ក្រសួងថាមពលសហរដ្ឋអាមេរិកទើបតែប្រកាសថា ខ្លួននឹងផ្តល់មូលនិធិរហូតដល់១៥លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍបច្ចេកវិទ្យាចម្រាញ់យកអំបិលចេញពីទឹកដោយប្រើពន្លឺព្រះអាទិត្យដើម្បីផលិតជាទឹកសាបដោយការចំណាយទាបជាងមុន។ អ្នកស្រាវជ្រាវបានធ្វើការសិក្សាស្រាវជ្រាវរកវិធីសាស្ត្រក្នុងការចម្រាញ់អំបិលចេញពីទឹក តាំងពីមុនការប្រកាសនេះទៅទៀត។
លោក Eric Hoek សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Water Planet Inc បាននិយាយថា៖ «យើងអាចយកទឹកដែលមានគុណភាពកម្រិតណាមកចម្រាញ់ក៏បាន ហើយយើងនឹងធ្វើឲ្យវាក្លាយទៅជាគុណភាពទឹកដែលយើងចង់បាន។ តែឧបសគ្គដែលយើងត្រូវយកឈ្នះនោះគឺថា តើយើងនឹងចំណាយអស់ថវិកាប៉ុន្មានហើយថាមពលប៉ុណ្ណាដែលយើងត្រូវការដើម្បីសម្រេចវាបាន»។
រោងចក្រផលិតទឹកគឺភាគច្រើនដំណើរការដោយអគ្គិសនី។ ថាមពលដែលធូរថ្លៃជាងនេះគឺពន្លឺព្រះអាទិត្យ។
លោក Hoek បានពន្យល់ថា៖ «អ្វីដែលបានផ្លាស់ប្តូរក្នុងរយៈពេលប្រាំទៅដប់ឆ្នាំចុងក្រោយនេះ គឺតម្លៃថាមពលព្រះអាទិត្យថោកជាងមុន»។
«មូលហេតុតែមួយគត់ដែលរហូតមកទល់ពេលនេះនៅតែមិនទាន់បានប្រើប្រាស់ទូលំទូលាយនៅទូទាំងពិភពលោកនោះគឺថាមពលពីពន្លឺព្រះអាទិត្យមិនមានជាទៀងទាត់»។ ព្រះអាទិត្យរះ ហើយក៏លិចទៅវិញ។ អ្នកអាចទាញយកថាមពលនៅពេលដែលព្រះអាទិត្យរះ ប៉ុន្តែមិនអាចទេនៅពេលដែលវាលិចបាត់។ អ្វីដែលអ្នកត្រូវការដើម្បីរក្សាថាមពលបានរហូតនោះគឺថ្ម ដែលអ្នកអាចបញ្ចូលថាមពលទុកនៅពេលថ្ងៃ ហើយឈប់នៅពេលយប់។ ប៉ុន្តែតម្លៃថ្មបច្ចុប្បន្ននេះនៅតែមានតម្លៃថ្លៃ»។
អ្នកស្រី Qilin Li សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Rice កំពុងតែបង្កើតប្រព័ន្ធចម្រាញ់យកអំបិលចេញពីទឹក ដែលប្រើប្រាស់ថាមពលព្រះអាទិត្យដើម្បីផលិតជាទឹកស្អាតសម្រាប់ «គ្រួសារឬសហគមន៍តូចៗនៅទីតាំងដាច់ស្រយាល ជាពិសេសអ្នកដែលមិនអាចទទួលបានការផ្គត់ផ្គង់ទឹកស្អាតពីក្រុង និងមិនមានការផ្គត់ផ្គង់អគ្គិសនីទៀងទាត់។ បច្ចេកវិទ្យានេះអាចជាបច្ចេកវិទ្យាមួយដ៏ល្អឥតខ្ចោះ»។
អ្នកស្រីបាននិយាយថា ប្រព័ន្ធចម្រាញ់អំបិលចេញពីទឹកដោយប្រើថាមពលព្រះអាទិត្យរបស់អ្នកស្រីក៏អាច «ផ្គត់ផ្គង់នៅតាមទីក្រុងធំៗក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្គត់ផ្គង់ថាមពលនិងទឹកទូលំទូលាយ ដូចដែលមាននៅក្នុងប្រទេសអភិវឌ្ឍន៍ផងដែរ។ ហើយជំនួយបែបនោះប្រហែលជាមិនអាចជួយផ្គត់ផ្គង់ទឹកទូទាំងទីក្រុងបានទេ ប៉ុន្តែអាចជួយបំពេញបានខ្លះៗនូវតម្រូវការទឹកឬការអាស្រ័យលើអគ្គិសនីទាំងស្រុង»។
គោលដៅនៃប្រព័ន្ធរបស់អ្នកស្រីគឺដើម្បីផ្តល់អត្ថប្រយោជន៍ធំនិងចំណាយតិច ដើម្បីបំពេញតម្រូវការគ្រួសារតូចៗនិងសហគមន៍ធំៗ។
