អ្នកធ្វើដំណើរ១៥នាក់ដែលជាជនជាតិខ្មែរ ត្រូវបានធ្វើតេស្តរកឃើញផ្ទុកវីរុសកូរ៉ូណា ក្រោយពួកគេធ្វើដំណើរពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងឆ្លងកាត់ប្រទេសម៉ាឡេស៊ី មុនចូលមកកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃអាទិត្យនេះ។
ក្រសួងសុខាភិបាលឲ្យដឹងថាអ្នកធ្វើដំណើរសរុប៩៤នាក់ ក្នុងនោះមានជនជាតិម៉ាឡេស៊ី១នាក់។ ប្រជាពលរដ្ឋខ្មែរ៨០នាក់ ដែលជានិស្សិតធ្វើដំណើរពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយឆ្លងតាមប្រទេសម៉ាឡេស៊ី។ បន្ទាប់មកពលរដ្ឋខ្មែរចំនួន១៣នាក់នៅប្រទេសម៉ាឡេស៊ី ក៏ធ្វើដំណើរតាមយន្តហោះនេះ មកកម្ពុជាដែរ។
នៅពេលមកដល់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ពួកគេ១៥នាក់ ដែលជាអ្នកដំណើរបុរស ត្រូវបានធ្វើតេស្តនិងរកឃើញថាផ្ទុកវីរុសកូរ៉ូណា។ ពួកគេមានអាយុចន្លោះពី២១ទៅ៣៣ឆ្នាំ។ បច្ចុប្បន្នពួកគេកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ នេះបើតាមក្រសួងសុខាភិបាល។
ដោយឡែកអ្នកដែលបានរួមដំណើរផ្សេងទៀតដែលធ្វើតេស្តមិនមានជំងឺកូវីដ១៩ចំនួន៧៩នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅជម្ពូវ័ន្ត រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។
រហូតមកដល់ពេលនេះ ករណីឆ្លងសរុបនៅកម្ពុជាមានចំនួន១៥៦នាក់ ក្នុងនោះ១៣៣នាក់បានជាសះស្បើយ។
តាមគោលការណ៍ទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ អ្នកដំណើរទាំងអស់ត្រូវយកសំណាកទៅពិនិត្យជំងឺកូវីដ ហើយប្រសិនបើនៅលើយន្តហោះ មាននរណាម្នាក់មានវីរុសកូរ៉ូណា អ្នកដំណើរទាំងអស់ត្រូវស្នាក់នៅកន្លែងដែលរដ្ឋាភិបាលរៀបចំឲ្យរយៈពេល១៤ថ្ងៃ ហើយការធ្វើតេស្តយកសំណាក អាចមានយ៉ាងតិច៣ដងទៀត៕