ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមសិទ្ធិ​មនុស្ស​សុំ​ឱ្យ​មាន​ការស៊ើប​អង្កេត​ការសម្លាប់​លោក​ឈុត វុទ្ធី


មន្ត្រី​ការពារ​សិទ្ធ​មនុស្ស​និង​មន្ត្រី​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​សង្ស័យ​ការ​បាញ់​សម្លាប់​អ្នកការពារ​ធនធាន​ធម្មជាតិ​ព្រៃឈើ​ដ៏ឆ្នើម​គឺ​លោក ឈុត វុទ្ធី​មាន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋជន​ព្រៃឈើ​ដោយ​បាន​ទទូច​ដល់​អាជ្ញាធរ​ស៊ើប​អង្កេត​ឲ្យ​បាន​ដិត​ដល់​ក្នុង​ការនាំខ្លួន​ជន​ប្រព្រឹត្ត​ល្មើស​មក​កាត់ទោស​តាម​ច្បាប់។

មន្ត្រី​ការពារ​ធនធាន​ធម្មជាតិ​និង​សិទ្ធិ​មនុស្ស​ថ្លែង​ថា​លោក ​ឈុត វុទ្ធី​អាយុ​៤៣​ឆ្នាំ​ មាន​ជម្លោះ​ជាមួយ​មន្ត្រី​ប៉េអឹម​ម្នាក់​ដែល​បាញ់​សម្លាប់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​រយៈពេល​៣ថ្ងៃ​ដែល​លោក​វុទ្ធី​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកោះកុង​ដើម្បី​ស៊ើប​អង្កេត​រឿង​កាប់ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​សោម​ខេត្ត​កោះ កុង។ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​អាជ្ញាធរ​និង​ មន្ត្រី​សិទ្ធិ​មនុស្ស។

លោក​ សុខ ហេង​ នៃ​អង្គការ​បណ្តាញ​សហគមន៍​កម្ពុជា​ជា​ដៃគូ​ជាមួយ​ លោក ឈុត វុទ្ធី​បានថ្លែង​ថា​ការស៊ើប​អង្កេត​មួយ​ដ៏​មាន​តម្លាភាព​និង​ចាប់​ខ្លួន​អ្នក​នៅ​ពី​ក្រោយ​នៃ​ការបាញ់​ប្រហារ​ដើម្បី​បំបាត់​វប្បធម៌​គ្មានទោសពៃរ៍​គឺ​ជា​រឿង​សំខាន់​សម្រាប់​ក្រុម​អ្នកសេ្នហា​ជាតិ​ អ្នកតស៊ូ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ។​ លោក សុខ ហេង​បាន​ផ្តល់តម្រុយ​ថា​លោក ​ឈុត វុទ្ធី​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ការយាយី​អាយុ ​ជីវិត​ពី​ឧក្រិដ្ឋជន​ព្រៃឈើ​តាំងពី​គាត់​ប្រឡូកចូល​ក្នុង​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ​នេះ។

«តាម​ពិត​ខ្ញុំ​ដឹង​គាត់​ធ្លាក់​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រុមល្មើស​ ក្រុមឧក្រិដ្ឋកម្ម​ព្រៃឈើ​យូរ ​ហើយ​តាម​ខ្ញុំ​ដឹង។​ យើង​ដើរ​ជាមួយ​គាត់​ច្រើន​ទៅ​យើង​ដឹង»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​បញ្ហា​បង្ក​ទៅជា​ជម្លោះ​នោះ​គ្រាន់តែ​ជា​មូលហេតុ​ដើម្បី​បង្ក​ហេតុ​ដើម្បី​ឲ្យ​មាន​ការបាញ់​សម្លាប់​ប៉ុណ្ណោះ​នៅ​ពេល ​លោក​ ឈុត វុទ្ធី​ជា​គោលដៅ​យូរ​ហើយ​នោះ។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត​កោះកុង​បាន​រាយការណ៍​ថា​លោក​ ឈុត វុទ្ធី ​ត្រូវ​មន្ត្រី ​ប៉េអឹម​ម្នាក់​ឈ្មោះ​ អ៊ិន រតនា​បាញ់​សម្លាប់​ពេល​លោក​វុទ្ធី​បដិសេធ​មិនព្រម​ឲ្យ​កាត​មែមម៉ូរី​ក្នុង​ម៉ាស៊ីន​ថតរូប​របស់​លោក​ដែល​លោក​បាន​ថតរូប​នានា​ទាក់ទង​នឹង​សកម្មភាព​បទល្មើស​ព្រៃឈើ​នោះ។​ ហើយ​មន្ត្រី​ប៉េអឹម​នោះ​ត្រូវ​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​ដែរ។ អ្នកសារព័ត៌មាន​ The Cambodia Daily​ ២​នាក់​មាន​បរទេស​ម្នាក់​ដែល​រួម​ដំណើរ​នោះ​មាន​សុវត្ថិភាព​ក្រោយ​ពី​ត្រូវ​ឃាត់​ខ្លួន​មួយ​រយៈពេល​ខ្លី។ ការបាញ់​សម្លាប់​នោះ​គឺ​កើត​ឡើង​នៅ​តំបន់​វាលបី​ ភូមិ​កោះ​ប៉ោ ​ឃុំបាក់ខ្លង ​ស្រុក​មណ្ឌល​សីម៉ា​ ខេត្ត​កោះកុង​នៅ​តាមផ្លូវ​មក​ពី​កន្លែង​កាប់​បំផ្លាញ​ព្រៃឈើ។

