ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Lindsey Graham ​ស្វះស្វែង​ឱ្យ​​ទទួល​បាន​ការ​តែងតាំង​​ជា​បេក្ខជន​ប្រធានាធិបតី


សមាជិកព្រឹទ្ធសភា​ លោក Lindsey Graham​ នៃ​រដ្ឋ ​South Carolina ប្រកាសពី​ការ​ចូលរួម​ដើម្បី​ទទួល​បាន​ការ​តែងតាំងជា​បេក្ខជន​ប្រធានាធិបតី​ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​ចន្ទ​ លោក​ Lindsey Graham ​សមាជិក​ព្រឹទ្ធសភាស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋប្រចាំ​រដ្ឋ South Carolina ​នា​ប៉ែក​ខាង​ត្បូង​ស.រ.អា.​ដែល​ជា​អ្នក​គាំទ្រ​ឱ្យ​មាន​អន្តរាគមន៍​យោធា​ស.រ.អា.​នៅ​ក្នុង​ជម្លោះ​នៅ​ក្រៅ​ប្រទេស​បានចូល​រួម​ក្នុង​ក្រុម​ជន​ដែល​ស្វះស្វែង​ឱ្យទទួល​បាន​ការ​តែងតាំងជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ឆ្នាំ​២០១៦។​

លោក​បាន​ក្លាយ​ជា​សមាជិក​ទី៩​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​ប្រកាស​បេក្ខភាព​របស់​លោក​និង​ជា​សមាជិក​ព្រឹទ្ធសភា​ទី៤​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​ដាក់​បេក្ខភាព​នៅ​ក្រោយ​លោក Ted Cruz ​នៃ​រដ្ឋ​ Texas លោក​ Marco Rubio ​នៃ​រដ្ឋ Florida ​និង​លោក​ Rand Paul ​នៃរដ្ឋ​ Kentucky។​

លោក Graham ​បាន​ប្រកាស​បេក្ខភាព​របស់​លោក​នៅ​ក្នុង​ក្រុង​កំណើត​ Central ​របស់​លោក​នៅ​ក្នុង​រដ្ឋ​ South Carolina ដោយ​លោក​បាន​និយាយ​ប្រាប់​ពួក​អ្នកគាំទ្រ​លោក​ថា​ លោក​ចង់​កាន់​តំណែង​ប្រធានាធិបតី​«ដើម្បី​យក​ជ័យជម្នះ​លើ​ពួក​សត្រូវ​ដែល​ខិតខំ​ព្យាយាម​សម្លាប់​យើង»។​ លោក​បាន​ថ្លែង​ថា​ ស.រ.អា.​«នឹង​មិន​រួម​រស់​ដោយ​សន្តិវិធី​ជាមួយ​ពួក​អ៊ីស្លាម​ជ្រុលនិយម​ជា​ដាច់ខាត»។

លោក​ Graham ​ដែល​ជា​អ្នករិះគន់​ញឹកញយ​ដល់​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​និង​ដល់​ការ​ធ្វេសប្រហែស​របស់​លោក​ប្រធានាធិបតី​អំពី​កិច្ចការ​បរទេស​របស់​ស.រ.អា.​បាន​និយាយ​ថា​ គោល​នយោបាយ​របស់​មេដឹកនាំ​អាមេរិកាំង​រូបនេះ​«បាន​ធ្វើ​ឱ្យ​យើង​មាន​សុវត្ថិភាព​តិច​ជាងមុន»៕

XS
SM
MD
LG