វីរុសកូរ៉ូណាដែលបង្កជំងឺរាតត្បាតជាសាកលកូវីដ១៩ បានឈានដល់ដំណាក់កាលថ្មីមួយទៀតដោយបានឆ្លងដល់មនុស្សជាង១២លាននាក់នៅទូទាំងពិភពលោក នេះបើតាមតួលេខពីសាកលវិទ្យាល័យJohns Hopkins។
សហរដ្ឋអាមេរិកដែលមានការឆ្លងច្រើនជាងប្រទេសណាទាំងអស់ក៏បានឈានដល់ដំណាក់កាលថ្មីមួយទៀតដោយកូវីដ១៩បានឆ្លងដល់ពលរដ្ឋអាមេរិកជាង៣លាននាក់ ឬស្មើនឹង១ភាគ៣នៃចំនួនអ្នកឆ្លងក្នុងពិភពលោក ហើយកាលពីថ្ងៃពុធមានករណីឆ្លងថ្មីរហូតដល់ជាង៦០.០០០ករណី ដែលជាចំនួនច្រើនបំផុតក្នុងមួយថ្ងៃមិនធ្លាប់មាន។
រដ្ឋចំនួន៥របស់សហរដ្ឋអាមេរិកគឺ រដ្ឋ California រដ្ឋ Texas រដ្ឋ Tennessee រដ្ឋ West Virginia និងរដ្ឋ Utah បានរាយការណ៍ពីករណីឆ្លងថ្មីប្រចាំថ្ងៃកើនឡើងមិនធ្លាប់មាន ហើយអាជ្ញាធរនៅរដ្ឋ Arizona រដ្ឋ Californiaរដ្ឋ Florida និង រដ្ឋTexas ក៏បានព្រមានថាមន្ទីរពេទ្យនៅរដ្ឋទាំងនោះនឹងជិតហួសសមត្ថភាពទទួលអ្នកជំងឺកូវីដ១៩។
ចំណែកនៅប្រទេសអូស្ត្រាលីវិញ ទីក្រុង Melbourne ដែលជាទីក្រុងធំជាងគេទីពីរកាលពីពាក់កណ្តាលអាធ្រាតថ្ងៃពុធបានចាប់ផ្តើមវិធានការបិទសកម្មភាពទីក្រុងរយៈពេល៦សប្តាហ៍ដើម្បីទប់ស្កាត់ការផ្ទុះរាតត្បាតជំងឺកូវីដ១៩នៅទីនោះ។ អាជ្ញាធរបានបញ្ជាឲ្យពលរដ្ឋមិនចេញពីគេហដ្ឋានលើកលែងតែក្នុងករណីចាំបាច់៕