ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន គ្រោង​ស្នើ​​ច្បាប់​​កំណត់​អាយុ​​នាយក​រដ្ឋមន្រ្តី​ ខណៈ​អ្នកឃ្លាំមើល​ចង់​ឲ្យ​​មាន​កា​​រ​កំណត់​អាណត្តិ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។ (AFP)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងពិធីប្រគល់-ទទួល«ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។ (AFP)

​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ​ថ្លែង​ថា នៅ​ពេល​ដែល​លោក​ចុះ​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្រ្តី លោកនឹងស្នើ​ច្បាប់​ដើម្បី​កំណត់​អាយុ​របស់​នាយករដ្ឋមន្រ្តី​ត្រឹម​៧០​ឆ្នាំ​ទៅ​តាម​ការ​ចង់​បាន​របស់​គូ​ប្រជែង​នយោបាយរបស់លោក​ដែល​កំពុង​រស់​នៅ​ឯក្រៅ​ប្រទេស​។

ការ​លើកឡើង​របស់​លោក​ ហ៊ុន សែន យ៉ាង​ដូច្នេះ កើត​មាន​ឡើងស្រប​ពេល​លោក​កំពុង​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​អ្នក​បន្តវេន​តំណែង​របស់​លោក​ហើយ​កាលពី​ពេល​ថ្មីៗ​នេះកូនប្រុស​ច្បង​របស់​លោក​គឺ​លោក​ហ៊ុន ម៉ាណែត​ ដែល​ទើបតែមាន​អាយុ​៤៤ឆ្នាំ​ត្រូវបាន​ក្រុមមេដឹកនាំ​គណបក្ស​កាន់​អំណាច​ជ្រើស​រើស​ឲ្យ​ក្លាយ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​ពេល​អនាគត។

​ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ទីស្តីការ​ក្រសួង​ការពារជាតិថ្មី​លោក ​ហ៊ុន សែន​មិន​លើក​ឡើង​ចំឈ្មោះ​អ្នក​នយោបាយ​ដែល​មានបំណង​ឲ្យ​កំណត់​អាយុ​របស់នាយករដ្ឋ​មន្ត្រី​ទេ​តែត្រូវ​គេដឹង​ថា​លោក​សំដៅ​លើ​លោក សម រង្ស៊ី ដែល​កាលពី​ពេល​កន្លងទៅ​រិះគន់​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​សម្រាប់​តំណែង​កំពូល​រដ្ឋ​បួន​សំខាន់​ៗ​ថា​មិន​ចាំបាច់​សម្រាប់​ប្រទេស។ លោក​ហ៊ុន សែន​បាន​មាន​ប្រសាសន៍​ទៅកាន់​ក្រុម​នាយ​ទាហាន​និង​នគរបាល​កម្ពុជា​យ៉ាង​ដូច្នេះ៖

«នៅពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​នាយក​រដ្ឋមន្រ្តី ខ្ញុំ​នឹងសម្រេច​បំណង​អ្នក​ដែល​ស្នើ​សុំ​ឲ្យ​រៀប​ចំ​ច្បាប់​កំណត់​អាយុ​ចូល​និវត្ត​របស់​នាយក​រដ្ឋមន្រ្តី។ ខ្ញុំ​នឹង​ធ្វើ​ជូន»។

នាយករដ្ឋមន្រ្តី​ដែល​កាន់​អំណាច​ជិត​បួនទសវត្សរ៍រូប​នេះក៏​បាន​បញ្ជាក់​ថា នៅ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាង​មុខ លោក​នឹង​មាន​អាយុ​ត្រឹម​៧១​ឆ្នាំ ខណៈ​អ្នក​ស្នើ​សុំ​ដែល​លោក​សំដៅ​លើ​លោក សម រង្ស៊ី នឹង​មាន​អាយុ​៧៣​ឆ្នាំ។​លោក​ក៏​បានជំរុញ​ឲ្យ​ចៅប្រុស​របស់លោក​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ជា​បន្ត​បន្ទាប់​ផង​ដែរ។