អ្នកស្រី លី និងក្រុមការងាររបស់អ្នកស្រីបានបង្កើតម៉ាស៊ីនរ៉េអាក់ទ័រមួយដើម្បីបន្សុទ្ធទឹកដោយប្រើកម្តៅព្រះអាទិត្យ។ ទឹកនឹងក្លាយជាចំហាយ ហើយឆ្លងកាត់សន្ទះមួយ ដែលមានរន្ធច្រើន ទើបក្លាយជាទឹកបរិសុទ្ធ។ អ្នកស្រី លី និយាយថា ស្រទាប់ខាងក្រៅនៃសន្ទះនេះមានតម្លៃធូរថ្លៃ ដែលត្រូវបានបង្កើតឡើងនៅក្នុងសាកលវិទ្យាល័យ Rice ហើយនេះគឺជាលក្ខណៈពិសេសនៃប្រព័ន្ធនេះ។
អ្នកស្រី លី បានពន្យល់ថា៖ «ដូច្នេះសន្ទះនេះទាញយកពន្លឺព្រះអាទិត្យ ហើយបម្លែងថាមពលហ្វូតុងក្នុងពន្លឺព្រះអាទិត្យទៅជាថាមពលកម្តៅដែលអាចផលិតចំហាយទឹកប្រកបដោយប្រសិទ្ធភាពហើយវាក៏មានមុខងារមួយទៀត ដែលអាចញែកសារធាតុពុលទៅផ្នែកម្ខាងដែលកខ្វក់និងអនុញ្ញាតឲ្យតែចំហាយទឹកបរិសុទ្ធឆ្លងកាត់ប៉ុណ្ណោះ»។
ព្រះអាទិត្យមិនមែនជាប្រភពថាមពលតែមួយមុខ ដែលមានតម្លៃថោកនោះទេ។ មន្ទីរពិសោធន៍របស់អ្នកស្រី Amy Childress នៅសាកលវិទ្យាល័យ Southern California ក៏កំពុងពិនិត្យមើលថាតើកម្តៅពីសំណល់ដែលចេញពីរោងចក្រអាចប្រើជាប្រភពថាមពលបានដែរឬទេ។
អ្នកស្រី Childress ដែលដឹកនាំកម្មវិធីវិស្វកម្មបរិស្ថាននៃដេប៉ាតឺម៉ង់សំណង់ស៊ីវិលនិងបរិស្ថាននៃសាកលវិទ្យាល័យ Southern California បាននិយាយថា៖ «ជាមួយនឹងកម្តៅដែលបានពីកាកសំណល់ យើងនឹងមានដំណើរការវិលជុំវិញនិងការឡើងចុះ។ យើងបានចេញទៅដល់ទីតាំងផ្ទាល់ និងបានវាស់កម្តៅពីកាកសំណល់នៅតំបន់ឧស្សាហកម្មមួយ។ យើងត្រឡប់មកវិញ។ យើងដោតវាចូលទៅក្នុងប្រព័ន្ធរបស់យើងដើម្បីឲ្យយើងអាចមើលការឆ្លើយតបរបស់សន្ទះច្រោះទឹកជាមួយនឹងកម្តៅពីសំណល់ម្តងហើយម្តងទៀត»។
មន្ទីរពិសោធន៍របស់អ្នកស្រីពិនិត្យមើលថាតើកម្តៅពីកាកសំណល់អាចនឹងប៉ះពាល់ដល់លក្ខណៈសម្បត្តិនិងអាយុកាលរបស់សន្ទះនោះដែរឬទេ។
អ្នកស្រី Childress មានប្រសាសន៍ថា ការងារនៅក្នុងមន្ទីរពិសោធន៍របស់អ្នកស្រីអាចនឹងជួយអភិវឌ្ឍសន្ទះនោះឲ្យកាន់តែប្រសើរក្នុងពេលអនាគត។
សន្ទះដែលអាចជួយផលិតទឹកស្អាតមានតម្រូវការខ្ពស់។ សន្ទះច្រោះទឹក PolyCera របស់ក្រុមហ៊ុន Water Planet ដែលប្រើសម្រាប់ចម្រាញ់ទឹកកខ្វក់កំពុងស្វែងរកការប្រើប្រាស់ឲ្យបានទូលំទូលាយជាងនេះ។
លោក Hoek បាននិយាយថា៖ «យើងទទួលបានការចាប់អារម្មណ៍ជាច្រើនពីជុំវិញពិភពលោក មិនត្រឹមតែទឹកកខ្វក់ចេញពីរោងចក្រនោះទេ ប៉ុន្តែយើងកំពុងព្យាយាមពិនិត្យមើលលើការប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកចេញពីក្បាលរ៉ូប៊ីនេនៅប្រទេសឥណ្ឌា ប្រទេសចិននិងនៅសហរដ្ឋអាមេរិក។ យើងកំពុងបង្កើតសន្ទះច្រោះទឹកដែលបច្ចុប្បន្ននេះកំពុងត្រូវបានធ្វើតេស្តសាកល្បងសម្រាប់ដាក់ឲ្យប្រើប្រាស់នៅតំបន់សមុទ្រដើម្បីធ្វើការបន្សុទ្ធទឹកសមុទ្រឲ្យទៅជាទឹកសាបសម្រាប់ប្រើប្រាស់នៅលើនាវាដឹកទំនិញ។
ដោយប្រជាជននៅទូទាំងពិភពលោកប្រមាណជិត៣០ភាគរយនៅតែខ្វះទឹកស្អាតសម្រាប់ពិសានៅតាមគេហដ្ឋាន អ្នកស្រាវជ្រាវនឹងបន្តធ្វើការសិក្សាទៅលើការចម្រាញ់ថាមពលដែលឥតគិតថ្លៃ ដើម្បីចម្រាញ់ជាទឹកស្អាត៕
ប្រែសម្រួលដោយ ទុំ ម្លិះ