ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Global Witness៖ ក្រុមហ៊ុន​វៀតណាម​នៅ​ពី​ក្រោយ​ការ​ឆក់ប្លន់​ដី​ប្រជាពលរដ្ឋ


គេហទំព័រ​អង្គការ​ Global Witness នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា នេះ​បង្ហាញ​ពី​ការ​ចេញ​ផ្សាយ​របាយការណ​ថ្មី «Rubber Barons»។
គេហទំព័រ​អង្គការ​ Global Witness នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា នេះ​បង្ហាញ​ពី​ការ​ចេញ​ផ្សាយ​របាយការណ​ថ្មី «Rubber Barons»។
របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​មួយ​បានឱ្យ​ដឹង​ថា​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC) ​របស់​ធនាគារ​ពិភពលោក​និង​ធនាគារ​អាឡឺម៉ង់ ​(Deutsche Bank) ​ បាន​កំពុង​ផ្តល់​ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន​កៅស៊ូ​របស់​វៀត​ណាម​ចំនួន​២ដែល​កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​មាន​អំណាច​នៅ​កម្ពុជា​ដើម្បី​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ដកហូត​ដីធ្លី​ពលរដ្ឋ​មូលដ្ឋាន​ដោយ​ខុស​ច្បាប់។

អង្គការ​គ្លូបប៊ល វីតណេស​ (Global Witness) ​បាន​ចេញ​របាយការណ៍​មួយ (Rubber Barons) នៅ​ថ្ងៃ​ទី​១៣​ ខែឧសភា ​ឆ្នាំ​២០១៣ ​ថា​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​និង​ធនាគារ​អាឡឺម៉ង់ ​បាន​ផ្តល់​ឧបត្ថម្ភធន​ដល់​ក្រុមហ៊ុន​វៀតណាម​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​វៀតណាម​ (Vietnam Rubber Group) ​និង​ក្រុមហ៊ុន​ ហុង អាញ ហ្គាយ ឡាយ ​(Hoang Anh Gia Lai)​ ដែល​កំពុង​រំលោភ​ច្បាប់​ព្រៃឈើ​របស់​កម្ពុជា​ដោយ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អាណាធិបតេយ្យ​និង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​នៅ​ទីនោះ។

អ្នកស្រី​ មេហ្គាន ម៉ាកអ៊ីនណែស ​(Megan MacInnes ) ​ប្រធាន​ក្រុមការងារ​ដីធ្លី​របស់​អង្គការ​គ្លូបប៊ល វីតណេស ​បាន​ថ្លែង​ថា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​វៀតណាម​ទាំង​ពី​នេះ ​គ្មាន​តម្លាភាព ​គ្មាន​ការចូលរួម​ពី​ពលរដ្ឋ​មូលដ្ឋាន ​គ្មាន​សំណង ​និងមាន​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ការពារ​ដីចំការ​ឱ្យ​ក្រុមហ៊ុន​ទាំង​នោះ។

លោកស្រី មេហ្គាន បាន​បញ្ជាក់​ថា៖ «វា​គ្មាន​តម្លាភាព​ទាល់​តែ​សោះ​ពី​ដំណើរការ​ចរចា​រវាង​ក្រុមហ៊ុន​និង​រដ្ឋាភិបាល។ ពុំ​មាន​អ្នក​ភូមិ​ណា​ម្នាក់​ត្រូវ​បាន​ប្រឹក្សាយោបល់​មុន​ពេល​ផ្តល់​ដី​សម្បទាន​នោះ​ទេ ... ក្រុមហ៊ុន​ទាំង​នោះ​បាន​យក​ដី​របស់​ពួកគេ​ដោយ​មិន​បាន​ឱ្យ​ដំណឹង​ជា​មុន ហើយ​មាន​ពេល​ខ្លះ​ពួកគេ​ក្រោក​ឡើង​ទាំង​កណ្តាល​យប់​ឃើញ​ត្រាក់ទ័រ​កំពុង​ឈូស​កំទេច​ដី​ចំការ​របស់​ពួកគេ ដូច្នេះ​ដីចំការ ព្រៃឈើ និង​លទ្ធភាព​ចិញ្ចឹម​សត្វ​របស់​ពួកគេ​បាន​បាត់​បង់ នាំ​ឱ្យ​ភាព​ក្រីក្រ​ពួកគេ​កាន់​តែ​កើន​ឡើង»។