«ខ្ញុំ​សូម​បញ្ជាក់​ណា៎ ពេល​នេះខ្ញុំ​ជា​នាយករដ្ឋមន្រ្តី ក្រោយ​ឆ្នាំ​២០២៣​ខ្ញុំ​ទៅជា​ឪ​នាយក​រដ្ឋមន្រ្តី​ដល់​២០៤០ ខ្ញុំ​នឹង​ក្លាយ​ទៅជា​ជីតា​នាយក​រដ្ឋមន្រ្តី។ ចាំ​មើលមើល។ ថ្ងៃ​មុនអាចៅមួយ​កំពុងរៀនមហាវិទ្យាល័យ​នៅ​ក្រៅ​ប្រទេស វា​មក​លេង​ស្រុក ប្រាប់​អង្គុយ​បាយ​ជាមួយគ្នា​២០​ឆ្នាំ​ទៀត​ចៅ​ឯង​ត្រូវ​ប្រជែង​យក​តំណែងនាយក​រដ្ឋ​មន្រ្តី»។

​លោក សម រង្ស៊ី មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្ញើតាម​សារ​អ៊ីមែល​នៅ​ឡើយ​ទេគិត​ត្រឹម​ល្ងាច​ថ្ងៃពុធនេះ។​

កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២១ មេដឹកនាំ​គណ​បក្សប្រឆាំង​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី បាន​បង្ហោះ​លិខិត​មួយ​ច្បាប់​លើ​ទំព័រ​ហ្វេស​ប៊ុករបស់​លោក ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បង្កើត​ច្បាប់​ដែល​តម្រូវ​ឲ្យ​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​អ្នក​កាន់​តំណែង​ក្នុង​មុខងារ​សាធារណៈ​ទាំងអស់​ចូល​និវត្តន៍​ចាប់​ពី​អាយុ​៧០ ឆ្នាំ​ឡើង​ទៅ។

លោក​សម រង្ស៊ី​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា​៖ «ច្បាប់​បែបនេះ​គឺជា​ច្បាប់​ចាំបាច់​ដើម្បី​លើក​តម្កើ​ង​តួនាទី និង​លើក​ទឹក​ចិត្តយុវជន​ជំនាន់​ក្រោយ​ឲ្យ​មាន​ឱកាស​បង្ហាញ​សមត្ថភាព​និង​ស្នាដៃ​របស់​ខ្លួន ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​គ្រប់​ជាន់​ថ្នាក់​»។

ក្នុង​លិខិត​ដដែលនោះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ស្នើ​ឲ្យ​មានការ​បង្កើត​ច្បាប់​មួយ​ទៀត គឺ​ច្បាប់​កំណត់​អាណត្តិ​សម្រាប់​នាយក​រដ្ឋមន្ត្រី​ឲ្យត្រឹមតែ​២​អាណត្តិ (គឺ១០​ឆ្នាំ) ដែល​លោក​ថា «ច្បាប់​នេះ​មានគោល​បំណងលើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​និង​ទប់ស្កាត់​ជនផ្តាច់ការ​ណាម្នាក់​ដែល​ចង់​ក្រាញ​អំណាច​មួយ​ជីវិត​»។​

អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិនិង​ជា​ស្ថាបនិក​គណបក្ស​«កែទម្រង់​កម្ពុជា»​លោកអ៊ូ ច័ន្ទ​រ័ត្ន ​លើកឡើងថា ការ​ប្រកាស​គ្រោង​នឹង​ស្នើ​ច្បាប់​កំណត់​អាយុ​នាយករដ្ឋមន្រ្តី​នេះ គឺ​ធ្វើឡើង​ដោយសារ​តែ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ផ្ចុង​ផ្តើម​កូន​ប្រុស​របស់​លោក​ជា​នាយក​រដ្ឋមន្រ្តី​បន្ត​ពី​លោករួច​ទៅ​ហើយ​។

