ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​រត់​ពន្ធដី​ខ្សាច់​ជា​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៅ​ក្នុង​ទ្វីប​អាស៊ី​


នៅ​ក្នុង​ប្រទេស​កម្ពុជា​ មន្រ្តី​បាន​កាត់​បន្ថយ​ការ​បូម​ខ្សាច់​និង​បាន​ផ្អាក​ការ​លក់​ចេញ​ នៅ​ពេល​កំពុង​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ការ​ខូច​ខាត​ដល់​បរិដ្ឋាន​ដែល​បណ្តាល​មក​ពី​ការ​បូម​ដី​ខ្សាច់។

កិច្ច​ប្រឹង​ប្រែង​របស់​ប្រទេស​សឹង្ហបូរី​ក្នុង​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅ​នេះ​ ដើម្បី​ទាម​ទារ​ទឹក​ដី​ដែល​បាត់​បង់​ពី​មហា​សមុទ្រ​មក​វិញ​ បាន​ពង្រីក​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​នេះ​ ហើយ​បាន​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​សំណង់​យ៉ាង​ច្រើន​ តែ​បាន​ធ្វើ​ឲ្យ​អស់​ដី​ខ្សាច់​របស់​ខ្លួន​ ហើយ​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ប្រទេស​ហ្វីលីពីន​ ប្រទេស​ភូមា​ និង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ទាំង​មូល។​ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ បំរាម​លក់​ដី​ខ្សាច់ទៅ​បរទេស​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ បាន​ធ្វើ​ឲ្យ​កង្វះ​ដី​ខ្សាច់​យ៉ាងខ្លាំង​របស់​ប្រទេស​សឹង្ហបូរី​មាន​ភាព​រិត​តែ​ធ្ងន់​ធ្ងរ​ឡើង​ទៀត​ បាន​ធ្វើ​ឲ្យ​ដី​ខ្សាច់​ឡើង​ថ្លៃ​ ហើយ​លើក​ទឹក​ចិត្ត​ដល់​ការ​រត់​ពន្ធ​កាក​សម្រាម​ដែល​អាច​យក​ទៅ​ប្រើ​ការ​បាន។

កាល​ពី​មុន​ ពួក​អ្នក​បូម​ខ្សាច់​គ្រាន់​តែ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជិត​ខាង​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ ដើម្បី​រក​ខ្សាច់យក​មក​ប្រើ​សម្រាប់​គម្រោង​សំណង់​របស់​ប្រទេស​សឹង្ហបូរី។​ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ហាម​ការ​លក់​ខ្សាច់​ទៅ​បរទេស​ បន្ទាប់​ពី​សកម្មជន​និង​អ្នក​ស្រុក​បាន​ត្អូញត្អែរ​អំពី​ការ​បាត់​បង់​កោះ​ជា​ច្រើន​និង​ការ​អន្តរាយ​ដល់​បាត​ទន្លេ។​ ប្រទេស​វៀតណាម​និង​ម៉ាឡេស៊ី​ (Malaysia)​ បាន​ដាក់​បំរាម​ស្រដៀង​គ្នា​លើ​ការ​នាំ​ចេញ​ដី​ខ្សាច់ដែរ។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មន្រ្តី​បាន​កាត់​បន្ថយ​ការ​បូម​ខ្សាច់​និង​បាន​ផ្អាក​ការ​លក់​ចេញ​ នៅ​ពេល​កំពុង​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ការ​ខូច​ខាត​ដល់​បរិដ្ឋាន​ដែល​បណ្តាល​មក​ពី​ការ​បូម​ដី​ខ្សាច់។

