ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ផ្សាយ​ទ្រឹស្តី​បំផុស​បំផុល​អំពី​ជំងឺ​កូវីដ១៩ ឲ្យ​មនុស្សម្នា​បំពាន​បទ​បញ្ជា​ចត្តាឡីស័ក​​​


ឡូហ្គោ​បណ្ដាញសង្គម Twitter បណ្ដាញ YouTube និង Facebook។

មនុស្ស​ជាច្រើន​នាក់​ដែល​ភាគ​ច្រើន​ទទួល​ពត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​​ដូចជា Facebook និង YouTube ទំនង​ជា​ជឿ​ច្រើន​លើ​ទ្រឹស្តី​បំផុស​បំផុល​អំពី​ការ​រាត​ត្បាត​នៃវីរុស​កូរ៉ូណា។ នេះ​បើតាម​របាយការណ៍​នៃ​ការ​​ស្រាវ​ជ្រាវ​របស់​សាកលវិទ្យាល័យ Kings College London។

របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ថា​ អ្នក​ដែល​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ទទួល​បាន​ព័ត៌មាន ទំនង​ជា​បាន​ព្រងើយ​កន្តើយ​ជា​មួយ​សារ​ណែ​នាំ​របស់​រដ្ឋាភិបាល អំពី​ការ​ស្នាក់​នៅ​ក្នុង​ផ្ទះ ដើម្បី​ការពារ​សុវត្ថិភាព​ នៅ​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ និង​ទំនង​ជាមិន​បាន​គោរព​តាម​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ឡើយ។

អ្នកស្រាវជ្រាវ​មក​ពី​សាកល​វិទ្យាល័យ Kings College London និង​ក្រុមហ៊ុន​ស្ទង់​មតិ Ipsos MORI បាន​សិក្សា​ពី​ទ្រឹស្តី​បំផុស​បំផុល​មួយ​ចំនួន​ជុំវិញ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩ នេះ​។

លោក Daniel Allingtonសហអ្នកនិពន្ធ​នៃ​របាយការណ៍​នេះ បាន​ផ្ដល់​បទ​សម្ភាសន៍មួយ​ដល់ VOA តាម​កម្មវិធី​ Skypeថា៖ «យើង​ឲ្យ​និយម​ន័យទ្រឹស្តី​បំផុស​បំផុល​ថា ជា​ការ​ពន្យល់​អំពី​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​ទាំង​ឡាយ​ណា ដែល​បង្ហាញ​ថា វីរុស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សិប្បនិម្មិត ឬថា​វីរុស​នេះ​មិនគ្រោះ​ថ្នាក់ដូច​មនុស្ស​គិត និង​ថា​អ្វី​ផ្សេង​ត្រូវ​បាន​ប្រើ​ភាគ​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​យើង​ជឿ​ថាជា​រោគ​សញ្ញា​នៃ​មេរោគ ឬ​គំនិត​ដែល​ថា​ [វីរុសនេះ] មិនបង្កគ្រោះ​ថ្នាក់​អ្វី​ទេ»។

ជំងឺកូវីដ​១៩ បង្កឡើង​ដោយ​វីរុសកូរ៉ូណា

ទ្រឹស្តី​បំផុស​បំផុល​ដ៏​លេច​ធ្លោ​មួយ​គឺ​ថា បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ 5G ​បង្ក​ឲ្យ​មាន​ជំងឺ​នេះ។ នៅ​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ អង់តែន​ទូរគមនាគមន៍​ទូរស័ព្ទ​ចល័ត 5G រាប់​សិប​កន្លែង​ត្រូវ​បាន​គេ​បំផ្លាញ​ចោល​នៅ​ជុំវិញ​ចក្រភព​អង់គ្លេស។ ប៉ូលិស​និយាយ​ថា ជំនឿ ដែល​ថា​អង់តែន​នេះ​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម ទំនង​ជាកត្តា​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​វាយប្រហារ​ជា​ច្រើន​ករណី​លើ​អង់តែន​ទាំង​នោះ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សាកសួរ​ពលរដ្ឋ​រស់​នៅ​ចក្រភព​អង់គ្លេស​ចំនួន ២២៥២ នាក់។ សរុប​មក ៨ ភាគរយ​ជឿថា បច្ចេកវិទ្យា 5G បង្កឲ្យ​មាន​ជំងឺ​រាត​ត្បាត​នេះ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ ៦០ ភាគ​រយបាន​និយាយ​ថា ពួក​គេ​ទទួល​បាន​ព័ត៌មាន​ពី YouTube។ ៩២ ភាគរយ​នៃ​អ្នក​ទាំង​នោះ មិនជឿ​លើ​ទ្រឹស្តី​បំផុសបំផុល 5G នេះ​ទេ ហើយ​មាន​តែ ១៤ ភាគរយ​ប៉ុណ្ណោះ​ បាននិយាយ​ថា​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ពី​ YouTube។