«លោក​គ្រាន់​តែ​ធ្វើ​ដើម្បី​សម្រប​ទៅ​តាម​ពេល​វេលា​របស់​លោក។ ខ្ញុំ​យល់​ថា​ជួន​កាល​ទៅ​អ្នក​នយោបាយ​យើង​ធ្វើ​អី​ស្រប​ទៅតាម​អ្វី​ដែល​ខ្លួន​ចង់បាន។ លោក​បម្រុង​នឹង​ឈប់​ហើយ ក៏​ដាក់​កំណត់​អាយុ​អ៊ីចឹង​ទៅ ដើម្បី​កុំ​ឲ្យ​អ្នក​ផ្សេង​មាន​ឱកាសទៅ​ធ្វើ​អីអ៊ីចឹងទៅ​»។

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​លោក​ កន សាវាង្ស​ ប្រាប់ ​VOA ថា ការ​កំណត់​អាយុ​របស់​នាយក​រដ្ឋមន្រ្តី​គឺជារឿង​ល្អ​សម្រាប់​ផ្តល់​ឱកាស​ឲ្យយុវជន​ផ្សេង​ទៀតបានចូល​រួម​ក្នុងការ​ដឹក​នាំ​ប្រទេស។

អ្នក​ជំនាញ​កិច្ច​ការ​បោះ​ឆ្នោត​រូប​នេះ​បន្ថែម​ថា​ប្រសិន​បើ​មានការ​កំណត់​អាណត្តិ​របស់​នាយក​រដ្ឋមន្រ្តី​ត្រឹម​តែ​ពីរ​អាណត្តិ​នោះ​នឹង​ធានា​អំពី​តម្លា​ភាព និង​ការ​ដឹកនាំ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​កាន់​តែ​ប្រសើរ។

«ការ​ផ្តល់​អំណាច​ទៅ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រោយៗ​នេះ​គឺ​ថាវា​មាន​អំណាច​មួយ​ក្នុងការ​ដឹកនាំ​ប្រទេស​ជាតិ។ មាន​ន័យថា​គាត់​អាច​មាន​គំនិត​ក្នុងការ​ផ្លាស់​ប្តូរបែបពីសម័យ​មួយទៅ​សម័យ​មួយ ពី​អាណត្តិ​មួយ​ទៅ​អាណត្តិមួយ​។ ទី​ពីរគឺមាន​ប្រយោជន៍​មួយ​គឺកាត់​បន្ថយ​ច្រើន​ណាស់កាត់​បន្ថយ​អំពីបក្ស​ពួកនិយម កាត់​បន្ថយ​អំពី​ការ​គ្រប់គ្រងអំ​ណាច​បែប​ផ្តាច់​ការ កាត់​បន្ថយអំពីការ​រើស​អើង​បក្ស​ពួកក្នុង​ស្ថាប័ន​ជាពិសេស​គឺស្ថាប័ន​រដ្ឋ​ហ្នឹង​តែ​ម្តង»។

ទោះជាយ៉ាង​ណាក្តី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​កំពុង​ត្រៀម​កូន​ប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ជំនួស​លោក​តែង​លើក​ឡើង​ជារឿយៗថា ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្រ្តី​ជារឿង​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​។ នៅ​ថ្ងៃ​ពុធនេះ​ លោក​ហ៊ុន សែន​ក៏បាន​បកស្រាយ​ថា​ការកំណត់​អាណត្តិ​សម្រាប់​នាយករដ្ឋមន្ត្រីមិន​អាច​ធ្វើ​ទៅបាន​ព្រោះការ​តែង​តាំងនាយករដ្ឋ​មន្ត្រី​គឺ​អាស្រ័យ​លើ​ការ​ផ្តល់​សេចក្តី​ទុក​ចិត្ត​ពី​រដ្ឋសភា​ជាតិ​៕

XS
SM
MD
LG