ធុងទឹកមួយ មានទម្ងន់ប្រហែល ១៨ គីឡូក្រាម។ ស្ត្រីនិងក្មេងៗដែលភាគច្រើនក្មេងស្រីទូលធុងទាំងនោះជាមធ្យមលើសពី៣០នាទីពេលធ្វើដំណើរម្តងៗ។
លោក Jay Graham គឺជាសាស្រ្តាចារ្យជំនួយផ្នែកបរិស្ថាននិងសុខភាពការងារ។ លោក និងសហការីរបស់លោក បានសិក្សាពីការទៅដងទឹកតាមបែបប្រពៃណី ដែលជាផ្នែកមួយនៃការស្រាវជ្រាវសុខភាពសាធារណៈរបស់ពួកគេ។
ការស្រាវជ្រាវនេះ ផ្តោតទីតាំងក៏ដូចជាប្រភពទឹកដែលប្រជាជនដងយកមក។ ហេតុផលច្បាស់លាស់ដែលពួកយើងធ្វើការស្រាវជ្រាវពីការដងទឹក គឺថាប្រសិនបើប្រជាជនទៅដងទឹកពីទន្លេ ត្រពាំង ឬបឹង យើងនឹងអាចដឹងប្រភពទឹកទាំងនោះមិនស្អាត។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់បន្ថែមទៀតព្យាយាមកែប្រែទម្លាប់ប្រជាជនពីការទៅដងទឹកពីប្រភពទឹកមិនស្អាត មកដងទឹកដែលមានប្រភពទឹកស្អាតល្អវិញ។
លោក Graham ក៏បម្រើការងារឲ្យវិទ្យាស្ថាន Milken សុខភាពសាធារណៈនៃសាកលវិទ្យាល័យ George Washingtonដែរ។ លោកបាននិយាយថាការទទួលបានប្រភពទឹកស្អាត ឬប្រភពទឹកមានសុវត្ថិភាព ក៏មានចែងក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ។
ការស្រាវជ្រាវលើបញ្ហានេះគ្រាន់តែជាផ្នែកមួយនៃទឹក ប៉ុន្តែចំណុចមួយដែលយើងមិនបានគិតដល់នោះគឺពេលវេលាដែលមនុស្សចំណាយដើម្បីដឹកជញ្ជូនទឹក។ ដូច្នេះ យើងបានសម្រេចចិត្តផ្តោតការស្រាវជ្រាវលើបញ្ហានេះទៀត ដោយយើងដឹងថាមានទិន្នន័យមួយចំនួនដែលអាចរកបានសម្រាប់ការស្រាវជ្រាវលើបញ្ហានេះ។
លោកបានបន្តថា ប្រភពទឹកក្នុងប្រទេសនៃអនុតំបន់សាហារ៉ា និងរយៈពេលដែលប្រជាជនត្រូវទូលជញ្ជូនទឹក គឺជាកត្តាសំខាន់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។
យើងទាំងអស់គ្នាដឹងហើយថា ការផឹកទឹកមិនស្អាតផ្តល់ផលប៉ះពាល់ផ្ទាល់ដល់សុខភាព។ អ្នកដឹងទេ វាបណ្តាលឲ្យមាន ដូចជាការផ្ទុះនៃជំងឺអាសន្នរោគ។ ប៉ុន្តែ ការស្រាវជ្រាវនេះ យើងគ្រាន់តែផ្តើមចង់យល់ពីផលប៉ះពាល់នៃការទូលជញ្ជូនទឹកក្នុងចម្ងាយផ្លូវដ៏វែងនេះ។
ការសិក្សាស្រាវជ្រានេះ ផ្តោតលើប្រទេសចំនួន២៤ ដោយសារប្រទេសទាំងនោះមានទិន្នន័យល្អបំផុត និងរួមផ្សំអត្រានៃការស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំ។ ក្នុងទ្វីបនេះ អត្រានៃការស្លាប់របស់កុមារមានកម្រិតខ្ពស់។
ប្រទេសអេត្យូពី និងប្រទេសនីហ្សេរីយ៉ា ជាប្រទេសពីរដែលមានស្ត្រី និងកុមារចូលរួមនៅក្នុងការងារនេះច្រើនជាងគេ គឺប្រមាណ ៤,៧ លាននាក់។
លោក Graham បាននិយាយថា ធុងទឹកដែលមានទម្ងន់ ១៨ គីឡូក្រាមអាចធ្វើឲ្យរាង្គកាយមនុស្សចុះខ្សោយបាន។
ជាធម្មតា ប្រជាជននៅទីនេះអាចទូលជញ្ជូនធ្ងន់ជាងនេះទៀត។ ពួកគេអាច ទូលជញ្ជូនច្រើនលើកច្រើនសារ។ ដូច្នេះ បញ្ហារាងកាយមនុស្សចុះខ្សោយ នឹងកើតមានក្នុងតំបន់ដែលខ្វះខាតអាហាររូបត្ថម្ភ។ ប្រជាជន មិនបានទទួលថាមពលគ្រប់គ្រាន់តាមដែលរាង្គកាយពួកគេត្រូវការនោះទេ។ បន្ថែមពីនេះ ពួកគេទទួលបន្ទុកបន្ថែមទៀតដោយការដឹកជញ្ជូនទឹកក្នុងចម្ងាយផ្លូវដ៏ឆ្ងាយ។ ពួកគេមានបញ្ហា ដូចជាការធ្វើឲ្យខូចសាច់ដុំ និងគ្រោងឆ្អឹង ឈឺឆ្អឹងខ្នង របួសក្បាលនិងកជាដើម។
បន្ថែមពីនេះ ការសិក្សាស្រាវជ្រាវក៏បានបង្ហាញថា កុមារខកខានមិនបានទៅរៀន ព្រោះពួកគេត្រូវទៅជញ្ជូនទឹក។ ការសិក្សាស្រាវជ្រាវនេះដដែល បានបង្ហាញកុមារដែលជញ្ជូនទឹក ៦២ ភាគរយ ជាក្មេងស្រី ចំណែកឯក្មេងប្រុសត្រឹមតែ៣៨ភាគរយប៉ុណ្ណោះ។
ការសិក្សាស្រាវជ្រាវនេះ ក៏បានរកឃើញបញ្ហាទាក់ទងនិងវិសមភាពរវាងបុរសនិងស្ត្រី។ សូម្បីតែនៅសហរដ្ឋអាមេរិក ក៏មានបញ្ហានេះផងដែរ។ ហើយការងារមួយចំនួន ជាពិសេសប្រសិនបើវាជាការងារមិនទទួលបានកម្រៃ ការងារទាំងនោះនឹងធ្លាក់ទៅលើស្រ្តី។
លោកសាស្ត្រាចារ្យជំនួយនៃសាកលវិទ្យាល័យ George Washington បានលើកឧទាហរណ៍សម្រាប់ដំណោះស្រាយបណ្តោះអាសន្នដល់ស្រ្តីទូលធុងទឹកធ្ងន់ ក្នុងចម្ងាយផ្លូវដ៏ឆ្ងាយ។
ឧបមាថា ពួកយើង ជីកអណ្តូងទឹកស្អាតមួយនៅទីតាំងដែលមានចម្ងាយសមរម្យសម្រាប់សហគមន៍នោះដងទឹកមកប្រើប្រាស់។ ដូច្នេះ ការធ្វើបែបនេះបង្ហាញថា យើងបានគិតគូរពីប្រភពទឹកស្អាត និងចម្ងាយ និងចំនួនអណ្តូងទឹកដែលត្រូវមាន ដើម្បីកុំឲ្យប្រជាជនតម្រង់ជួររង់ចាំដងទឹកយូរទេ។
ទោះយើងដងទឹកពីប្រភពទឹកស្អាតក៏ដោយ ការចំណាយពេលក្នុងការដឹកជញ្ជូនទឹកកាន់តែយូរ ហានិភ័យនៃជំងឺរាគរូស និងជំងឺឆ្លងផ្សេងៗកាន់តែខ្ពស់។
ដោយសារតែធុងទឹកធ្ងន់ពេក ស្រ្តីមិនអាចទូលជញ្ជូនទឹកគ្រប់គ្រាន់សម្រាប់ការចម្អិនអាហារ និងអនាម័យនោះទេ។ ដូច្នេះ មិនមានទឹកគ្រប់គ្រាន់សម្រាប់លាងដៃ។ ជាក់ស្តែង វាអាចបណ្តាលឲ្យផលប៉ះពាល់ខ្ពស់ ដូចជាការឆ្លងបាក់តេរីចូលភ្នែក។
សម្រាប់ដំណោះស្រាយរយៈពេលវែង លោកផ្តល់យោបល់ថា៖ «ខ្ញុំគិតថា ពួកយើងត្រូវតែបដិសេធនឹងជំនឿដែលថាស្រ្តីមិនស្មើនឹងបុរស។ អ្នកដឹងទេ ពួកយើងបានធ្វើឲ្យមានការផ្លាស់ប្តូរធំមួយនៅក្នុងជំនឿរបស់មនុស្ស ឬការឲ្យតម្លៃលើអ្វីមួយនៅក្នុងបញ្ហាសុខភាពសាធារណៈ។ ខ្ញុំចង់និយាយថា ពួកយើងបានឃើញការផ្លាស់ប្តូរដ៏ធំមួយនៃផ្នត់គំនិតមនុស្សលើការជក់បារី។ ខ្ញុំគិតថា យើងអាចធ្វើបានដូចគ្នាចំពោះសមភាពរវាងបុរសនិងស្រ្តី ដូចដែលយើងផ្តើមនិយាយថា ជំនឿបែបនេះដែលមិនអាចទទួលយកបានទេ។ ធ្វើបែបនេះ ខ្ញុំគិតថា ពួកយើងអាចសម្រេចបានគោលដៅនេះ។
លោក Graham បាននិយាយ ការធ្វើឲ្យការដងជញ្ជូនទឹកកាន់តែមានភាពងាយស្រួល និងទឹកកាន់តែមានសុវត្ថិភាពក្នុងប្រទេសកំពុងអភិវឌ្ឍ នឹងផ្តល់ផលវិជ្ជមានដល់សុខភាព អាហារូបត្ថម្ភ និងការអប់រំជាច្រើន។ ការសិក្សាស្រាវជ្រាវរបស់លោកមានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រស្រាវជ្រាវ PLOS ONE ៕
ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង