ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកសារ​សម្ងាត់​ចោទសួរ​ពី​របៀប​រកស៊ី​របស់​ក្រុមហ៊ុន​អូស្ត្រាលី​មួយ


ក្រុមហ៊ុន​BHP Billiton
ក្រុមហ៊ុន​BHP Billiton
ភ្នំពេញ៖​ កាសែត​របស់​អូស្ត្រាលី​មួយ​រាយការណ៍​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​មួយ​របស់​ក្រុមហ៊ុន​រ៉ែ​អូស្ត្រាលី​ដែល​កំពុង​ស្ថិត​ក្រោម​ការស៊ើប​អង្កេត​លើ​ការ​សូកប៉ាន់​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ទឹក​ប្រាក់​ចំនួន​៣,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ប៉ុន្តែ​មន្រ្តី​កម្ពុជា​បញ្ជាក់​ថា​មិន​មាន​បណ្តឹង​ណា​ត្រូវ​បាន​គេ​ដាក់​មក​នៅឡើយ​ទេ។

លោក​ឱម យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាលបាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​អង្គភាព​របស់​លោក​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្តឹង​ណាមួយ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មាន​ពាក់​ព័ន្ធ​នឹង​ប្រាក់​សំណូក​ចំនួន​៣,៥​លាន​ដុល្លារ​ជាថ្នូរ​នឹង​ការ​ផ្តល់​អាជ្ញាបណ្ណ​ដល់​ក្រុម​ហ៊ុន​រុករក​រ៉ែបុកស៊ីត​កាល​ពីឆ្នាំ២០០៦​នៅ​ឡើយទេ។​

ឆ្លើយ​តបទៅ​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ដែល​បាន​សួរ​ថា​តើ​អង្គភាព​ប្រឆាំ​ងអំពើ​ពុក​រលួយ​មាន​ការ​ស៊ើប​អង្កេត​ដែរ​ឬទេ​នៅពេល​ដែល​អត្ថបទ​របស់​ប្រទេស​អូស្រ្តាលី​បានចោទ​ប្រកាន់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ពាក់ព័ន្ធ​នឹង​ប្រាក់​សំណូក​ចំនួន​៣,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ​លោក​ឧិម យិនទៀង​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖

«​អូន​អ្នក​ចេញ​មុខ​ប្តឹង​មក​ខ្ញុំ​ឬ​ពីណា​ជាអ្នក​ចេញ​មុខប្តឹង​ដើម្បី​ខ្ញុំ​ស៊ើប​អង្កេត​នោះ»។​

កាសែត​របស់​ប្រទេស​អូស្តា្រលី​មួយ​ឈ្មោះThe Age​បាន​ចេញ​ផ្សាយ​នៅក្នុង​អត្ថបទ​របស់​ខ្លួន​មួយ​នៅ​ថ្ងៃ​ទី​២៦​ខែ​មិនា​ថា​កិច្ច​ចរចា​រុករក​រ៉ែ​មួយ​របស់​ក្រុមហ៊ុន​BHP Billiton ​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ធ្វើ​អធិបតី​ភាព​ដោយ​លោក​ហ៊ុន សែន ​បុរស​ខ្លាំង​របស់​កម្ពុជា។ នេះ​បើ​តាម​ទូរសារ​ការទូត​មួយ​ដែល​កាសែត​នេះ​បាន​ប្រើ​ប្រាស់​ជា​ប្រភព។
លោក​ឱម យិនទៀង​បាន​និយាយ​ថា​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។​

កាសែត​The Age​បាន​រាយការណ៍​ថា​ ប៉ូលិស​សហព័ន្ធ​អូស្រ្តាលី​និង​ក្រសួង​យុត្តិធម៌​អាមេរិក​កំពុង​ផ្តោត​ការ​ស៊ើប​អង្កេត​ក្រុម​ហ៊ុន​BHP Billiton​ ទាក់​ទង​នឹង​ករណី​នៃ​ការ​ព្យាយាម​រុករក​រ៉ែ​បុកស៊ីតមិន​បាន​សម្រេច​នៅ​ប្រទេស​កម្ពុជា​និង​ករណី​មួយ​ទៀត​របស់​ក្រុម​ហ៊ុន​នេះ​ទាក់​ទង​នឹង​កម្មវិធី​បដិសណ្ឋារកិច្ច​របស់​ខ្លួន​ដល់​ក្រុម​មន្ត្រី​ចិន​កាល​ពី​ការ​ប្រកួត​កីឡា​អូឡាំពិកឆ្នាំ​២០០៨។

ទូរសារ​ការ​ទូត​ជា​ច្រើន​ដែល​The Age ​ទទួល​បាន​ហើយ​ដែល​មាន​មួយ​ចំនួន​ត្រូវ​បាន​កំណត់​ថា​«រសើប»​និង​«​សម្ងាត់» បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​ជា​លើក​ដំបូង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ក្នុង​កិច្ច​ចរចា​ឆ្នាំ​២០០៦​ជា​មួយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​BHP ​ដែល​នាំ​ឱ្យ​គាត់​និយាយ​ប្រាប់​ដល់​ក្រុម​ដែល​បាន​ចូល​ជួប​ជា​លក្ខណៈ​ឯកជន​មួយ​ថា​លោក​នឹង​ផ្តល់​ឱ្យ​ «​ក្រុមហ៊ុន​BHP​នូវ​ដី​១​លាន​ហិកតា» ប៉ុន្មាន​សប្តាហ៍​មុន​ពេល​កិច្ច​ព្រមព្រាង​ត្រូវ​បានចុះ​ហត្ថលេខា និង «​អាច​ជា​ការ​វិនិយោគ​លើក​លែង​ពន្ធ​មួយ»។

