច្បាប់ប្រឆាំងការជ្រៀតជ្រែករបស់បរទេសទេ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ កត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជាដែលមិនទាន់អាចរស់ដោយខ្លួនឯងបានផងនោះ មិនតម្រូវឱ្យកម្ពុជាត្រូវមានច្បាប់ដែលអាចបង្អាក់ការចូលរួមចំណែកពីសហគមន៍អន្តរជាតិក្នុងដំណើរការអភិវឌ្ឍប្រទេសទេ។
«យើងលើកតែកត្តាសេដ្ឋកិច្ចរវាងប្រទេសសិង្ហបុរីហើយនឹងកម្ពុជាយើង យើងឃើញហើយ។ អ៊ីចឹង បញ្ហាការជ្រៀតជ្រែកផ្ទៃក្នុងពីបណ្តាបរទេស វាសំខាន់តែអ៊ីចេះទេ សំខាន់ត្រង់កម្ពុជាយើងត្រូវតែរឹងមំា ដោយខ្លួនឯង។ ការរឹងមាំទៅបាន ភាពខ្លាំងនៃផ្ទៃក្នុងរបស់កម្ពុជាទៅបាន ទាល់តែវាមានការឯកភាពជាតិ សាមគ្គីភាពជាតិខ្មែរតែមួយជាតិតែមួយ»។
លោក អំ សំអាត បន្ថែមទៀតថា រដ្ឋាភិបាលទំនងជានៅមានការព្រួយបារម្ភថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួន អាចមានវិភាគទានជំរុញឱ្យមានចលនាបដិវត្តន៍ពណ៌ដូចដែលរដ្ឋាភិបាលកត់ត្រាទុកក្នុងសៀវភៅសរបស់ខ្លួន និងការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលមួយចំនួនកន្លងមកនោះ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ ប្រាប់វីអូអេនៅថ្ងៃពុធនេះថាដំណើរការធ្វើច្បាប់ថ្មីនេះនៅត្រឹមដំណាក់កាលគិត និងសិក្សាពីអត្ថបទច្បាប់ពាក់ព័ន្ធ ដែលលោកថា មានដល់៥០០ទំព័រ ហើយត្រូវប្រែសម្រួលជាភាសាខ្មែរ។
លោកបន្ថែមថា បើស្រាវជ្រាវទៅឃើញថា ច្បាប់នោះ មានប្រយោជន៍សម្រាប់ប្រទេសជាតិ រដ្ឋាភិបាលនឹងពិចារណាតាក់តែងឡើង តែបើខាតប្រយោជន៍នោះ រដ្ឋាភិបាលក៏នឹងបោះបង់ចោល។
«ចេះតែរៀនសិក្សារៀនសូត្រពីបណ្តាប្រទេសគេអភិវឌ្ឍទៅ។គេមានស្អី យើងរៀនតាមគេទៅ! បើយើងយ៉ាងណាក៏ដោយប្រទេសយើងក៏វាមានប្រវត្តិអ៊ីចឹង។យើងមានប្រវត្តិអ៊ីចឹងហើយបើយើងអត់មានច្បាប់អ៊ីចឹង យើងមានទៅក្រែងលោកវាធូរជាងមុនយ៉ាងម៉េច។ ប៉ុន្តែ យើងមិនមែនថាគិតថ្ងៃហ្នឹង ហើយឆ្នាំក្រោយហ្នឹងមានទេ។ឥឡូវយើងកំពុងតែរៀបចំទេ។ រៀបចំមើលសិន មិនទាន់បានសរសេរក៏មិនទាន់ផង»។
លោកបន្ថែមថា៖ «មើលច្បាប់គេហ្នឹងសិន មើល!តើមើលទៅ វាមានប្រយោជន៍ដល់ជាតិអត់? បើមានប្រយោជន៍ យើងសរសេរវា។ មិនមានប្រយោជន៍យើងចោលវាទៅ។ យើងទើបតែមើលច្បាប់ហ្នុងទេតើ!»
ក្រៅពីការធ្វើច្បាប់ដែលសង្គមស៊ីវិលថា មានលក្ខណៈកំហិតសិទ្ធិប្រជាពលរដ្ឋនោះប្រទេសកម្ពុជាក៏បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមួយចំនួន ដែលរដ្ឋាភិបាលអះអាងថា ដើម្បីលើកកម្ពស់ស្មារតីជាតិនិយម និងតម្កល់ផលប្រយោជន៍ជាតិជាធំផងដែរ៕