នៅ​ក្នុង​ចំណោម​អ្នក​ដែល​មិន​ជឿ​ថា​មាន​វីរុស​កូរ៉ូណា ៥៨ ភាគ​រយ​ដក​ស្រង់​ប្រភព​មក​ពី​ Facebook ដែល​ជាប្រភព​នៃ​ការ​ទទួល​បាន​ព័ត៌មាន​ចម្បង​របស់​ពួកគេ។ លោក Allington និយាយ​ថា លទ្ធផល​ដែល​រំខាន​បំផុត​គឺជា​ការ​ត្រៀម​ខ្លួន​ក្នុង​ចំណោម​អ្នក​ដែល​ជឿ​លើ​ទ្រឹស្តី​បំផុស​បំផុល​អំពី​ជំងឺ​នេះ ដើម្បី​បំពាន​ច្បាប់ចត្តាឡីស័ក និង​បទបញ្ជា​បិទ​ក្រុង​ជាដើម។

លោក Allington បាន​ប្រាប់​ VOA ថា៖ «​យើង​បាន​រក​ឃើញ​ថា អ្នក​ដែល​ចេញ​ក្រៅ​ផ្ទះ ឬ​ទៅ​ធ្វើ​ការ ទោះ​បី​ជា​ពួក​គេ​ដឹង​ថា​ខ្លួន​មាន​អាការៈមួយ​ចំនួន​ដែល​អាច​ជាជំងឺកូវីដ១៩ ទំនង​ជា​ភាគ​ច្រើន​ទទួល​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម»។​

​ការណ៍​នេះ​បង្ហាញ​ពី​ហានិភ័យ​ផ្នែក​សុខភាព​ដែល​ចាំបាច់​ត្រូវ​តែ​ដោះ​ស្រាយ។ នេះបើ​តាម​សម្តី​របស់​លោក Damian Collins សមាជិក​សភា​អង់គ្លេស និង​ជា​សហស្ថាបនិក​នៃ​ក្រុមការងារ «Infotagion» ដែល​មាន​គោល​បំណង​ប្រយុទ្ធ​ប្រឆាំង​នឹងព័ត៌មាន​ក្លែងក្លាយ​អំពី​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩។

លោក Collins បាន​ប្រាប់ VOA តាម​កម្មវិធី Skype ថា៖ «មាតិកា​ជា​ច្រើន​នៅ​តែ​មាន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ហើយ​ជា​ញយ​ដង​នៅ​ពេល​ដែលមាន​គេ​រាយ​ការណ៍​ [អំពី​មាតិកា​ទាំង​នេះ] ទៅ​កាន់​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ពួក​គេ​មិន​លុប​មាតិកា​នោះ​ចោល​ភ្លាមៗទេ​»។ លោក​បន្ថែម​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​លើ​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយនៅ​ក្នុង​កម្ម​វិធី​វ៉ាក់សាំង​ណាមួយ​។​

លោក​ Collins បាន​និយាយ​ថា៖ «បើ​សិន​ជា​យើង​ឈាន​ដល់​ចំណុច​មួយ ដែល​យើង​មាន​វ៉ាក់សាំង ហើយ​ដើម្បី​ឲ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព យើង​តម្រូវ​ឲ្យ​មាន​មនុស្ស​ជា​ច្រើន​យល់​ព្រម​ចាក់​វ៉ាក់សាំង​នេះ។ វា​សំខាន់​ណាស់​ ដែល​ថា មនុស្ស​ម្នា​មាន​ទំនុក​ចិត្ត​ក្នុង​រឿង​នេះ។ ហើយ​បើ​សិន​ជា​មនុស្ស​ម្នានាំ​គ្នា​ចែក​រំលែក​ទ្រឹស្ត្រី​បំផុសបំផុល និង​ការ​កុហស អំពី​វ៉ាក់សាំង ហើយ​ព្យាយាម​បញ្ចុះ​បញ្ចូល​មនុស្ស​មិន​ឲ្យ​ទទួល​វា នោះ​នឹង​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ក្នុង​វិស័យ​សុខាភិបាល​ជា​មិន​ខាន»។