ទូរសារ​ការទូត​ទាំង​នោះ​ក៏​បាន​បង្ហាញ​ឱ្យ​ដឹង​ពី​វិធី​ដែល​ក្រុមហ៊ុន​BHP​បាន​បញ្ឈប់​រាល់​ការ​រុករក​រ៉ែ​នៅ​កម្ពុជា​ត្រឹម​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ​បន្ទាប់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាល​ពី​ឆ្នាំ​២០០៩​ដែល​បាន​គូស​បង្ហាញ​ពី​ការ​បង់ប្រាក់​របស់​ក្រុមហ៊ុន​ចំនួន​៣,៥​លាន​ដុល្លារ​អាមេរិក​ឱ្យ​ក្រសួង​រដ្ឋាភិបាល​កម្ពុជា​នានា​និង​ការ​បារម្ភ​ថា​ជា​ការ​ចំណាយ​មួយ​ដែល​មិន​អាច​រក​អ្នក​ទទួល​ខុស​ត្រូវ​ឃើញ។

ការ​បង់​ប្រាក់​នេះ​ត្រូវ​បាន​រៀបរាប់​ដោយ​អ្នក​នយោបាយ​កម្ពុជា​ម្នាក់​ក្នុង​របាយការណ៍​របស់​អង្គការ​Global Witness ​ថា​ជា​«​លុយ​ទឹក​តែ» ដែល​ជា​ប្រយោគ​មួយ​ប្រើ​នៅ​ពេល​ខ្លះ​នៅ​អាស៊ី​ដើម្បី​ពណ៌នា​ពី​ការ​ស៊ី​សំណូក។

កាសែត​ដដែល​បាន​បញ្ជាក់ថា​ពុំ​មាន​ភស្តុតាង​ដែល​បាន​បញ្ជាក់​ថា​មាន​ចំណែក​ណា​មួយ​នៃ​លុយ​នេះ​ត្រូវ​បាន​ផ្តល់​ទៅ​លោក​ហ៊ុន សែន ​ឬ​ក៏​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ទេ​ ហើយ​លោក​បាន​បដិសេធ​របាយការណ៍​ដែល​ថា​ក្រុមហ៊ុន​BHP​បាន​ពាក់ព័ន្ធ​នឹង​ការសូកប៉ាន់​នៅ​ប្រទេស​កម្ពុជា​ដែរ។

លោក​ ព្រាប កុល​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាននិយាយថាលោក​មិន​បាន​ដឹង​លម្អិត​ពាក់ព័ន្ធ​នឹង​ដំណើរ​រឿង​នេះ​ទេ​គឺគ្រាន់តែ​ដឹង​តាម​ទំព័រ​សារព័ត៌មាន​តែប៉ុណ្ណោះ​ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ថា​បញ្ហា​ផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុម​ហ៊ុន​ធំៗ​នៅ​កម្ពុជា​មិន​សូវ​មាន​តម្លាភាព​ទេ​ក្នុង​ពេល​កន្លង​មក។​

«យើង​មាន​សំណួរ​ជាច្រើន​ទាក់​ទឹន​នឹង​នីតិវិធី​នៃ​ការ​ជ្រើសរើស​ក្រុម​ហ៊ុន​ក្នុង​ការ​ផ្តល់​សិទ្ធិ​និង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្តល់​អាជ្ញាបណ្ណ។ ​យើង​មិន​មាន​ការ​ដេញ​ថ្លៃ​ឬក៏​ការ​ប្រកាស​ឱ្យ​មាន​ការ​ចូលរួម​ពី​ដៃគូ​ប្រកួត​ប្រជែង​ផ្សេងៗ​អញ្ចឹង​វាជា​ការ​ខ្វះ​នូវ​តម្លាភាព​នៅ​ក្នុង​ដំណើរ​ការ​ធ្វើ​កិច្ច​ការ​ងារ​ហ្នឹង​ដែល​យើង​ពិបាក​ក្នុង​ការ​ដឹង​ពី​ព័ត៌មាន​ឱ្យ​បាន​ស៊ីជម្រៅ»។​

កាល​ពីឆ្នាំ​២០១២​សារ​ព័ត៌មាន​The Age​ដដែល​បានចុះ​ផ្សាយ​ថា​លោក​ឧកញ៉ា ហ៊ុន តូ​ក្មួយប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​លាង​លុយ​កខ្វក់​និង​រត់ពន្ធ​ថ្នាំ​ញៀន​ទៅ​កាន់​ប្រទេស​អូស្តា្រលី។​
លោក​ឧកញ៉ា​ ហ៊ុន តូ​ធ្លាប់​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ហើយ​បាន​ព្រមាន​ថា​នឹង​ប្តឹង​សារ​ព័ត៌មាន​The Age៕
XS
SM
MD
LG