ក្រុម​អ្នក​បរិដ្ឋាន​និយាយ​ថា​ បំរាម​ទាំង​នេះ​បាន​បង្ខំ​ឲ្យ​អ្នក​បូម​ខ្សាច់​បែរ​ទៅ​ស្វែង​រក​ខ្សាច់​នៅ​កន្លែង​ដទៃ​ទៀត​ ដែល​ជំរុញ​ឲ្យ​មាន​ការ​រត់​ពន្ធ​ខ្សាច់​នៅ​ប្រទេស​ ហ្វីលីពីន​ បង់ក្លាដេស្ហ​ (Bangladesh)​ និង​ភូមា។

លោក​ ជច​ បូឌិន​ (George​ Boden)​ ជា​អ្នក​ធ្វើ​យុទ្ធនាការ​សម្រាប់​ក្រុម​បរិដ្ឋាន​ Global​ Witness​ ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ ឡុដ្រ៍។​ នៅ​ដើម​ឆ្នាំ​នេះ​ អង្គការ​ Global​ Witness​ បាន​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ការ​បូម​ខ្សាច់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«តាម​ពិត​ពាណិជ្ជកម្ម​ដី​ខ្សាច់​ខ្លះ​បាន​ដក​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ ហើយ​ឥឡូវ​នេះ​ប្រទេស​ភូមា​បាន​ក្លាយទៅ​ជា​ប្រភព​សំខាន់​មួយ។​ ហើយ​តាម​ការ​យល់​ឃើញ​របស់​យើង​គឺថា​ -- សម្រាប់​ពាណិជ្ជកម្ម​ខ្សាច់​ វា​ជា​លទ្ធភាព​ដ៏​សមរម្យ​មួយ​ដែល​ --​ ប្រទេស​សឹង្ហបូរី​ ក៏​កំពុង​តែ​សម្លឹង​មើល​ទៅ​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ ក្រៅ​ពី​ប្រទេស​កម្ពុជា​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ខ្លួន​ដែរ»។

ប្រទេស​សឹង្ហបូរី​បាន​ពង្រីក​ដែន​ដី​របស់​ខ្លួន​ចំនួន​ ២២​ភាគរយ​ ក្នុង​ពេល​កន្លះ​សតវត្សរ៍​កន្លង​ទៅ​នេះ​ ដោយ​ចាក់​ដី​ខ្សាច់​បំពេញ​ទឹក​សមុទ្រ​នៅ​ជុំវិញឆ្នេរ​របស់​ខ្លួន។​ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ គម្រោង​បំពេញ​ដី​ខ្សាច់​ថ្មី​នឹង​តម្រូវ​ឲ្យ​មាន​ខ្សាច់​សមុទ្រ​ដោយ​ចំនួន​ច្រើន​ជាទី​បំផុត។​ ប្រទេស​កោះ​ដ៏​តូច​នេះ​ក៏​ត្រូវ​ការ​ដី​ខ្សាច់​ដែល​គ្មាន​ជាតិ​អំបិល​ពី​ទន្លេ​ សម្រាប់​គម្រោង​សំណង់​ដែរ។

លោក​ ហ្កាវិន​ គ្រីនវូត​ (Gavin​ Greenwood)​ ជា​អ្នក​វិភាគ​ផ្នែក​សន្តិសុខ​ម្នាក់​របស់​ក្រុម​ហ៊ុន​ Allen​ & Associates ​នៅ​ក្រុង​ ហុង​កុង​ ដែល​បាន​តាម​ដាន​បញ្ហា​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ លោក​និយាយ​ថា​សេចក្តី​ត្រូវការ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាងក្នុង​តំបន់​បាន​ទទួល​ប្រាក់​ចំណេញ​យ៉ាង​ច្រើន​ក្រាស់​ក្រែល។