របាយការណ៍​ដដែល​នេះ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា​បាន​ផ្ដល់​អាជ្ញាបណ្ណ​សម្បទាន​សេដ្ឋកិច្ច​ទាំង​បំពាន​ច្បាប់​ហើយ​មិន​បាន​ចាត់វិធាន​ការណ៍​ពេល​ក្រុមហ៊ុន​ទាំង​ពីរ​បំពាន​ច្បាប់​ដោយ​បើក​ចំហ។

យោង​តាម​ច្បាប់​ភូមិបាលកម្ពុជា ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​មួយ​មិន​អាច​ឲ្យ​លើស​ពី​មួយ​ម៉ឺន​ហិកតា​ទេ។ ប៉ុន្តែ​ក្រុមហ៊ុន ​ហុង អាញ ហ្គាយ ឡាយ​ទទួល​បាន​ជិត ៥​ម៉ឺន​ហិកតា​ចំណែក​ឯ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​វៀតណាម​ទទួល​បាន​ជាង​១,៦​សែន​ហិកតា​ដែល​លើស​ពី​ច្បាប់​កំណត់​១៦​ដង។

ត្រឹម​ឆ្នាំ​២០១២ ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង​២,៦​លាន​ហិកតា​ភាគច្រើន​សម្រាប់​ដំណាំ​កៅស៊ូ​ស្មើ​នឹង​៧៣​ភាគរយ​នៃ​ផ្ទៃ​ដី​កសិកម្ម​របស់​ប្រទេស​ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ។

លើសពី​នេះ​ទៀត ​រូបភាព​ថត​ពី​ផ្កាយ​រណបដោយអង្គការ​គ្លូបប៊ល វីតណេស ​បាន​បង្ហាញ​ពី​ការកាប់​បំផ្លាញ​ព្រៃឈើខុស​ច្បាប់​យ៉ាងគគ្រឹក​គគ្រេង ​នៅ​ខាង​ក្នុង​និង​ខាង​ក្រៅ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ ​នៅចន្លោះ​ខែ​មករា​ឆ្នាំ​២០១១​និង​ខែកុម្ភៈ​ឆ្នាំ​២០១៣។

យោង​តាម​សាក្សី​និង​ការស៊ើប​អង្កេត​របស់​ខ្លួន ​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​នេះ​បាន​ចោទ​ប្រកាន់ការរំលោភ​ច្បាប់​ដោយ​បើក​ចំហ​នេះ ​ដោយ​បាន​សហការ​ជាមួយ​ឈ្មួញ​ខុស​ច្បាប់​និង​មន្ត្រី​មាន​អំណាច​ក្នុង​ស្រុក។ នេះ​បើ​តាម​អ្នកស្រី​មេហ្គាន ម៉ាកអ៊ីនណែស។

«យើង​ក៏​បាន​រកឃើញ​ថា​ក្រុមហ៊ុន​ហុង អាញ ហ្គាយ ឡាយត្រូវ​បាន​ចោទ​ប្រកាន់​ថា​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ទ្រី ភាព ​ដើម្បី​កាប់​និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​សម្បទាន​ទាំង​នោះ​ក្នុង​ខេត្ត​រតនគិរី ​ស្រប​ពេល​ដែល​សាខា​របស់​ក្រុមហ៊ុន​ចំការ​កៅស៊ូ​វៀតណាម​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន​ដុងភូ​ និង​ដុងណាវ ​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​សេង ឃាង ​ដែល​អង្គការ​ឃ្លាំ​មើល​ពិភពលោក​បាន​រកឃើញ​ថា​បានកាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ទូទាំង​ប្រទេស»។

នៅ​ពេល​អង្គការ​គ្លូបប៊ល វីតណេស​បាន​សាក​សួរ ​ក្រុមហ៊ុន​ទាំង​នេះបាន​ច្រាន​ចោល​ពី​ការជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃុបឃឹត​ទាំងនោះ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោកស្រី​មេហ្គាន។​

បន្ទាប់​ពី​បាន​ផ្ទៀងផ្ទាត់ ​អង្គការ​ឃ្លាំមើល​ពិភលោក ​បាន​ឱ្យ​ដឹង​ថា​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​កំពុង​តែ​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជិត១៥​លាន​ដុល្លារ​ដែល​ស្មើ​នឹង​ភាគ​ហ៊ុន​ជិត​៥​ភាគរយ ​រីឯធនាគារ​អាឡឺម៉ង់​កំពុង​មាន​ភាគហ៊ុន​៤,៥​លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន​ហុង អាញ ហ្គាយ ឡាយ។