លោក ​អ៊ិន គង់ជិត ​មន្ត្រី​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​លីកាដូ​ក្នុង​ខេត្ត​កោះកុង ​បាន​រៀបរាប់​ពី​សកម្មភាព​របស់​លោក​ ឈុត វុទ្ធី​ថា៖

«គាត់​បាន​ចុះ​មក​ខេត្ត​កោះកុង​នេះ​បី​ថ្ងៃ​ហើយៗ​តាំងពី​ថ្ងៃច័ន្ទ​មក។​ ហើយ​ពី​ម្ស៉ិលម៉ិញ​ព្រឹក​គាត់​ទៅ​ចំណុច​អូសោម ​គឺជា​តំបន់​ដែល​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ច្រើន​ បាន​នាំ​អ្នក​សារព័ត៌មាន​យើង​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​នោះ​បាទ​ហើយ​ជា​អកុសល​នៅពេល​ព្រឹកម៉ិញ​ម៉ោង៩​ ចេញពី​អូសោម​ហ្នឹង​ មក​ដល់​ចំណុច​ហ្នឹង​ក៏​មាន​រឿង​ហ្នឹង​កើត​ហេតុ​តែ​ម្តង»។

លោក អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ដែល​ធ្លាប់​បាន​ធ្វើការ​ជាមួយ​លោក​ឈុត វុទ្ធី​បាន​អះអាង​ថា​ឃាតកម្ម​នេះ​មាន​ការសង្ស័យ​ច្រើន​ ហើយ​ជា​ការបាត់បង់​សម្រាប់​ធនធាន​ធម្មជាតិ​ប្រទេស​កម្ពុជា។

«ជារឿង​មួយ​ដែល​ខ្ញុំ​មើល​ទៅ​យើង​បាត់​បង់​មនុស្ស​ដ៏​ក្លាហាន​ម្នាក់​ដែល​មាន​ឆន្ទៈ​ចង់​ការពារ​ព្រៃឈើ​ប្រទេស​កម្ពុជា​យើង។​ គាត់​ធ្លាប់​និយាយ​ជា​ច្រើន​ដង​ថា​គាត់​ប្រហែល​ជា​បើ​មិន​ជាប់​គុក​ទេ​ប្រហែល​ជា​គេ​សម្លាប់»។​

ក្រៅពី​បន្ថែម​ថា​អ្នកសារព័ត៌មាន​ពីរ​នាក់​គឺ​នាង​ ភន បុប្ផា ​និង​ ស្រី​ជន​បរទេស​ម្នាក់​ជា​សាក្សី​ដ៏​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវ​ការពារ​ពួកគាត់ ​លោក អ៊ូ វីរៈ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ក្នុង​រឿង​ឃាតកម្ម​នេះ​ដែល​ដឹកនាំ​ដោយ​អាជ្ញាធរ​ថ្នាក់​ជាតិ។

«ព្រោះអី​បើសិន​យើង​ពឹង​ផ្នែក​ទៅលើ​អាជ្ញាធរ​នៅ​ខេត្ត​កោះកុង​ ខ្ញុំថា​ពួក​គាត់​មិន​អាច​ធ្វើ​ដោយ​ឯករាជ្យ​បាន​ទេ​បាទ។​ ដោយសារ​ប៉េអឹម​ជា​ភាគី​មួយ​ក្នុង​បញ្ហា​នេះ​ផង​ដែរ។​ដូច្នេះ​បើ​មាន​អាជ្ញាធរ​មូលដ្ឋាន​ ទោះជា​គាត់​អត់មាន​ការ​ពាក់ព័ន្ធ​ក៏​គាត់​មិន​ហ៊ាន​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​ដែរ»។