«ដី​ខ្សាច់​ពី​ទឹក​សាប​ មាន​គុណភាព​ខ្ពស់​ច្រើន ​ជាង​ដី​ខ្សាច់​ពី​ទឹក​សមុទ្រ​ សម្រាប់​គម្រោង​សំណង់​ ពីព្រោះ​តាម​ធម្មជាតិ​ដី​ខ្សាច់​ទឹក​សមុទ្រ​ដែល​មាន​ជាតិ​អំបិល​ ឆាប់​រលាយ​ជាងដី​ខ្សាច់​ទឹក​សាប។​ ហើយ​ដើម្បី​យក​ទៅ​ប្រើ​សម្រាប់​សំណង់​ លោក​អ្នក​គួរ​លាង​អំបិល​ចេញ​ពី​ខ្សាច់​សមុទ្រ​ឲ្យ​បាន​ច្រើន​ដែល​អាច​ធ្វើ​បាន។​ គម្រោង​ចាក់​ខ្សាច់​បំពេញ​នៅ​ក្នុង​ប្រទេស​សឹង្ហបូរី​ជា​ច្រើន​ គឺ​ដើម្បី​ទ្រ​អាគារ​ធំៗ​ ដែល​មាន​គ្រឹះ​ធ្វើ​ពី​ស៊ីម៉ង់​និង​ដែក​ថែប​ដ៏​ធំ​មួយ។​ ដូច្នេះ​ បើ​លោក​អ្នក​អាច​រក​ខ្សាច់​ពី​ទឹក​ទន្លេ​បាន​ ឬ​ដី​ ឬ​កំទេច​ថ្ម​ ឬ​វត្ថុ​ទាំង​បី​បញ្ចូល​គ្នា​ លោក​អ្នក​អាច​សំចៃ​ប្រាក់​បាន​ច្រើន​ និង​ជៀសវាង​បញ្ហា​ទៅ​អនាគត»។

បំរាម​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ បាន​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ធ្វើ​សំណង់​នៅ​ក្នុង​ប្រទេស​ សឹង្ហបូរី​មាន​ភាព​ស្មុគ​ស្មាញ។​ រដ្ឋាភិបាល​តម្រូវ​ឲ្យ​មាន​ការ​បំពេញ​ក្រដាស​ស្នាម​ត្រឹម​ត្រូវ​សម្រាប់​ដី​ខ្សាច់​ ដើម្បី​បង្ហាញ​ថា​ខ្សាច់​នេះ​បាន​មក​ដោយ​ស្រប​ច្បាប់។

ក្រុម​ហ៊ុន​ដូច​ជា​ Bholat​ General​ Services​ នៅ​ក្រុង​ រ៉ង់ហ្គូន​ (Rangoon)​ និង​ក្រុម​ហ៊ុន​ Mecca​ MFG​ នៃ​ប្រទេស​ ហ្វីលីពីន​ បាន​ប្រកាស​លក់​ខ្សាច់​ដោយ​ចំហរ​នៅ​ក្នុង​បណ្តាញ​ អ៊ីនធឺណែត​ ថា​គេ​អាច​ផ្តល់​ដី​ខ្សាច់​ចំនួន​ច្រើន​ទៅ​ឲ្យ​អតថិជន​ ដែល​មាន​សេចក្តី​អនុញ្ញាត​ពី​រដ្ឋាភិបាល​សឹង្ហបូរី។

ក្រុម​ហ៊ុន​ដទៃ​ទៀត​ដែល​ប្រកាស​លក់​ខ្សាច់​មក​ពី​ប្រទេស​ភូមា​ មាន​រួម​ក្រុមហ៊ុន​ Bangkok​ International​ និង​ Myanmar​ Asia​ Glory​ Trading។​ អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រុម​ហ៊ុន​ Asia​ Glory​ និយាយ​ថា​ ដី​ខ្សាច់​ពី​ទន្លេ​បាន​បូម​ចេញ​ពី​ទន្លេ​ សាលវីន​ (Salween)​ និង​ អៀរ៉ាវ៉ាឌី​ (Irrawaddy)។​ អ្នក​នាំ​ពាក្យ​និយាយ​ថា​ គេ​បាន​ផ្អាក​ការ​បូម​ខ្សាច់​និង​លក់​ចេញ​ទៅ​បរទេស​នៅ​រដូវ​ភ្លៀង​ តែ​នឹង​ចាប់​ធ្វើ​ឡើង​វិញ​នៅ​ខែ​វិច្ឆិកា។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​ Mecca​ MFG​ និយាយ​ថា​ មាន​តំបន់​ធំ​បី​នៅ​ក្នុង​ប្រទេស​ ហ្វីលីពីន​ ដែល​សមរម្យ​អាច​បូម​ខ្សាច់​បាន​-​ ភាគ​ច្រើន​នៅ​ជុំ​វិញ​ភ្នំ​ Mount​ Pinatubo​ នៅ​ក្នុង​ខែត្រ​ Luzon​ កន្លែង​ដែល​មាន​ដី​ខ្សាច់​ទន្លេ​ស្អាត​ ជា​ច្រើន​ក្រៃលែង។