លោក ហាន់ហ្វ្រែដ វ៉ុន ហ៊ីនដឹនប៊ឺក (Hannfried von Hindenburg) ​អ្នកនាំពាក្យ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក ​បាន​ថ្លែង​ថា​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​នឹងស៊ើប​អង្កេត​លើភាព​មិន​ប្រក្រតី​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ ​ហើយ​នឹង​ចាត់​វិធានការ​ប្រសិន​បើ​រកឃើញ​ដូច​អ្វី​ដែល​អង្គការ​គ្លូបប៊ល វីតណេស ​រកឃើញ។

«របាយការណ៍​នេះ​ទើប​តែ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ ​ដូច្នេះ​វាជា​ការលំបាក​សម្រាប់​យើង​ក្នុង​ការ​ចាត់​វិធានការ​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​នោះ។ ប្រសិន​បើ​អ្នក​សួរ​ថា ​តើ​យើង​នឹង​ចាត់​វិធានការ​នៅ​ពេល​ខាង​មុខ​ទេ ​ចម្លើយ​គឺ​ថា​យើង​នឹង​ស៊ើប​អង្កេត​ឱ្យ​បាន​ស៊ី​ជម្រៅ​ចំពោះ​ករណី​នេះ។ អ្វី​ដែល​យើង​នឹង​ធ្វើ​គឺ​ថាយើង​នឹង​និយាយ​ទៅ​កាន់​ផ្នែក​មូលនិធិ​វិនិយោគ​ឱ្យ​ចាត់​វិធានការ​អ្វី​ម៉្យាង​ ប៉ុន្តែ​យើង​មិន​ទាន់​អាច​ឆ្លើយ​បាន​ថា​ជា​វិធានការ​អ្វី​នោះ​ទេ»។

អ្នកស្រី ​មេហ្គាន ម៉ាកអ៊ីនណែស ​បាន​រិះគន់​ស្ថាប័ន​អន្តរជាតិ​ទាំង​ពីរ​នេះ​ថា​មិន​បាន​សិក្សា​ឱ្យ​បាន​លម្អិត​ពី​គម្រោង​ដែល​ខ្លួន​វិនិយោគ ​ជា​លទ្ធផល​ពួកគេ​បាន​ផ្តល់​មូលនិធិ​ដល់​គម្រោង​ដែល​ផ្ទុយ​ស្រឡះ​ពី​គោលនយោបាយ​បរិស្ថាន​និង​សង្គម​របស់​ស្ថាប័ន​ទាំង​ពីរ​នេះ។

អង្គការ​គ្លូបប៊ល វីតណេស ​បាន​ស្នើ​ឱ្យ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ​និង​ធនាគារ​អាឡឺម៉ង់​ដក​មូលនិធិ​វិនិយោគ​របស់​ខ្លួន​ពី​គម្រោង​នេះ​ក្នុង​រយៈពេល​៦​ខែ ​ប្រសិន​បើ​ក្រុមហ៊ុន​នេះ​នៅ​តែ​មិន​ព្រម​បញ្ឈប់​សកម្មភាព​ល្មើស​ច្បាប់​របស់​ខ្លួន។

តំណាង​ក្រុមហ៊ុន​ចំការ​កៅស៊ូ​វៀតណាម​ប្រចាំ​កម្ពុជា​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ​ រីឯ​តំណាង​ក្រុមហ៊ុន​ហុង អាញ ហ្គាយ ឡាយ ​បាន​បិទ​ទូរស័ព្ទ​បន្ទាប់ពី​វីអូអេ​ខេមរភាសា​បានសួរ​ពី​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​គ្លូបប៊ល វីតណេស។

លោក​បណ្ឌិត​ ហ៊ាន វណ្ណហន ​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម​ បាន​ថ្លែង​ថា​នា​ពេល​កន្លង​មក​រដ្ឋាភិបាល​បានដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ប្រមាណ​ពី​២០​ទៅ​៣០​ក្រុមហ៊ុន​ដោយសារ​មិន​គោរព​តាម​លក្ខខណ្ឌ​វិនិយោគ។

ចំពោះ​ប្រតិកម្ម​ជុំ​វិញ​របាយការណ៍​របស់​អង្គការ​គ្លូបប៊ល វីតណេស ​លោក​បាន​ផ្ទេរ​សំណួរ​
នេះ​ទៅ​លោកចាយ សុគន្ធ​ ប្រធាន​នាយកដ្ឋាន​ផែនការ​និង​ស្ថិតិ​នៃ​ក្រសួង​កសិកម្ម ​ប៉ុន្តែ​លោក​ចាយ សុគន្ធ​បាន​បិទ​ទូរស័ព្ទ​ពេល​សួរ​ពី​សំណួរ​នេះ៕
XS
SM
MD
LG