ក្រុម​ហ៊ុន Facebook ក្រុមហ៊ុន YouTube និង Twitter បាន​ឲ្យដឹង​ថា ពួកគេ​បាន​លុប​ចោល​វីដេអូ និង​ការ​បង្ហោះ​រាប់​រយ​រាប់ពាន់ ដែល​ពាក់​ព័ន្ធ​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​នៃ​ជំងឺកូវីដ១៩​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់។ នៅ​ក្នុង​ភស្តុតាង​ជាលាយលក្ខណ៍​អក្សរ​ផ្ញើ​ទៅ​កាន់​សភា​ចក្រភព​អង់គ្លេស ក្រុមហ៊ុន Facebook បាន​ឲ្យដឹង​ថា នៅ​ក្នុង​អំឡុង​ខែ​មេសា ខ្លួន​បាន​ «បង្ហាញ​ស្លាក​ព្រមាន​ចំនួន​ប្រមាណ ៥០ ​លាន​ លើ​អត្ថបទ​ដែល​ទាក់ទង​ជំងឺ​កូវីដ១៩ នៅ​លើ​ហ្វេសប៊ុក»។ ក្រុម​ហ៊ុន​ Facebook បាន​បន្ថែម​ថា នៅ​ពេល​មនុស្សបាន​ឃើញ​ស្លាក​ព្រមាន​នេះ ៩៥% ភាគ​រយ​មិន​បាន​ចុច​បើក​មើល​អត្ថបទ​ដើម​នោះ​ឡើយ»។​

លោក Allington មក​ពី​សាកលវិទ្យាល័យ Kings College London​ បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​មាន​ការ​អះអាង​បែប​នេះ​ក៏​ដោយ​ ក៏​ប្រព័ន្ធ​ផ្ទៃ​ក្នុង​ [របស់​ក្រុម​ហ៊ុន​ទាំង​នោះ] ដែល​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​នៅ​តែស្រពិចស្រពិល។ លោក​បាន​ប្រាប់​ VOA ថា៖ «ប្រព័ន្ធ​ទាំង​នោះ​គួរ​តែ​ត្រូវ​បាន​បើក​ចំហ​សម្រាប់​ការ​ធ្វើ​សវនកម្ម​ដោយ​ស្ថាប័ន​ដែល​ទទួល​ខុស​ត្រូវ​តាម​បែប​ប្រជាធិបតេយ្យ»។

ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ធំៗ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​។ តួ​យ៉ាងក្រុមហ៊ុន​ជាង ១៥០ ដូចជា​ក្រុមហ៊ុន Starbucks និង Coca-Cola បាន​បញ្ឈប់​ការ​ទិញការ​ផ្សាយ​ពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន Facebook ដោយសារ​ព្រួយ​បារម្ភ​ពី​ព័ត៌មាន​ក្លែងក្លាយ និង​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន។

ស្រប​ពេល​គ្នា​នេះ​ដែរ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​កាល​ពី​ខែ​ឧសភា ដើម្បី​ដក​ហូត​អភ័យឯកសិទ្ធិ​របស់​ក្រុមហ៊ុនប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សម្រាប់​មាតិកា​ដែល​បង្ហោះ​ដោយ​អ្នក​ប្រើប្រាស់​របស់​ក្រុមហ៊ុន​ទាំង​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ Twitter បាន​ដាក់​ស្លាក​ព្រមានឲ្យ​ផ្ទៀង​ផ្ទាត់​ការ​ពិត​មួយ​ លើការ​បង្ហោះ​របស់​លោក​ប្រធានាធិបតី។ លោក Trump បាន​ប្រាប់​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ឧសភា ថា៖ «បើសិន​ជាក្រុមហ៊ុន Twitter មិន​យុត្តិធម៌ ហើយ​អ្នក​នឹង​យកក្រុមហ៊ុន​ប្រភេទ​នេះមក​ធ្វើ​ជាចៅក្រម និង​អ្នកវិនិច្ឆ័យ ខ្ញុំ​គិត​ថា​អ្នក​បិទ​ក្រុមហ៊ុនទៅ។ ប៉ុន្តែ​ខ្ញុំ​នឹងជ្រើស​យក​ការឆ្លង​កាត់​នីតិវិធី​ច្បាប់​ដើម្បី​ធ្វើ​រឿង​នេះ»៕

ប្រែសម្រួលដោយ សឿន វឌ្ឍនា

អត្ថបទ​ទាក់ទង

XS
SM
MD
LG