ក្រុម​ហ៊ុន​របស់​ប្រទេស​ថៃ​ កម្ពុ​ជា​ និង​វៀតណាម​ ក៏​មាន​ធ្វើ​ការ​ប្រកាស​លក់​ខ្សាច់​ស្រដៀង​គ្នា​នេះ​ដែរ។

ក្រុម​អ្នក​បរិដ្ឋាន​និយាយ​ថា​ ពាណិជ្ជកម្ម​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត​ដល់​បរិដ្ឋាន​ជា​ទូទៅ​នៅ​ក្នុង​ទន្លេ​ ធ្វើ​ឲ្យ​ហិនដល់​ចំនួន​ត្រី​ និង​កាត់​បន្ថយ​ជីវភាព​រស់​នៅ​របស់​អ្នក​ស្រុក​ដែល​មាន​ត្រឹម​តែ​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​ជីវិត។​ ទឹក​ប្រាក់​ដែល​ទាក់​ទិន​និង​ពាណិជ្ជកម្ម​នេះ​ក៏​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ប្រតិបត្តិ​ច្បាប់​ផង​ដែរ។

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រុម​ហ៊ុន​ខ្លះ​បាន​រំលោភ​ការ​បញ្ឈប់​ការ​បូម​ខ្សាច់​ជា​បណ្តោះ​អាសន្ន​មួយ​របស់​រដ្ឋាភិបាល។​ សកម្មជន​អះ​អាង​ថា​ការ​បូម​ខ្សាច់​នៅ​តែ​មាន​ធ្វើ​ ទោះ​បី​រដ្ឋាភិបាល​បាន​ដាក់​បំរាម​នៅ​ក្នុង​ប្រទេស​ ឥណ្ឌូនេស៊ី​ និង​នៅ​ក្នុង​រដ្ឋ​ សាបាហ៍​ (Sabah)​ និង​ សារាវ៉ាក់​ (Sarawak)​ នៃ​ប្រទេស​ ម៉ាឡេស៊ី​ ភាគ​ខាង​កើត​ នៅ​លើ​កោះ​ ប៊រណេអូ​ (Borneo)​ ក៏​ដោយ។

លោក​ អេះអឹម​ មឺរធូ​ (SM​ Murthu)​ ជា​សមាជិក​ក្រុម​ប្រឹក្សា​ម្នាក់​របស់​សមាគម​ធម្មជាតិ​ម៉ាឡេស៊ី​ (Malaysian​ Nature​ Society)​ និង​ជា​ទី​ប្រឹក្សា​ម្នាក់​របស់​សមាគម​ការពារ​បរិដ្ឋាន​ (Environmental​ Protection​ Association)​ នៅ​រដ្ឋ​ Sabah។​ លោក​និយាយ​ថា​ ការ​រត់​ពន្ធ​ដី​ខ្សាច់​ចូល​ទៅ​ក្នុង​ប្រទេស​សឹង្ហបូរី​ ពី​ប្រទេស​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៏​នៅ​តែ​មាន​ធ្វើ​ជា​បន្ត​ ពីព្រោះ​គ្មាន​ការ​អនុវត្ត​ច្បាប់​ដោយ​សារ​អំពើ​ពុក​រលួយ។

«ការ​រត់​ពន្ធ​នេះ​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​មួយ​ចំនួន​ ពីព្រោះ​ក្នុង​ពេល​បច្ចុប្បន្ន​ នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ អ្វីៗគឺ​សុទ្ធ​តែ​មាន​តម្លៃ។​ អំពើ​នេះ​ជា​អំពើ​ខុស​ច្បាប់​ ដូច្នេះ​មាន​មនុស្ស​មួយ​ចំនួន​ដែល​បាន​ទទួល​សំណូក​ដើម្បី​ឲ្យ​គេ​បិទ​ភ្លែក។​ គេ​ដោះ​ស្រាយ​បញ្ហា​ តាម​មធ្យោបាយ​បែប​នេះ»។

កាល​ពី​មួយ​ឆ្នាំ​មុន​ មន្រ្តី​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ៣៤​នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ទទួល​សំណូក​និង​គុណ​ប្រយោជន៍​ផ្លូវ​ភេទ​ទាក់​ទង​ទៅ​នឹង​ការ​លក់​ខ្សាច់​ខុស​ច្បាប់។​ នៅ​ពេល​នោះ​ លោក​អតីត​នាយក​រដ្ឋមន្រ្តី​ Mahathir Mohamad​ បាន​អះ​អាង​ថា​ រថយន្ត​ដឹក​ទំនិញ​ដល់​ទៅ​ ៧០០​គ្រឿង​មាន​ផ្ទុក​ដី​ខ្សាច់​ បាន​បើក​រត់​ពន្ធ​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​សឹង្ហបូរី​ក្នុង​មួយ​ថ្ងៃៗ។

លោក​ Murthu​ និយាយ​ថា​ ការ​រត់ពន្ធ​យ៉ាង​រហ័ស​រហួននៅ​តែ​មាន​ធ្វើ​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ។​ លោក​ថ្លែង​ថា​លោក​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​កាល​ពី​ពេល​មុន​អំពី​ពាក្យ​ត្អូញ​ត្អែរ​ថា​មាន​ការ​បូម​ដីខ្សាច់​ដោយ​ខុស​ច្បាប់​ ដែល​បណ្តាល​ឲ្យ​ច្រោះ​បាក់​ភូមិ​ទាំង​ស្រុង​ ក៏​ប៉ុន្តែ​អាជ្ញាធរ​ ម៉ាឡេស៊ី​បាន​ប្រាប់​មក​លោក​វិញ​ថា​ករណី​នេះ​ជា​រឿង​មិន​ពិត​ទេ។

«ខ្ញុំ​បាន​ឃើញ​ផ្ទះ​នៅ​ក្នុង​ទឹក​រួច​ទៅ​ហើយ។​ ខ្ញុំ​បាន​ឃើញ​ផ្ទះ​នៅ​ទើ​លើ​មាត់​ច្រាំង​ ចាំ​តែ​លិច​ទៅ​ក្នុង​ទឹក​ទន្លេ។​ នេះ​ជា​រឿង​ដ៏​អាក្រក់​ណាស់​ ពីព្រោះ​មនុស្ស​ទាំង​នេះ​មិន​ខ្វល់​ខ្វាយ​ទេ។​ យើង​មាន​ច្បាប់​ តែ​នៅ​ក្នុង​ក្រដាស​ បើ​និយាយ​អំពី​ការ​អនុវត្ត​វិញ​គឺ​ស្ទើរ​តែ​គ្មាន។​ នៅ​ទី​បំផុត​ គឺ​មាន​តែ​សេចក្តី​ថ្លែ​ង​នយោបាយ​ប៉ុណ្ណោះ។​ ពួក​គេ​សុខ​ចិត្ត​ចុះ​ញ៉ម​ជា​មួយ​និង​អ្នក​ដែល​ដើរ​រក​ទិញ​ខ្សាច់​ថោកៗ​តែ​ម្តង»។