លោក​ Partric Alley​ នាយក​នៃ​អង្គការ​ការពារ​បរិដ្ឋាន​ពិភពលោក​ ហៅថា ​Global Witness ​បាន​ហៅ​ការបាញ់​សម្លាប់​លោក​ ឈុត វុទ្ធី​ជា​ព្រឹត្តិការណ៍​រន្ធត់​និង​សោកនាដកម្ម ​ដោយ​ចាត់​ទុក​ថា​លោក ឈុត វុទ្ធី​ជា​សកម្មជន​ដ៏​កម្រ​ផ្នែក​ការពារ​បរិដ្ឋាន​ធនធាន​ធម្មជាតិ​ ក្នុង​ប្រទេស​កម្ពុជា។​ លោក​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​មិនត្រូវឈរ​ឱប​ដៃ​មើល​ទេ​ តែ​ត្រូវ​មាន​សកម្មភាព​ជា​បន្ទាន់​ចំពោះ​អ្នកមាន​អំណាច​ជនកាប់ឈើ​ខុស​ច្បាប់​និង​អ្នករឹបអូស​ដីធ្លី​ប្រជា​ពលរដ្ឋ។

«រដ្ឋាភិបាល​ថ្នាក់​ជាតិ​និង​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​ត្រូវតែថ្កោលទោស​ជា​សាធារណៈ ​ចំពោះ​ការសម្លាប់​លោក​ ឈុត វុទ្ធី​ ហើយ​ចាត់​វិធានការ​បន្ទាន់​ដើម្បី​នាំខ្លួន​ជនល្មើស​មក​កាត់ទោស»។

លោក ​វរៈសេនីយ៍​ឯក​ខេង ទីតូ​ មន្រ្តី​អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស ​ឬ​ប៉េអឹម​ផ្ទៃ​ប្រទេស​អះអាង​ថា​មន្ត្រី​អាវុធហត្ថ​កំពុង​ស៊ើបអង្កេត​ដើម្បី​ឈាន​ដល់​ចំណុច​សន្និដ្ឋាន​ជូន​អ្នកដឹកនាំ​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ផ្ទៃ​ប្រទេស។ លោក​អះអាង​ថា​លោក​ពុំទាន់​បាន​ទទួល​ព័ត៌មាន​អ្វី​ជា​លាយល័ក្ខអក្សរ​ដែរ​មក​ដល់​ពេល​នេះ។

«តាម​ព័ត៌មាន​ជំហាន​ដំបូង​ដែល​ខ្ញុំបាន​ទទួល​នៅ​កន្លែង​កើតហេតុ​នោះ​គេ​បាន​ឲ្យដឹង​ថា​មាន​ជម្លោះ​រវាង​មន្ត្រី​អាវុធហត្ថ​ដែល​ចុះ​អនុវត្ត​ច្បាប់​ចុះ​អនុវត្ត​ភារកិច្ច​ហ្នឹង​ គាត់​ក៏​ប៉ះពាក្យ​សំដី​ជាមួយ​ខាង​មន្ត្រី​ការពារ​ ធនធាន​ធម្មជាតិ​រហូត​ដល់ ​ជម្លោះ​ហ្នឹង​មាន​ការ​ផ្ទុះ​អាវុធ»។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​ បណ្ឌិ ឡៅ ម៉ុងហៃ​អ្នកវិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​សង្កេត​ឃើញ​មាន​កំណើន​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​ការ​បាញ់​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​រឿង​ដីធ្លី​ បាញ់​កម្មករ​នៅ​ខេត្តស្វាយរៀង​ និង ​បាញ់ ​សម្លាប់​អ្នកការពារ​បរិដ្ឋាន​នៅ​កោះកុង​ក្រៅពី​អំពើ​ហិង្សា​ដទៃ​ទៀត។ លោក​ទទូច​ឲ្យ​មាន​ ការបញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​ប្រទេស​ដែល​នាំ​ឲ្យ ​មាន​កង្វល់​ ពី​ប្រជា​ពលរដ្ឋ​ទាក់ទង​នឹង​សន្តិសុខ។

លោក ឈុត វុទ្ធី​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បាន​ចូលរួម​ដឹកនាំ​ប្រជា​ពលរដ្ឋ​ក្នុង​ការតវ៉ា​ការកាប់​បំផ្លាញ​ព្រៃឈើ​និង​ការរឹបអូស​ដីធ្លី​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ ជាច្រើន​ខេត្ត​ជាពិសេស​នៅ​តំបន់​ព្រៃឡង់ ​ខេត្ត​កំពង់ធំ ​កាលពី​ខែថ្មីៗ​នេះ៕

XS
SM
MD
LG