លោក Rick Perry អភិបាលរដ្ឋតិចសាស (Texas) បានចូលរួមប្រកួតប្រជែងជាផ្លូវការដើម្បីឲ្យបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅឆ្នាំ២០១៦។
ការប្រកាសបេក្ខភាពរបស់លោកនៅក្នុងរដ្ឋតិចសាស ដែលនៅទីនោះ លោក បានចាកចេញពីតំណែងកាលពីខែមករា បន្ទាប់ពីធ្វើជាអភិបាលរដ្ឋចំនួន១៤ឆ្នាំ នោះ លោក Perry បាននិយាយថា លោកនឹងឈរឈ្មោះធ្វើឲ្យអាមេរិកខ្លាំងនិងសេដ្ឋកិច្ចរីកចម្រើន។ នេះជាលើកទី២ហើយដែលលោក Perry បានឈរឈ្មោះ ដែលកាលពីលើកទីមួយលោកជាអ្នកប្រកួតប្រជែងដ៏ខ្លាំងម្នាក់ជាមួយលោក Mitt Romney ខាងគណបក្សសាធារណរដ្ឋដែលនៅទីបំផុតលោក Romney បានទទួលការតែងតាំងនៅក្នុងការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១២។ លោកជាបេក្ខជនទី១០របស់គណបក្សសាធារណរដ្ឋដែលបានប្រកាសជាបេក្ខជន។ គណបក្សប្រជាធិបតេយ្យ៤នាក់ កំពុងស្វែងរកការតែងតាំងនៅក្នុងគណបក្ស។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក Jeb Bush អតីតអភិបាលរដ្ឋ Florida បានបញ្ជូនសារតាមប្រព័ន្ធ Twitter ប្រាប់ថា លោកនឹងប្រកាសបេក្ខភាពរបស់លោកនៅថ្ងៃទី១៥ ខែមិថុនា។ គេរំពឹងថា បេក្ខជនពីគណបក្សសាធារណរដ្ឋ៤នាក់ទៀត ក៏នឹងប្រកាសពីការចូលរួមរបស់ខ្លួននៅពេលអនាគតឆាប់ៗនេះដែរ៕