សេចក្តី​រាយការណ៍​របស់​លោក​ George​ Boden​ សម្រាប់​អង្គការ​ Global​ Witness​ បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ នៃ​ប្រទេស​កម្ពុជា​ បញ្ឈប់​ការ​បូម​ខ្សាច់​ជា​បណ្តោះ​អាសន្ន​ នៅ​ពេល​ដែល​រដ្ឋាភិបាល​លោក​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ការ​អន្តរាយ​ខាង​បរិដ្ឋាន​ទៅ​លើ​ទន្លេ​ តាតៃ។​ ក៏​ប៉ុន្តែ​អ្នក​នេសាទ​នៅ​តែ​ត្អូញ​ត្អែរ​ថា​ការ​បូម​ខ្សាច់​នៅ​តែ​មិន​ទាន់​ឈប់។​ លោក​ Boden​ ចង់​ឲ្យ​អ្នក​ផ្តល់​ជំនួយ​អន្តរជាតិ​ដែល​ធ្វើ​វិភាគទាន​យ៉ាង​ច្រើន​ទៅ​ឲ្យ​ថវិកា​ជាតិ​របស់​ប្រទេស​កម្ពុជា​ ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ចាត់​វិធានការ​ប្រឆាំង​និង​ពួក​អ្នក​រត់​ពន្ធ​និង​ការ​បូម​ខ្សាច់​ខុស​ច្បាប់។

«ការ​បូម​ខ្សាច់​ខ្លះ​គឺ​ពិត​ជា​នៅ​មាន​ធ្វើ​ ហើយ​ទង្វើ​នេះ​គឺ​ខុស​ឆ្ងាយ​ពី​អនុសាសន៍​ដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​សេចក្តី​រាយការណ៍​របស់​យើង។​ រឿង​ដែល​យើង​ពិត​ជា​បាន​អំពាវនាវ​ឲ្យ​មាន​ គឺ​បរិដ្ឋាន​មួយ​ដែល​មាន​បទ​បញ្ជា​ត្រឹម​ត្រូវ​ ឲ្យ​មាន​តម្លាភាព​អំពី​ការ​បែង​ចែក​ធនធាន​និង​ប្រាក់​ចំណូល​ដែល​បាន​ទទួល​ និង​ការ​ការពារ​ផ្នែក​បរិដ្ឋាន​និង​សង្គម​ដ៏​ត្រឹម​ត្រូវ​ ដើម្បី​ធានា​ថា​ការ​បូម​ដី​ខ្សាច់​នឹង​ប្រព្រឹត្ត​ធ្វើ​តាម​មធ្យោបាយ ​ដែលនឹង​មិន​ធ្វើ​ឲ្យ​មាន​ការ​អន្តរាយ​ដ៏ទូលំទូលាយ​ណា​មួយ​ឡើយ»។

ការ​ទាម​ទារ​ដី​ពី​មហា​សមុទ្រ​មក​វិញ​របស់​ប្រទេស​សឹង្ហបូរី​ក៏​មាន​ផល​ប៉ះ​បាល់​នយោបាយ​ដ៏​ទូលំទូលាយ​ដែរ​ ពីព្រោះ​ពាណិជ្ជកម្ម​ដី​ខ្សាច់​ធ្វើ​ឲ្យ​រំខាន​ទំនាក់​ទំនង​រវាង​ប្រទេស​សឹង្ហបូរី​ហើយ​និង​ប្រទេស​ជិត​ខាង​របស់​ខ្លួន។​ ប្រទេស​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​ មាន​សេចក្តី​ភ័យ​ខ្លាច​ថា​ ការ​ទាមទារ​ដី​ដោយ​ឥត​ឈប់នេះ​ មាន​ន័យ​ថា​ឥឡូវ​ប្រទេស​សឹង្ហបូរី​កំពុង​រំលោភ​ចូល​ក្នុង​ដែន​ទឹក​របស់​ខ្លួន។

អ្នក​វិភាគ​សន្តិសុខ​ លោក​ Gavin​ Greenwood​ បាន​អំពាវនាវ​ឲ្យ​ប្រទេស​សឹង្ហបូរី​ខំ​រក្សា​ទុក​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​ភាគ​អាគ្នេយ៍​ ថា​ជា​អ្នក​ការពារ​បរិដ្ឋាន​ជា​គំរូ​មួយ​ ដោយ​អនុមតិ​ច្បាប់​ការពារ​ឲ្យ​បាន​តឹងរ៉ឹង​ជាង​មុន​ ប្រឆាំង​និង​ការ​បូម​ខ្សាច់​ខុស​ច្បាប់។

«សេចកក្តី​អះ​អាង​របស់​ប្រទេស​សឹង្ហបូរី​គឺ​ថា​ ពី​ខាង​ភាគ​របស់​ខ្លួន​វា​ជា​ពាណិជ្ជកម្ម​ស្រប​ច្បាប់​ ពីព្រោះ​ខ្លួន​តម្រូវ​ឲ្យ​មាន​ការ​បញ្ជាក់​ដោយ​លិខិត​ផ្សេងៗ​ពី​សំណាក់​ប្រទេស​ទាំង​ឡាយ​ដែល​ខ្លួន​ទិញ​ខ្សាច់។​ តែ​បញ្ហា​ពិត​ប្រាកដ​គឺ​ថា​តើ​សេចក្តី​បញ្ជាក់​ទាំង​នោះ​មាន​សុពលភាព​ដល់​កម្រឹត​ណា​នៅ​ក្នុង​អត្ថន័យ​ច្បាប់​ទូលំទូលាយ​មួយ​ ហើយ​តើ​រឿង​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​ខូច​ខាត​ដូច​ម្តេច​ខ្លះ​ដល់​ប្រទេស​សឹង្ហបូរី​ បើ​និយាយ​អំពី​ជំហរ​និង​អត្ថន័យ​ការ​ទូត​និង​កិត្តិសព្ទ​វិញ។​ ប្រទេស​សឹង្ហបូរី​ជា​អ្នក​ការ​ពារ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​យ៉ាង​ហ្មឺង​ម៉ាត់​ណាស់​ ថា​ជា​ប្រទេស​ប្រាកដ​ប្រជា​មួយ​ មាន​និតិរដ្ឋ​ត្រឹម​ត្រូវ​ និង​មាន​ប្រវត្តិ​ល្អ​ខាង​បរិដ្ឋាន»។

ប្រទេស​សឹង្ហបូរី​រំពឹង​ថា​នឹង​បន្ថែម​ដែន​ដី​ ទំហំ​រាប់​សិប​គីឡូម៉ែត្រ​ការ៉េ​ លើ​ព្រំដែន​របស់​ខ្លួន​នៅ​ក្នុង​ពេល​ ២០​ ឆ្នាំ​ខាង​មុខ​នេះ។​ ទំហំ​ដី​នេះ​នឹង​តម្រូវ​ឲ្យ​មាន​ការ​នាំចូល​ដី​ខ្សាច់​យ៉ាង​ច្រើន​ ហើយ​អាច​គំរាម​ទៅ​លើ​តំបន់​ជា​ច្រើន​ទៀត​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ នៅ​កន្លែង​ដែល​បទ​បញ្ជា​ទន់​ខ្សោយ​និង​អំពើ​ពុក​រលួយ​តាម​ផ្លូវ​ការ​ នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​បូម​ដី​ខ្សាច់​ដ៏​អន្តរាយ​នេះ​ជា​បន្ត​ទៅ​ទៀត៕

ប្រែ​សម្រួល​ដោយ​ កែរ យ៉ាន

XS
SM
MD
LG