ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Mike Huckabee ​អតីត​អភិបាល​រដ្ឋ Arkansas ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រធានា​ធិបតីលើក​ទី២

  • Jim Malone

លោក Mike Huckabee ថ្លែង​នៅខណៈ​លោក​ត្រូវ​បាន​តែង​តាំង​ជា​ផ្លូវ​ការ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០១៦ នៅ​ទីក្រុង​ Hope រដ្ឋ Arkansas កាល​ពីថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០១៥។

លោក ​Mike ​Huckabee ​អតីត​អភិបាល​រដ្ឋ ​Arkansas ​កំពុង​ស្វះស្វែង​ឈរ​ឈ្មោះ​លើក​ទី​២​ជាបេក្ខជន​ប្រធានា​ធិបតី​។ ​លោក ​Huckabee ​បាន​ចូល​រួម​ប្រកួត​ប្រជែង​ជា​ផ្លូវការ​ដើម្បីឲ្យ​បាន​ទទួល​ការតែង​តាំងខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​មាន​ពិធី​នៅ​ទីក្រុង​ Hope ​ដែល​ជា​ទីក្រុង​កំណើត​របស់​លោក។

លោក Mike Huckabee ​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ប្រកួត​ប្រជែង​យក​ការតែងតាំង​ជា​បេក្ខជន​ប្រធានា​ធិបតីជា​លើក​ទី​២​របស់​លោកដោយ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាមួយ​ជន​ជាតិ​អាមេរិកាំង​វណ្ណៈ​កណ្តាល​ដែល​មាន​ការ​ព្រួយបារម្ភ​អំពី​ការងារ​របស់​ខ្លួន​ហើយ​នឹង​ពួក​អភិរក្ស​និយមដែល​មាន​ការ​ជំ​ទាស់​ប្រឆាំង​ដូចជា​លោក​ដែរ​ដល់​ការ​ពន្លូត​កូនហើយ​នឹង​ការ​រៀប​អាពាហ៍ពិពាហ៍រវាង​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា។

«ការ​ដឹកនាំ​របស់​អាមេរិក​ក្នុង​ពិភពលោក​ ​កំពុង​អស់​ឥទ្ធិពល​ហើយ​ប្រទេស​នេះ ​មាន​ការ​បែក​បាក់​កាន់​តែ​ខ្លាំង​ឡើង​ជាង​ពេល​ណាៗ​ទាំង​អស់​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ។ ​យើង​បាន​ទទួល​ការ​សន្យា​អំពី​សេចក្តី​សង្ឃឹម​ ក៏ប៉ុន្តែ ​បាន​ត្រឹម​តែ​និយាយ។​ហើយ​ឥឡូវ​នេះ ​យើង​ចាំ​បាច់​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដែល​ប្រាកដ​អាច​ធ្វើ​ឲ្យ​អាមេរិក​ទទួល​បាន​សេចក្តី​សង្ឃឹម​កាន់​តែ​ច្រើន​ឡើង»។

ចំពោះ​គោល​នយោបាយ​ការ​បរទេស ​លោក Huckabee បាន​សន្យាធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ឡើង​ជាមួយ​អ៊ីស្រាអែល​ហើយ​នឹងមាន​ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំងមួយ​របស់​សហរដ្ឋ​អាមេរិកដល់​ការ​គំរាម​កំហែង​របស់​ពួក​អ៊ីស្លាម​ជ្រុល​និយម។ ​លោក Huckabee ​បាន​មាន​ប្រសាសន៍​ទៀត​ថា ប្រសិនបើ​លោកជាប់​ឆ្នោត​លោក​នឹងមិន​គ្រាន់​តែ​ព្យាយាម​ខ្ទប់​លទ្ធិ​ជីហាដ​និយម​ទេ ​ក៏ប៉ុន្តែ ​តាម​ពាក្យ​សម្តី​របស់​លោក លោក​បាន​សន្យា​ថាបង្ក្រាប​វា​ទៀត​ផង។

«យើង​នឹង​ចាត់​ការ​ពួក​ជីហាដ​ដូចដែល​យើង​ចាត់​ការសត្វ​ពស់​មាន​ពិស​កំណាច​ដែរ។ ​គ្មាន​ការ​សង្ស័យ​ឡើយ​ថា ​អ៊ី​ស្រាអែល​នឹង​ដឹង​ ហើយ​ពិភពលោក​ទាំងមូល​ ក៏​ដឹង​ដែរ​ថា ​យើង​ជា​មិត្ត​ភ័ក្រ្ត​ដ៏​ជិត​ស្និទ្ធ​របស់​អ៊ីស្រាអែល ហើយ ​Ayatollahs ​នៃ​ប្រទេស​អ៊ីរ៉ង់​នឹង​ដឹង​ថា ​មេឃ​រលំ​ភ្នំ​រលាយ​មុន​ពេលពួកគេមាន​អាវុធ​បរមាណូ‍»។

លោក ​Huckabee ​មាន​អាយុ​៥៩​ឆ្នាំ​ហើយ​កាល​ពី​ពេល​មុន បាន​ឈរ​ឈ្មោះជា​បេក្ខជន​ប្រធានា​ធិបតី​នៅ​ឆ្នាំ​២០០៨។​ លោក​បាន​ទទួល​ជ័យ​ជម្នះនៅ​រដ្ឋ ​Iowa ​ដោយ​មាន​ការ​ជួយ​ពី​ពួក​អភិរក្ស​និយម​ខាង​សង្គម​ហើយ​នៅ​ទី​បញ្ចប់​លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​បឋម​ក្នុង​រដ្ឋ​ចំនួន​៨។​ ក៏ប៉ុន្តែ ​លោក​បាន​អស់​ប្រាក់​ហើយ​បាន​បញ្ចប់ដោយ​ស្ថិត​នៅ​ពីក្រោយ​លោក​ John McCain ដែល​ជា​អ្នក​បាន​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានា​ធិបតី​សម្រាប់​គណបក្ស​សាធារណរដ្ឋ។

លោ Huckabeeជា​អ្នក​រិះគន់​ដ៏​ខ្លាំង​ម្នាក់​ដល់​លោកស្រី ​Hillary Clinton បេក្ខជន​នាំមុខ​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ ​ក៏ប៉ុន្តែ​ទាំង​លោក​ Huckabee​ ហើយ​អតីត​ប្រធានា​ធិបតី ​Bill Clinton​ ដែល​ជា​ស្វាមី​របស់​លោកស្រី ​Clinton ​បាន​ធំ​ដឹងក្តី​នៅ​ក្នុង​ទីក្រុង ​Hope​ រដ្ឋ ​Arkansasដូច​គ្នា។

នៅ​ក្នុង​ការ​ឈរឈ្មោះ​លើក​ទី​២​របស់​លោក ​លោក Huckabee ត្រូវ​គេ​រំពឹង​ថា​នឹង​សង្កត់​លើ​ការ​ប្រើ​ប្រាស់ប្រាក់​ពន្ធដារ​ជាតិ​បូក​នឹង​បញ្ហា​សង្គមដែល​ពួក​អ្នកកាន់​គ្រឹស្តសាសនា​និកាយ Evangelicalនិយម ​ជា​ពិសេស​ការ​ជំទាស់​ប្រឆាំង​របស់​លោក​ដល់​ការ​ពន្លូត​ទារក​ហើយ​នឹង​ការរៀប​អាពា​ហ៍​ពិពាហ៍​រវាង​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា៕

ប្រែសម្រួលដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG