ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ក្លូបល​វិតណេស​ថា​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​ការ​សម្លាប់​មនុស្ស


លោក​ឈុត វុទ្ធី ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​
លោក​ឈុត វុទ្ធី ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​

រដ្ឋាភិបាលកម្ពុជា​ និង​ក្រុមហ៊ុនឯកជន​នៅ​កម្ពុជា​ជាប់ទាក់ទង​ក្នុង​ការសម្លាប់​ជនរងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី ​និង​ការការពារ​ព្រៃឈើ។ ​នេះ​បើ​ផ្អែក​តាម​របាយការណ៍​របស់​អង្គការ​ការពារ​បរិស្ថាន​មួយ​របស់​ប្រទេស​អង់គ្លេស ក្លូបលវិតណេសស (Global Witness)។

របាយការណ៍​ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​បង្ហាញ​ថា ​ករណី​សម្លាប់​លោក​ឈុត វុទ្ធី ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​ជា​សកម្មជន​ការពារព្រៃឈើ​កម្ពុជា​យ៉ាង​ខ្លាំងក្លា​ស្ថិត​ក្នុង​ចំណោម​នោះ​ដែរ​និង​ការបាញ់​សម្លាប់​កុមារី ​ហេង ចន្ថា​ អាយុ​១៤​ឆ្នាំ ​ក្នុង​បញ្ហា​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ។

របាយការណ៍​ស្តីពី​ជម្លោះ​ដីធ្លី​ និង​ព្រៃឈើ​ក្នុង​ពិភពលោក​បាន​ស្រង់​តួលេខ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​បញ្ជាក់​ថា «នៅ​ប្រទេស​កម្ពុជា​ជន​រងគ្រោះ​ប្រាំបួន​នាក់​ ក្នុង​ចំណោម​១១​ករណី​ក្នុង​នោះ​ពីរ​ករណី​ត្រូវ​សម្លាប់​ក្នុង​ឆ្នាំ​២០១២ ​បាន​បង្ហាញ​ភស្តុតាង​យ៉ាង​រឹងមាំ​ថា ​ការ​សម្លាប់​ទាំង​នោះ​ត្រូវ​ប្រព្រឹត្ត​ដោយ​មាន​ការ​ជាប់ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ និង​រដ្ឋាភិបាល»។

Global Witness បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​ក្នុង​ការ​ប្រមូល​ពត៌មាន​ពិស្តារ​ជុំវិញ​ការ​ស្លាប់​របស់លោក​ឈុត វុទ្ធី។

លោក​ផៃ ស៊ីផាន រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​បាន​ហៅ​របាយការណ៍​របស់​អង្គការ Global Witness ថា​គ្រាន់​តែ​ជា​ការ​ចោទប្រកាន់​មួយ​ប៉ុណ្ណោះ។

«ជា​ការ​ចោទប្រកាន់​មួយ​របស់​មនុស្ស​មួយ​ក្រុម ​ពី​អ្នក​ដែល​មិន​ជា​អាជីព ​គឺ​មតិ​សង្ស័យ​របស់​គេ​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្ដែ​រឿង​នេះ​ជា​រឿង​ដាច់ដោយឡែក​ពី​គោលការណ៍​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​ប្រព្រឹត្តិ​ឡើង​ដោយសារ​ឯកជន​ផ្ទាល់​។ ​ដូច្នេះ​យើង​ឃើញ​ថា ​បុគ្គល​មួយ​ចំនួន​ធំ​ដែល​ប្រព្រឹតិ្ត​អំពើ​ឧក្រិដ្ឋកម្ម​នោះ​តែងតែ​ទទួល​បាន​នូវ​ទណ្ឌកម្ម​ពី​ប្រពន្ធ័​តុលាការ​របស់​កម្ពុជា»។

លោក ឈុត វុទ្ធី ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​នៅ​ស្រុក​មណ្ឌសីម៉ា ​ខេត្ត​កោះកុង បន្ទាប់​ពី​លោក​បាន​ទៅ​ពិនិត្យ​ការ​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ក្រុមហ៊ុន​មិន​ល្បី​ឈ្មោះ​មួយ​ឈ្មោះ ​ធីមប៊ឺគ្រីន ​នៅ​ក្នុង​ស្រុក​នេះ​។ ​លោក​អ៊ិន រតនា ​មន្ដ្រី​កងរាជ​អាវុធ​ហត្ថ​ម្នាក់​បាន​ស្លាប់​ក្នុង​ព្រឹត្តិការ​នោះ​ដែរ។

រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាការ​ចម្រុះ​មួយ​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​លើ​សោកនាដកម្ម​នេះ​ហើយ​បន្ទាប់​មក​បាន​បិទ​ការស៊ើបអង្កេត​របស់​ខ្លួន​ទៅ​វិញ​ ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្ដាហ៍ផង។ កាល​ពី​សប្ដាហ៍​មុន​ចៅក្រម​នៃ​តុលាការ​ខេត្ត​កោះកុង​ បាន​បញ្ជាក់​ថា ខ្លួន​កំពុង​បន្ត​ធ្វើការ​ស៊ើបសួរ​សាក្សី​ជុំវិញ​ឃាតកម្ម​នេះ​នៅ​ឡើយ។

លោក​ចាន់ សាវ៉េត ​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​ការរំលោភ​សិទ្ធិមនុស្ស​របស់​អង្គការ​អាដហុក​មាន​ប្រសាសន៍​ថា ​របាយការណ៍​របស់​អង្គការក្លូបលវិតណេ បាន​ឆ្លុះ​បញ្ចាំង​ថា ​រដ្ឋាភិបាល​មិន​បាន​ស៊ើប​អង្កេត​ពេញលេញ​លើ​ឃាតកម្ម​កន្លង​មក​នោះ​ទេ។ លោក​បាន​រៀបរាប់​ថា ​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​នោះ​មាន​សកម្មជន​សហគមន៍​ព្រៃឈើ ​ អ្នក​ការពារ​ដីធ្លី ​និង​សកម្មជន​នៃ​សហជីព​ផងដែរ។

លោក​ចាន់ សាវ៉េត ​ចាត់​ទុក​ថា ​វា​មាន​សារៈសំខាន់​ដែល​រដ្ឋាភិបាល​ខ្មែរ​ធ្វើ​ការ​ស៊ើបអង្កេត​រឿង​អស់​ ទាំង​នេះ​ឲ្យ​បាន​ពេញលេញ​ ដើម្បី​ជា​ការ​លើកស្ទួយ​សិទ្ធិ​មនុស្ស ​និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។​

មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុងដ៍ ក្លូបលវិតណេស លើក​ឡើង​ថា ​អំពើ​ពុករលួយ និង​អំពើ​ហិង្សា​ក្នុង​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​ត្រូវ​បាន​ចងក្រង​ជា​ឯកសារ​យ៉ាង​ច្រើន ​ប៉ុន្តែ​រដ្ឋាភិបាល ​និង​ប្រទេស​ម្ចាស់​ជំនួយ​បរាជ័យ​ក្នុង​ការ​លុបបំបាត់​បញ្ហា​ទាំង​នេះ។

របាយការណ៍​របស់​អង្គការក្លូបលវិតណេស ធ្វើ​ឡើង​ស្របពេល​ដែល​ក្រុម​មន្ដ្រី​មក​ពី​ប្រទេស​ចំនួន​១៣០ ​បាន​ជួប​ប្រជុំ​គ្នា​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែ​មិថុនា​នេះ នៅ​ក្នុង​ក្រុង​ រីយ៉ូ ដឺ ចេណេរ៉ូ (Rio de Janeiro) ប្រទេស​ប្រេស៊ីល ​អំពី​បញ្ហា​បរិស្ថាន។

អង្គការ​ដដែល​បន្ថែម​ថា ​ក្នុង​ពិភពលោក​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ស្លាប់​ចំនួន​ម្នាក់​ត្រូវ​បាន​សម្លាប់​រៀងរាល់​សប្ដាហ៍​ដោយសារ​តែ​ជម្លោះ​ដីធ្លី ​ជម្លោះ​ធនធាន​ធម្មជាតិ ​និង​ព្រៃឈើ៕

XS
SM
MD
LG